ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជូនដំណឹងពីកម្មវិធីពន្លឿន និងអភិវឌ្ឍធុរកិច្ចថ្មីឌីជីថល រដូវកាលទី២

10-02-2026 17:24

(ភ្នំពេញ)៖ ក្នុងទិសដៅបន្តចូលរួមចំណែកលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីឌីជីថល និងប្រែក្លាយកម្ពុជា ជាមជ្ឈមណ្ឌលនវានុវត្តន៍ឌីជីថលមួយនៅក្នុងតំបន់ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានសហការជាមួយមជ្ឈមណ្ឌលបច្ចេកវិទ្យា Plug and Play កម្ពុជា និងមជ្ឈមណ្ឌលបច្ចេកវិទ្យា AUPP Technology Center (ATC) នឹងរៀបចំកម្មវិធីពន្លឿន និងអភិវឌ្ឍធុរកិច្ចថ្មីឌីជីថល រដូវកាលទី២ «Innovate Cambodia Accelerator Program Batch 2» ក្នុងខែមេសា ឆ្នាំ២០២៦។

កម្មវិធីនេះ រៀបចំឡើងក្នុងគោលបំណងជំរុញ និងផ្តល់ឱកាសដល់ធុរកិច្ចថ្មីឌីជីថល ទទួលបានការបណ្តុះបណ្តាលពន្លឿនអាជីវកម្ម អភិវឌ្ឍផលិតផលឌីជីថល និងពង្រីកខ្លួនទៅកាន់ទីផ្សារក្នុងតំបន់ ក៏ដូចជាឱកាសចាប់យកវិនិយោគទុនពីក្នុងនិងក្រៅប្រទេស។

ទន្ទឹមនឹងនេះ ភាពជោគជ័យនៃកម្មវិធីពន្លឿននិងអភិវឌ្ឍធុរកិច្ចថ្មីឌីជីថល រដូវកាលទី១ គឺជាចំណុចដ៏សំខាន់នៅក្នុងជំហានវិវត្តជាវិជ្ជមានរបស់ធុរកិច្ចថ្មីឌីជីថលកម្ពុជា ដោយបានផ្សារភ្ជាប់ស្ថាបនិកធុរកិច្ចថ្មីក្នុងស្រុកទៅកាន់គ្រូបង្វឹក ក្រុមហ៊ុន និងអ្នកវិនិយោគអន្តរជាតិ តាមរយៈបណ្តាញ និងដៃគូសហការអន្តរជាតិនានារបស់ Plug and Play ក្នុងនោះដែរ ធុរកិច្ចថ្មីឌីជីថល Bamnang Academy ត្រូវបានមជ្ឈមណ្ឌលបច្ចេកវិទ្យា Plug and Play ជ្រើសរើសជាក្រុមហ៊ុនទី១ របស់កម្ពុជា ដើម្បីវិនិយោគនិងជំរុញឱ្យក្លាយទៅជាក្រុមហ៊ុនកម្រិតអន្តរជាតិមួយនៅក្នុងតំបន់។ បន្ថែមពីនេះមជ្ឈមណ្ឌលបច្ចេកវិទ្យា Plug and Play ក៏កំពុងតែជ្រើសរើសធុរកិច្ចថ្មីឌីជីថល រដូវកាលទី១ បន្ថែមទៀត ដើម្បីធ្វើការវិនិយោគផងដែរ។

កម្មវិធីពន្លឿននិងអភិវឌ្ឍធុរកិច្ចថ្មីឌីជីថលនេះនឹងបើកជូនធុរកិច្ចថ្មីឌីជីថលទាំងអស់ ចុះឈ្មោះចូលរួមចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦។ អាស្រ័យហេតុនេះ ធុរកិច្ចថ្មីឌីជីថលទាំងអស់ដែលមានចំណាប់អារម្មណ៍ចូលរួមកម្មវិធីនេះ សូមដាក់ពាក្យសើ្នសុំតាមរយៈតំណរភ្ជាប់ https://go.gov.kh/mptc/pnp-icap។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកអ៊ីមែល [email protected] ឬទូរសព្ទលេខ ០៩៦ ២៥៧ ០៥១៥ / ០៨៧ ៩៣០ ៥០១៕