តំណាងរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន អញ្ជើញបើកការដ្ឋានការងារលើកកម្រិតគុណភាពផ្លូវក្រាលកៅស៊ូពីរជាន់ ១ខ្សែ ប្រវែងជិត ៨០០ម៉ែត្រ, ស្ថាបនាលូប្រអប់ ២កន្លែង និងសំណង់ដោះទឹករាងអក្សរអ៊ុយ ប្រវែង ៣០០ម៉ែត្រ នៅឃុំកណ្តោក ស្រុកកណ្តាលស្ទឹង
10-02-2026 19:24
(កណ្តាល)៖ លោក ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ តំណាងលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅរសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកការដ្ឋានការងារលើកកម្រិតគុណភាពផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន ១ខ្សែ ប្រវែង ៧៥០ម៉ែត្រ ទទឹង៧ម៉ែត្រ ចិញ្ចើមផ្លូវក្រាលដីល្បាយថ្មសងខាង ម្ខាងៗ១ម៉ែត្រ កម្រាស់០,២ម៉ែត្រ ស្ថាបនាលូប្រអប់ ចំនួន២កន្លែង និងសំណង់ដោះទឹករាងអក្សរអ៊ុយ (U) ប្រវែង៣០០ម៉ែត្រ ស្ថិតនៅភូមិជ្រៃយោង ឃុំកណ្តោក ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
ពិធីបើកការដ្ឋាននេះមានការអញ្ជើញចូលរួមផងដែរពីតំណាងនាយកដ្ឋានផ្លូវលំជនបទ, ក្រុមការងារ គ.ត.វ នៃក្រសួងអភិវឌ្ឍន៍ជនបទ, ក្រុមការងារនាយកដ្ឋានវិស្វកម្ម នៃក្រសួងការពារជាតិ, ក្រុមការងារមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល ព្រមទាំង ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន អាជ្ញាធរមូលដ្ឋានភូមិ-ឃុំ និងប្រជាពលរដ្ឋរស់នៅសងខាងផ្លូវនេះ។
នាឱកាសនោះដែរ លោក ឈឹម សៅគី បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលរស់នៅសងខាងផ្លូវ និងពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ប្រកបដោយមនោសញ្ចេតនា សេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅបំផុត និងពរសព្ទសាធុការពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងលោក ឆាយ ឫទ្ធិសែន។
លោក ឈឹម សៅគី បានឱ្យដឹងថា ផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន១ខ្សែ ប្រវែង ៧៥០ម៉ែត្រ ស្ថិតនៅភូមិជ្រៃយោង ឃុំកណ្តោក ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ត្រូវបានបើកការដ្ឋានលើកកម្រិតគុណភាពជាផ្លូវក្រាលកៅស៊ូពីរជាន់ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូនកសិផល និងសេវាសាធារណៈនានា បង្កើនការតភ្ជាប់រវាងភូមិ ទៅភូមិ និងឃុំទៅឃុំ និងអាចប្រើប្រាស់បានគ្រប់រដូវកាល ដោយចំណេញបានទាំងពេលវេលា និងថវិកា ជាពិសេសដើម្បីជួយលើកម្ពស់ការផ្ដល់សេវាទេសចរណ៍ក្នុងតំបន់។
លោក ឈឹម សៅគី បានបន្ថែមថា ពិធីបើកការដ្ឋាននាពេលនេះអាចប្រព្រឹត្តទៅបានគឺដោយសារគុណបំណាច់នៃ «សុខសន្តិភាព» ដែលកើតចេញពីការលះបង់ដ៏ធំធេង និងការខិតខំប្រឹងប្រែងឥតឈប់ឈរដើម្បីជាតិ និងប្រជាជន ដោយយកជីវិតធ្វើជាដើមទុនរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាបិតាសន្តិភាព ស្ថាបនិកមគ្គុទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះ ឈ្នះ ដែលនាំមកនូវសន្តិភាព និងឯកភាពជាតិពេញលេញទូទាំងប្រទេស និងក្រោមការបន្តវេនដឹកនាំប្រកបដោយភាពឈ្លាសវៃ ប្រកបដោយគតិបណ្ឌិត និងប៉ិនប្រសប់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។
ជាមួយគ្នានេះ លោក ឈឹម សៅគី ក៏បានជម្រាបជូនប្រជាពលរដ្ឋជ្រាបថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវគោលការណ៍ «ពង្រឹង ៧០% និងពង្រីក ៣០%» ក្នុងគោលដៅពិនិត្យឡើងវិញ និងកែលម្អនូវសមត្ថភាព ដើម្បីលើកកម្ពស់ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព នៃការអភិវឌ្ឍប្រទេសជាតិស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលបានកំណត់អាទិភាពគន្លឹះ ៥គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល ក្រោមបាវចនាដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ក្នុងគោលដៅអភិវឌ្ឍប្រទេសឈានឆ្ពោះទៅសម្រេចចក្ខុវិស័យ «កម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០»។
ដើម្បីរួមចំណែកអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រសួងអភិវឌ្ឍន៍ជនបទ បានដាក់ចេញនូវគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍជនបទ ឆ្នាំ២០២៥-២០៣៥ ដោយបានកំណត់ចក្ខុវិស័យ «កសាងសង្គមជនបទកម្ពុជាឱ្យមានវិបុលភាពប្រកបដោយបរិយាបន្ន និងចីរភាព ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌» ដែលមានគោលដៅចម្បងចំនួន៥គឺ (១) ប្រជាជនមានជីវភាពរស់នៅសមរម្យ (២) ប្រជាជនមានសុខភាពមាំមួន (៣) ប្រជាជនរស់នៅក្នុងភាពថ្លៃថ្នូរ (៤) គ្រប់ភូមិឋានទាំងអស់នៅតំបន់ជនបទមានហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែងប្រកបដោយភាពធន់ និង(៥) គ្រប់ភូមិឋានទាំងអស់នៅជនបទមានអភិបាលកិច្ចល្អ ព្រមទាំងបានកំណត់យុទ្ធសាស្រ្តគន្លឺះចំនួន ៥គឺ (១) ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងគមនាគមន៍ជនបទប្រកបដោយភាពធន់ (២) ការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់ប្រជាជននៅតំបន់ជនបទ (៣) ការអភិវឌ្ឍសហគមន៍ជនបទ និងចលនាភូមិគំរូ (៤) ពិពិធកម្មសេដ្ឋកិច្ចជនបទនិងនវានុវត្តន៍ការងារ និង (៥) ការពង្រឹងស្ថាប័ន។
ទន្ទឹមនេះ លោក ឈឹម សៅគី ក៏បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត តាមរយៈលោករដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន ចែកជូនដល់មេឃុំ, ក្រុមប្រឹក្សាឃុំ មេភូមិ និងប្រជាពលរដ្ឋរស់នៅសងខាងផ្លូវ ដែលបានចូលរួមដោយម្នាក់ៗទទួលបានក្រមាមួយ និងថវិកាមួយចំនួន និងបានសំណូមពរដល់ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានយោគយល់ និងអធ្យាស្រ័យដល់ក្រុមការងារសាងសង់ផ្លូវ ក្នុងករណីមានការប៉ះពាល់ដោយប្រការណាមួយក្នុងអំឡុងពេលសាងសង់ផ្លូវក្រាលកៅស៊ូពីរជាន់មួយខ្សែនេះផងដែរ៕






































