អ្នកជំនាញជាតិ និងអន្តរជាតិ ជួបជុំគ្នាពិគ្រោះយោបល់ផ្នែកច្បាប់ នៃដំណើរឆ្ពោះទៅកាន់គំនិតផ្តួចផ្តើម គ្រប់គ្រងពាណិជ្ជកម្មយុទ្ធសាស្ត្រ អាវុធមហាប្រល័យនៅកម្ពុជា
10-02-2026 19:29
(ភ្នំពេញ)៖ អ្នកជំនាញការជាតិ និងអន្តរជាតិ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ បានជួបជុំគ្នា ក្នុងសិក្ខាសាលាស្តីពី «ការពិគ្រោះ យោបល់ផ្នែកច្បាប់ នៃដំណើរឆ្ពោះទៅកាន់គំនិត ផ្តួចផ្តើមគ្រប់គ្រងពាណិជ្ជកម្មយុទ្ធសាស្ត្រ អាវុធមហាប្រល័យ» ដែលបាននិងកំពុងប្រព្រឹត្តទៅ ដើម្បីបង្ហាញ និងពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការគ្រប់គ្រងពាណិជ្ជកម្ម យុទ្ធសាស្ត្រអាវុធមហាប្រល័យ។
សិក្ខាសាលានេះ ដំណើរការក្នុងរយៈពេល២ថ្ងៃកន្លះ ដែលសហការរៀបចំដោយ កម្មវិធីត្រួតពិនិត្យការនាំចេញនិងសន្តិសុខព្រំដែន នៃក្រសួងការបរទេសសហរដ្ឋអាម៉េរិកប្រចាំតំបន់ និងអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិអាវុធគីមី។ ហើយនេះគឺជាសិក្ខាសាលាលើកទី២ ដែលបន្តពីសិក្ខាសាលាដំបូង ដែលត្រូវបានធ្វើឡើងកាលពីថ្ងៃទី២៩-៣០ ខែកញ្ញា ឆ្នាំ២០២៥។
នាយឧត្តមសេនីយ៍បណ្ឌិត ផន ណារ៉ា អគ្គលេខាធិការ អាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម បានថ្លែងក្នុងឱកាសបើកសិក្ខាសាលានេះថា
គំនិតផ្តួចផ្តើមនេះ គឺជាកិច្ចការដ៏សំខាន់មួយសម្រាប់កម្ពុជា។
គំនិតផ្តួចផ្តើមនេះ មិនត្រឹមតែបង្ហាញពីភាព ជាដៃគូរវាងកម្ពុជា សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងការិយាល័យអង្គការសហប្រជាជាតិ សម្រាប់កិច្ចការរំសាយអាវុធ និងដៃគូក្នុងតំបន់ និងអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកាលានុវត្តភាព ឈ្នះ-ឈ្នះ សម្រាប់យើងទាំងអស់គ្នាផងដែរ។
លោកបន្ដថា ដើម្បីអនុវត្តកិច្ចការនេះ កម្ពុជាកំពុងចាប់យកកាលានុវត្តភាពនេះ ដើម្បីពិនិត្យ និងពង្រឹងក្របខណ្ឌច្បាប់ បទប្បញ្ញត្តិ និងស្ថាប័ន និងសម្របខ្លួនរបស់យើង ទៅនឹងឧត្តមានុវត្តន៍អន្តរជាតិ នៃយុទ្ធសាស្ត្រគ្រប់គ្រង ពាណិជ្ជកម្មអាវុធមហាប្រល័យ។
នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា បានចាត់ទុកឱកាសនេះថា ជាការចាប់ផ្តើមទំព័រសករាជថ្មីសម្រាប់កម្ពុជា និងដៃគូរបស់ខ្លួន ដែលត្រូវបានកំណត់តាមរយៈ ភាពជាដៃគូ ភាពធន់ និងចក្ខុវិស័យ។
ដោយអនុវត្តយុទ្ធសាស្ត្រគ្រប់គ្រងពាណិជ្ជកម្មអាវុធមហាប្រល័យ កម្ពុជានឹងធានាថា វឌ្ឍនភាពសេដ្ឋកិច្ចនឹងមិនអាច បំបែកចេញបាន ពីការទទួលខុសត្រូវរបស់ខ្លួន នៅក្នុងការទប់ស្កាត់ ការរីកសាយភាយអាវុធមហាប្រល័យ និងគ្រឿងសព្វាវុធពាក់ព័ន្ធ ការប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះសន្តិសុខក្នុងតំបន់ និងជាដៃគូអាចទុកចិត្តបាននៅក្នុងសហគមន៍ពិភពលោកឡើយ៕



































