មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម ណែនាំអាជីវករ ត្រូវលក់ជី ឬថ្នាំកសិកម្មដែលមានច្បាប់ ដើម្បីការពារផលប្រយោជន៍កសិករ និងការនាំចេញ
10-02-2026 19:35
(សៀមរាប)៖ លោក គង់ ច័ន្ទវាសនា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណែនាំដល់អាជីវករទាំងអស់ ឱ្យប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ ដោយលក់ដូរតែប្រភេទជី និងថ្នាំកសិកម្មណាដែលបានចុះបញ្ជីការត្រឹមត្រូវ និងមានប្រភពច្បាស់លាស់តែប៉ុណ្ណោះ ជៀសវាងដាច់ខាតនូវការលក់ផលិតផលដែលគ្មានប្រភពច្បាស់លាស់ ឬប្រភេទដែលច្បាប់ហាមឃាត់។
លោកបានបន្តថា ព្រោះការប្រើប្រាស់ថ្នាំកសិកម្មខុសបច្ចេកទេស មិនត្រឹមតែធ្វើឱ្យខូចខាតដល់ដំណាំ និងប៉ះពាល់សុខភាពកសិករផ្ទាល់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាឧបសគ្គធំដល់ការនាំចេញកសិផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។
ការណែនាំយ៉ាងដូច្នេះរបស់លោក គង់ ច័ន្ទវាសនា នៅក្នុងពិធីបើកវគ្គអប់រំសមត្ថភាពវិជ្ជាជីវៈស្តីពីបទដ្ឋានគតិយុត្ត នីតិវិធី និងវិធានបច្ចេកទេសសម្រាប់ការធ្វើអាជីវកម្មថ្នាំកសិកម្ម និងជីកសិកម្ម នាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ដោយមានការចូលរួមពីលោក អ៉ឹង គឹមលាង អភិបាលរងខេត្តសៀមរាប និងលោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ព្រមទាំងមានការចូលរួមពីភាគីពាក់ព័ន្ធជាច្រើនផងដែរ។
លោកបានបន្តថា ម្ចាស់ដេប៉ូ និងអាជីវករ ជួយពន្យល់កសិករឱ្យយល់ដឹងពីការជ្រើសរើសទិញតែផលិតផលដែលមានចុះបញ្ជីការត្រឹមត្រូវ ផលិតផលដែលឆ្លងកាត់ការធ្វើតេស្តគុណភាពពីមន្ទីរពិសោធន៍ជាតិ នៃអគ្គនាយកដ្ឋានកសិកម្ម ជាពិសេសកុំចាញ់បោកការផ្សាយលក់ផលិតផលដែលមានតម្លៃថោកខុសធម្មតា និងគ្មានប្រភពច្បាស់លាស់។
លោក គង់ ច័ន្ទវាសនា បានបន្ថែមថា ដើម្បីធានាបាននូវសមធម៌ក្នុងអាជីវកម្ម និងការពារអ្នកប្រើប្រាស់ សូមឱ្យមន្ត្រីជំនាញ និងរដ្ឋបាលខេត្តបន្តចុះធ្វើអធិការកិច្ចតាមឃ្លាំង និងដេប៉ូក្រុមហ៊ុនឱ្យបានជាប់ជាប្រចាំដើម្បីទប់ស្កាត់ការចរាចរជី និងថ្នាំកសិកម្មខុសច្បាប់គ្រប់រូបភាព ជៀសវាងការផ្សព្វផ្សាយព័ត៌មានអវិជ្ជមានដែលប៉ះពាល់ដល់តម្លៃភោគផលរបស់កសិករ។ ហើយអ្វីដែលយើងត្រូវរួមគ្នាធ្វើ គឺធានាឱ្យបានថា ជី និងថ្នាំកសិកម្មនៅលើទីផ្សារមានគុណភាពល្អ ដើម្បីជាកម្លាំងចលករជួយដល់ការដាំដុះរបស់កសិករឱ្យកាន់តែប្រសើរឡើង។
លោក អ៉ឹង គឹមលាង បានលើកឡើងថា សិក្ខាកាមទាំងអស់ នឹងសាមគ្គី សហការ ឯកភាព មានឆន្ទៈតែមួយ ប្រកបដោយការទទួលខុសត្រូវ តាមតួនាទី ភារកិច្ច ធ្វើឱ្យមានសុវត្តិភាពស្បៀង សេដ្ឋកិច្ច សុខភាពសាធារណៈ បរិស្ថានល្អ និងសុខដុមរម្យនា។
លោកបានបន្តថា យើងត្រូវរួមដើម្បីកាត់បន្ថយភាពក្រីក្រ និងកសាងសង្គមជាតិប្រកបដោយនិរន្តរភាព ព្រមទាំងសហការ និងទំនាក់ទំនងជិតស្និទ្ធ បន្តជំរុញបទដ្ឋានគតិយុត្តិជាធរមាន រួមមានច្បាប់ស្តីពីការគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្ម បទដ្ឋានគតិយុត្តិក្រោមច្បាប់បទបញ្ជា ឬសេចក្ដីណែនាំរបស់ក្រសួង ដើម្បីពង្រឹងការគ្រប់គ្រង ការត្រួតពិនិត្យគុណភាពសម្ភារកសិកម្ម ឱ្យទទួលបានលទ្ធផលល្អប្រសើរ និងមានប្រសិទ្ធិភាព។
លោក ទា គឹមសុទ្ធ បានឱ្យដឹងថា ខេត្តសៀមរាប មានដេប៉ូលក់ដុំ លក់រាយជីថ្នាំកសិកម្ម ២៨៦ដេប៉ូ។ ជាមួយគ្នានេះ មន្ទីរបានធ្វើការត្រួតពិនិត្យ ៣២លើក ស្មើនឹង ៣១០ដេប៉ូ បានអនុវត្តវិធានកែតម្រូវ ១៣ដេប៉ូ និងបានណែនាំព្រមានផ្ទាល់មាត់ ៦៧ដេប៉ូ និងបានបណ្តុះបណ្តាល និងផ្សព្វផ្សាយណែនាំចំនួន ១២លើក អ្នកចូលរួម ៧២៤នាក់ផងដែរ។
ជាមួយនេះដែរ លោកបញ្ជាក់ថា សម្រាប់វគ្គបណ្ដុះបណ្ដាលនាពេលនេះ មានសិក្ខាកាមស្នើសុំសេវានៅអង្គភាពច្រកចេញចូលតែមួយចំនួន ១១៧នាក់ ស្រី៤៥នាក់ មកពីខេត្តចំនួន៨ ដែលវគ្គនេះមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១០-១២ ខែកុម្ភៈ ឆ្នាំ២០២៦៕













