Fresh Exclusive: ប្រែក្លាយភាពឈឺចាប់ជាកម្លាំង មិនឱ្យជាតិដួល៖ សារដ៏មានអត្ថន័យរបស់សម្តេចបវរធិបតី ក្នុងគ្រាជម្លោះព្រំដែនកម្ពុជា-ថៃ
10-02-2026 20:32
(ភ្នំពេញ)៖ ទោះបីសំឡេងគ្រាប់កាំភ្លើងតាមបណ្តោយព្រំដែនមានភាពស្ងប់ស្ងាត់បណ្តោះអាសន្ន ស្នាមរបួសនៅក្នុងបេះដូងជាតិ នៅមិនទាន់ស្ងប់ស្ងាត់ទេ។ ផ្ទះសម្បែងរងការខូចខាត សាលារៀន វត្តអារាម បានឆេះខ្ទេចខ្ទី ជនភៀសសឹកខ្លះ នៅតែរង់ចាំថ្ងៃវិលត្រឡប់ទៅកាន់គេហដ្ឋាន ដើមរបស់ពួកគេវិញ។ ក្នុងពេលដែលសង្គមពោរពេញដោយអារម្មណ៍ក្តុកក្តួលនិងខឹងសម្បារ ប្រសាសន៍មួយរបស់ថ្នាក់ដឹកនាំកំពួលរបស់ជាតិ បានលេចឡើង៖ «យើងកាន់តែឈឺ… យើងកាន់តែរឹងមាំ…យើងមិនឱ្យរបួសទាំងផ្លូវកាយនិងផ្លូវចិត្តនេះ ធ្វើឱ្យយើងដូលឡើយ…»។
នេះមិនមែនជាសម្តីសម្រាប់លួងលោមប៉ុណ្ណោះទេ ប៉ុន្តែជាការកំណត់ទិសដៅជាតិ ដែលបម្លែងវិបត្តិទៅជាកម្លាំង និងបម្លែងភាពឈឺចាប់ទៅជាភាពរឹងមាំ។
ក្នុងបរិបទជម្លោះកម្ពុជា-ថៃ ដែលបណ្តាលឱ្យបាត់បង់ជីវិត និងខូចខាតទ្រព្យសម្បត្តិ សាររបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានន័យជ្រាលជ្រៅជាយុទ្ធសាស្ត្រ និងជាមោទនភាពជាតិ។ សម្តេចបវរធិបតី បានថ្លែងបញ្ជាក់ថា ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល មិនអាចធ្វើតាមអារម្មណ៍១០នាទី លើបណ្តាញសង្គមបានទេ ប៉ុន្តែត្រូវធ្វើដោយភាពទទួលខុសត្រូវ ថ្លឹងថ្លែង និងផ្អែកលើច្បាប់អន្តរជាតិ។
សាររបស់សម្តេចនាយករដ្ឋមន្ត្រីនេះ បានជួយបំភ្លឺនូវចំណុចពីរគន្លឹះដ៏សំខាន់៖ ១. ការឈឺចាប់ គឺជាការពិតដែលមិនអាចបដិសេធបាន និងទី២. ការរឹងមាំ គឺជាជម្រើសដែលជាតិបានជ្រើសរើស ដើម្បីមិនឱ្យដួល។
* ប្រវត្តិកាល៖ ជម្លោះរវាងកម្ពុជា-ថៃ មិនមែនកើតឡើងដោយចៃដន្យ
ជម្លោះព្រំដែនកម្ពុជា-ថៃ មានប្រវត្តិសាស្ត្រយូរអង្វែង ពាក់ព័ន្ធនឹងសន្ធិសញ្ញាកំណត់ព្រំដែនសម័យអាណានិគម និងការបកស្រាយខុសគ្នាអំពីខ្សែបន្ទាត់ព្រំដែន។ ករណីប្រាសាទព្រះវិហារ ដែលតុលាការយុត្តិធម៌អន្តរជាតិ (ICJ) បានសម្រេចឆ្នាំ១៩៦២ និងបកស្រាយបន្ថែមក្នុងឆ្នាំ២០១៣ ដែលបញ្ជាក់លើអធិបតេយ្យភាពកម្ពុជា គឺជាគំរូបង្ហាញថាដំណោះស្រាយតាមច្បាប់អន្តរជាតិ អាចយឺត ប៉ុន្តែមានស្ថិរភាពយូរអង្វែង។
នៅដំណាក់កាលថ្មីៗនេះ អំពើឈ្លានពានប្រដាប់អាវុធពីសំណាក់ថៃ ក្នុងមហិច្ឆតាចង់ដណ្តើមយកទឹកដីកម្ពុជា បានបង្កឱ្យមានការបាត់បង់ទឹកដី, មានជនភៀសសឹករាប់សែននាក់, អំពើបំផ្លិចបំផ្លាញប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ និងអ្វីទាំងនេះ បានបង្កនូវភាពភ័យខ្លាចក្នុងសហគមន៍ព្រំដែន។
សម្តេច មហាបវរធិបតី ក្នុងប្រសាសន៍ថ្លែងជាសាធារណៈនៅថ្ងៃទី១០កុម្ភៈ២០២៦ បានថ្លែងថា បញ្ហាទឹកដី និងការរក្សាអាយុជីវិតប្រជាជន គឺជាអទិភាពដ៏ចំបងបំផុតរបស់រាជរដ្ឋាភិបាល៖ «ក្នុងនាមជារាជរដ្ឋាភិបាល ខ្ញុំសូមបញ្ជាក់អំពីគោលការណ៍របស់រាជរដ្ឋាភិបាលឱ្យ ច្បាស់ថា៖ ១. ទឹកដីនិងប្រជាជន នៅតែជាអទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាលនាពេលកន្លងមក បច្ចុប្បន្ន និង ទៅអនាគត។ ២. ជំហរពាក់ព័ន្ធនឹងព្រំដែន គឺព្រំដែនកម្ពុជា-ថៃ ជាព្រំដែនអន្តរជាតិរវាងរដ្ឋនិងរដ្ឋ និងត្រូវបានការពារដោយច្បាប់អន្តរជាតិ ជាពិសេសធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ។
ហេតុដូច្នេះកម្ពុជាប្រកាន់ជំហរដាច់ខាតក្នុងការការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី ទាំងបច្ចុប្បន្ន ទាំងទៅអនាគត ដោយប្រើប្រាស់គ្រប់មធ្យោបាយដែលកម្ពុជាមានស្របតាមច្បាប់ អន្តរជាតិ ហើយ កម្ពុជាមិនទទួលស្គាល់ដាច់ខាតការកែប្រែខ្សែបន្ទាត់ព្រំដែន ឬ ការកាន់កាប់ទឹកដីដោយខុសច្បាប់អន្តរជាតិ តាមរយៈការប្រើប្រាស់កម្លាំងឡើយ។ កម្ពុជាប្រកាន់ខ្ជាប់នូវជំហរដោះស្រាយបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ ព្រមទាំងកិច្ចព្រមព្រៀងទាំងឡាយដែលកម្ពុជានិងថៃបានចុះហត្ថលេខាជាមួយគ្នាហើយ។ ជាពិសេសការចុះវាស់វែង តាមយន្តការ JBC ដើម្បីកំណត់ភាពត្រឹមត្រូវ និងយុត្តិធម៌ សម្រាប់ប្រទេសទាំងពីរក្នុងការការពារអធិបតេយ្យភាព, បូរណភាពលើទឹកដីរៀងៗខ្លួន ដែលនេះគឺជាគោលការណ៍ និងស្របតាមអ្វីដែលបន្សល់ទុកពីមរតកអាណានិគម ដែលយើងមាន»។
ក្នុងច្បាប់អន្តរជាតិ ព្រំដែនមិនអាចផ្លាស់ប្ដូរដោយការគំរាមកំហែង ឬការប្រើប្រាស់កម្លាំងឡើយ។ សន្ធិសញ្ញាឆ្នាំ១៩០៤ និង១៩០៧ ដែលបានកំណត់ព្រំដែនកម្ពុជា-ថៃ នៅតែមានសុពលភាពតាមគោលការណ៍ច្បាប់អន្តរជាតិ។
*ផ្លូវវែង ប៉ុន្តែជាផ្លូវមានស្ថិរភាព
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដើម្បីការដោះស្រាយបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា ថៃនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ បានផ្ញើលិខិតជូន ប្រធានាធិបតីបារាំង លោក Emmanuel Macron ឆ្លើយតបទៅនឹងការបង្ហាញឆន្ទៈរបស់បារាំងក្នុងការត្រៀមផ្តល់ឯកសារប្រវត្តិសាស្ត្រ និងបច្ចេកទេសពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ ប្រសិនបើមានសំណើផ្លូវការ។ ក្នុងលិខិតនោះ កម្ពុជាក៏បានរំលឹកពីតួនាទីប្រវត្តិសាស្ត្ររបស់បារាំងក្នុងការកំណត់ព្រំដែនតាមសន្ធិសញ្ញា១៩០៤ និង១៩០៧ ដែលនៅតែជាមូលដ្ឋានច្បាប់មានសុពលភាព។
សម្តេចបវរធិបតី បានមានប្រសាសន៍ថា ការដោះស្រាយបញ្ហាព្រំដែនកម្ពុជាដែលត្រូវបានថៃ រំលោភបំបាន «អាចប្រើរយៈពេលវែង, អាចស្មុគស្មាញ, អាចលំបាក ប៉ុន្តែរាជរដ្ឋាភិបាល មិនថារយៈពេលពិបាកប៉ុណ្ណា, មិនថាស្មុគស្មាញយ៉ាងណាគឺ រាជរដ្ឋាភិបាលនៅតែប្តេជ្ញាចិត្ត នៅក្នុងការការពារទឹកដី និង ប្រជាជនគ្រប់ពេលវេលាទាំងអស់»។
សម្តេចបវរធិបតី ក្នុងប្រសាសន៍ថ្លែងដដែល បានបញ្ជាក់ថា៖ «ជំហររបស់រាជរដ្ឋាភិបាលរបស់យើងគឺ ការខិតខំដោះស្រាយដោយសន្តិវិធី, ដោយមូលដ្ឋានច្បាប់អន្តរជាតិលើបញ្ហាព្រំដែន ដែលជាគោលការណ៍មួយយើងខិតខំដាក់ទិសដៅ។ ពីព្រោះមានតែវិធីសាស្ត្រនេះទេ ទើបអាចធានាបាននូវប្រសិទ្ធភាពដែលអាចយូរអង្វែង។ លទ្ធផលអាចយឺត, អាចលំបាកខ្លះ ប៉ុន្តែយើងត្រូវតែប្រឈមដោះស្រាយទាំងអស់គ្នា ហើយរកវិធីមួយដែលដោះបញ្ចប់ដើម្បីកុំឱ្យវាកើតឡើងមកវិញនៅថ្ងៃអនាគតដើម្បីការធានាភាព សុខសាន្តរបស់យើង»។
ប្រសាសន៍របស់សម្តេចបវរធិបតី បានបង្ហាញនូវទស្សនវិជ្ជាដ៏ច្បាស់លាស់ ដែលមានន័យថាផ្លូវសន្តិវិធីពិតជាអាចយឺត ប៉ុន្តែវាជាផ្លូវដែលមានស្ថិរភាពយូរអង្វែង។ ប្រវត្តិសាស្ត្រករណីប្រាសាទព្រះវិហារ នៅតុលាការយុត្តិធម៌អន្តរជាតិ បានបង្ហាញរួចមកហើយថា ការប្រើច្បាប់អន្តរជាតិ អាចមិនឆាប់ដូចសង្គ្រាម ប៉ុន្តែអាចបិទជម្លោះដោយមានមូលដ្ឋានត្រឹមត្រូវ និងទទួលស្គាល់អន្តរជាតិ។
ដូច្នេះ «ផ្លូវវែង» មិនមែនជាសញ្ញាខ្សោយទេ ប៉ុន្តែជាសញ្ញានៃភាពពេញវ័យ និងការគិតគូរយុទ្ធសាស្ត្រយូរអង្វែង។
* កម្លាំងហិង្សាអាចគ្រប់គ្រងតែបណ្តោះអាសន្ន ប៉ុន្តែច្បាប់គ្រប់គ្រងយូរអង្វែង
ក្នុងបរិបទសង្គ្រាមលោកទី២ ការកាត់ដីតាមអនុសញ្ញាទីក្រុងតូក្យូ ឆ្នាំ១៩៤១ បានបង្កការផ្លាស់ប្តូរស្ថានភាពព្រំដែនជាបណ្តោះអាសន្ន។ ការផ្លាស់ប្តូរនោះ កើតឡើងក្រោមសម្ពាធអំណាចយោធា និងបរិបទភូមិសាស្ត្រនយោបាយដែលមហាអំណាចមានឥទ្ធិពលលើការសម្រេចចិត្ត។ ប៉ុន្តែការកែប្រែផែនទីដែលកើតឡើងក្រោមសម្ពាធសង្គ្រាមមិនអាចក្លាយជាមូលដ្ឋានច្បាប់យូរអង្វែងបានឡើយ។
ក្រោយបញ្ចប់សង្គ្រាមនៅឆ្នាំ១៩៤៦ កិច្ចព្រមព្រៀងដោះស្រាយ (Settlement Agreement) បានលុបចោលអនុសញ្ញាទីក្រុងតូក្យូទាំងស្រុង។ ការលុបចោលនេះ មិនមែនជាសកម្មភាពនយោបាយប៉ុណ្ណោះទេ ប៉ុន្តែជាការស្តារឡើងវិញនូវគោលការណ៍មូលដ្ឋានមួយនៃច្បាប់អន្តរជាតិ មានន័យថា អំពើដែលកើតឡើងក្រោមសម្ពាធកម្លាំង ឬក្នុងបរិបទឈ្លានពានមិនអាចបង្កើតសិទ្ធិស្របច្បាប់បានទេ។ មេរៀនឆ្នាំ១៩៤៦ បង្ហាញយ៉ាងច្បាស់ថា កម្លាំងអាចផ្លាស់ប្តូរផែនទីបានក្នុងរយៈពេលខ្លី ប៉ុន្តែមិនអាចផ្លាស់ប្តូរមូលដ្ឋានច្បាប់អន្តរជាតិបានឡើយ។ នៅពេលដែលស្ថានភាពអន្តរជាតិត្រឡប់មកស្ថេរភាព គោលការណ៍ច្បាប់ត្រូវបានស្តារឡើងវិញ ហើយសន្ធិសញ្ញាដែលមានសុពលភាពត្រូវបានគោរពឡើងវិញ។
ន័យនេះមានសារៈសំខាន់សម្រាប់បច្ចុប្បន្ន។ វាបញ្ជាក់ថា ការប្រើប្រាស់កម្លាំង ឬសម្ពាធនយោបាយ ដើម្បីបង្កើត «ស្ថានភាពថ្មី» មិនអាចជំនួសឯកសារផ្លូវការ និងសន្ធិសញ្ញាដែលទទួលស្គាល់ដោយច្បាប់អន្តរជាតិបានឡើយ។ ប្រវត្តិសាស្ត្របានបង្ហាញជាបន្តបន្ទាប់ថា កម្លាំងអាចឈ្នះក្នុងថ្ងៃនេះ ប៉ុន្តែច្បាប់តែងតែត្រឡប់មកជាអ្នកសម្រេចចុងក្រោយ។
សម្តេចបវរធិបតី បានអំពាវនាវប្រជាពលរដ្ឋ សូមរួមគ្នាជាធ្លុង និងជឿជាក់មកលើរាជរដ្ឋាភិបាល ក្នុងការស្វែងរកយុត្តិធម៌ជួនជាតិតាមដំណោះស្រាយការទូតនិងផ្លូវច្បាប់៖ «ត្រូវរួមគ្នាក្នុងស្មារតីជាតិខ្មែរតែមួយ! ពិតណាស់យើងឈឺ យើងអាចថាយើងរបួស ប៉ុន្តែមិនអាចឱ្យការឈឺ ឬរបួសទាំងផ្លូវកាយនិងផ្លួវចិត្តនេះ ធ្វើឱ្យយើងដូលនោះទេ។ យើងត្រូវរឹងមាំឡើង,កាន់តែលំបាក…កាន់តែឈឺ កាន់តែរឹងមាំឡើងដើម្បីពង្រឹងជាតិខ្មែរយើងទៅខាងមុខ ពីព្រោះគ្មានអ្នកណាមកពង្រឹងជាតិយើង បើយើងមិនមកពង្រឹងដោយខ្លួនឯងនោះទេ!»។
ក្នុងសេចក្តីសន្និដ្ឋាន៖ សាររបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មិនមែនជាសារលួងលោមបណ្តោះអាសន្នឡើយ ប៉ុន្តែជាសារដែលបង្កប់នូវអត្ថន័យយុទ្ធសាស្ត្រដ៏ធំធេង ការប្រែក្លាយសេចក្តីឈឺចាប់របស់ប្រជាជាតិដ៏តូចមួយ ដែលរងអំពើឈ្លានពានឱ្យក្លាយជាភាពរឹងមាំ និងជាគ្រឹះការពារជាតិមិនឱ្យដួលរលំ។ វាមិនមែនជាពាក្យសម្រាប់បន្ធូរអារម្មណ៍ទេ ប៉ុន្តែជាការកំណត់ទិសដៅយូរអង្វែងសម្រាប់យុទ្ធសាស្ត្រការពារអធិបតេយ្យភាព និងអនាគតជាតិ។
ជម្លោះទឹកដីក្នុងសតវត្សទី២១នេះ គឺជាការឈឺចាប់ដ៏ពិតប្រាកដ។ សង្គ្រាមឈ្លានពាន បានបំផ្លាញទ្រព្យសម្បត្តិ និងបណ្តាលឱ្យបាត់បង់ជីវិតពលរដ្ឋខ្មែររាប់សិបនាក់ បង្កើតជនភៀសសឹករាប់ម៉ឺននាក់ ដែលពលរដ្ឋខ្លះមិនទាន់អាចវិលត្រឡប់ទៅដីកំណើតរបស់ខ្លួនវិញបានឡើយ។ ទាំងនេះមិនមែនជាលេខលើក្រដាសទេ ប៉ុន្តែជាស្នាមរបួសនៅក្នុងបេះដូងជាតិ។
ប៉ុន្តែប្រវត្តិសាស្ត្រខ្មែរ បង្ហាញច្បាស់ថា យើងធ្លាប់ឈឺ ប៉ុន្តែមិនដែលរលាយ ធ្លាប់បាក់បែក ប៉ុន្តែអាចកើតឡើងវិញ យើងធ្លាប់ប្រឈមវិបត្តិធំៗ ប៉ុន្តែមិនដែលបោះបង់អនាគតរបស់ខ្លួន។ កម្លាំងអាចបង្កស្នាម ប៉ុន្តែមិនអាចបំផ្លាញស្មារតីជាតិបានឡើយ។ នៅពេលនេះ សារដ៏មានអត្ថន័យ ដែលដក់ជាប់ក្នុងអារម្មណ៍ប្រជាពលរដ្ឋរបស់យើងនាពេលនេះគឺ៖ «យើងអាចឈឺ ប៉ុន្តែមិនដួល។ យើងអាចរបួស ប៉ុន្តែមិនបោះបង់។ យើងអាចប្រឈមអំពើឈ្លានពាន ប៉ុន្តែមិនបោះបង់ជាតិយើងឡើយ»៕













