ចៀសវាងការយល់ច្រឡំ! លោក គង់ វិបុល បញ្ជាក់ថា ពាក្យ «លាងបាប» របស់អ្នកឧកញ៉ា គិត ម៉េង សំដៅលើវិស័យឯកជនស្នើសុំ «លុបបំណុលដែលជំពាក់ពន្ធរដ្ឋ»

10-02-2026 21:53

(ភ្នំពេញ)៖ មានមតិមួយចំនួនក្នុងបណ្តាញទំនាក់ទំនងសង្គម បានផ្សព្វផ្សាយដោយភាន់ច្រឡំអំពីពាក្យ «លាងបាប» របស់អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ដែលស្នើសុំមកអគ្គនាយកដ្ឋានពន្ធដារ ក្នុងវេទិកាពន្ធដារកាលពីពេលថ្មីៗនេះ ដោយច្រឡំថា ពាក្យសំដីនេះ សុំឱ្យអគ្គនាយកដ្ឋានពន្ធដារ ឈប់ធ្វើបាប ឬលាងបាប ប៉ុន្តែអត្ថន័យពិតប្រាកដមិនដូច្នេះទេ គឺ «ពាក្យលាងបាប» ដែលអ្នកឧកញ៉ា គិត ម៉េង​ និយាយនោះ គឺចង់សំដៅលើវិស័យឯកជនស្នើសុំឱ្យរដ្ឋអនុគ្រោះលើបំណុលពន្ធ ដែលជំពាក់រដ្ឋ ត្រូវបានពន្ធដារបានរកឃើញដែលជាបំណុលពន្ធរុំារ៉ៃ និងបំណុលពន្ធបច្ចុប្បន្ន ដើម្បីឱ្យលុបបំណុលពន្ធទាំងនោះចោល។ នេះបើតាមការបញ្ជាក់ពីលោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ។

បើតាមការបញ្ជាក់របស់មេពន្ធដាររូបនេះ ក្នុងកិច្ចពិភាក្សាមួយ ដែលបានរៀបចំឡើងក្នុង «វេទិកាពន្ធដារកម្ពុជា» កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ អ្នកឧកញ៉ា គិត ម៉េង បានស្នើសុំដល់អគ្គនាយកដ្ឋានពន្ធដារ លាងបាប ឬលុបបំណុលពន្ធចំពោះក្រុមហ៊ុនឯកជន ដែលមិនបានអនុលោមភាពនាពេលកន្លងមក។ យ៉ាងនេះក្តីពាក្យលាងបាបនេះ ត្រូវបានសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួនបកស្រាយខុស នាំឱ្យមានការភាន់ច្រលំថា ពន្ធដារធ្វើបាបដល់វិស័យឯកជនទៅវិញ។

យ៉ាងនេះក្តីលោកបញ្ជាក់ថា ការស្នើសុំលុបបំណុលនេះនឹងធ្វើឱ្យមានភាពមិនស្នើគ្នា ឬគ្មានសមភាព រវាងអ្នករកស៊ីដែលបានបង់ពន្ធត្រឹមត្រូវ។

ការស្នើសុំនេះនាំឱ្យអ្នករកស៊ីក្នុងវិស័យដូចគ្នា ដែលបានបង់ពន្ធត្រឹមត្រូវ យល់ថា មិនមានភាពស្មើគ្នារវាងអ្នកដែលបានបង់រួច និងអ្នកដែលមានបំណងចង់គេចពន្ធ។ ហេតុនេះហើយ ចំពោះអ្នកដែលបានបង់ពន្ធត្រឹមត្រូវ បានបញ្ចេញមតិហាក់មិនសប្បាយចិត្ត ចំពោះការស្នើសុំនេះឡើយ។

លោក គង់ វិបុល បានលើកឡើងថា កន្លងមករាជរដ្ឋាភិបាលបានផ្តល់ការអនុគ្រោះ និងលើកលែងដល់វិស័យជាច្រើន ជាពិសេសវិស័យដែលរងផលប៉ះពាល់ ដោយសារជំងឺកូវីដ១៩ ។ ប៉ុន្តែអ្នកដែលមិនរងផលប៉ះពាល់ ហើយចង់កឹបកេងពន្ធនោះនឹងមិនត្រូវបានលើកលែងឡើយ៕