អ្នកឧកញ៉ា វិញ ហ៊ួរ ផ្ញើសារលិខិតចូលរួមរំលែកមរណទុក្ខ ចំពោះមរណភាព អ្នកឧកញ៉ា គង់ សាង

11-02-2026 11:02

(ភ្នំពេញ)៖ អ្នកឧកញ៉ា វិញ ហ៊ួរ ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា បានផ្ញើសារលិខិតចូលរួមរំលែកមរណទុក្ខជូន លោកស្រី អ៊ាង ហេង ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាព អ្នកឧកញ៉ា គង់ សាង ត្រូវជាស្វាមីរបស់លោកស្រី កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងព្រះជន្មាយុ ៧៣ ឆ្នាំ ដោយរោគាពាធ។

តាមរយៈសារលិខិតរំលែកមរណទុក្ខ អ្នកឧកញ៉ាបណ្ឌិត វិញ ហ៊ួរ បានបញ្ជាក់ថា លោក និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិកា និងលេខាធិការដ្ឋាន នៃសមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា មានក្តីក្ដុកក្ដួល និងសោកស្តាយយ៉ាងខ្លាំង ចំពោះការបាត់បង់ដ៏ធំធេងនេះ។

សារលិខិតបានបញ្ជាក់ថា មរណភាពរបស់ អ្នកឧកញ៉ា គង់ សាង គឺជាការបាត់បង់ស្វាមី បិតា ជីតា ជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅមួយរូប ដែលពោរពេញដោយព្រហ្មវិហារធម៌ និងសង្គហធម៌។ លោកបានលះបង់កម្លាំងកាយ ប្រាជ្ញា និងស្មារតី ដោយមិនគិតពីភាពនឿយហត់ ដើម្បីចិញ្ចឹមបីបាច់ថែរក្សា និងអប់រំបុត្រាបុត្រី ឱ្យក្លាយជាកុលបុត្រ កុលធីតា ប្រកបដោយគន្លងធម៌សម្រាប់ជាតិ និងមាតុភូមិ។

ក្នុងឱកាសដ៏សោកសង្រេងនេះ អ្នកឧកញ៉ា និងសមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា សូមចូលរួមរំលែកមរណទុក្ខដោយក្តីអាឡោះអាល័យជាទីបំផុត និងសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិទាំងឡាយ ក្នុងលោក សូមតាមថែរក្សា និងដឹកនាំដួងវិញ្ញាណក្ខន្ធ អ្នកឧកញ៉ា គង់ សាង ឱ្យបានចាប់បដិសន្ធិ និងសោយសុខក្នុងសុគតិភព ជានិច្ចនិរន្តរ៍ កុំបីឃ្លៀងឃ្លាតឡើយ៕