ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន៖ គិតត្រឹមឆ្នាំសិក្សា ២០២៥-២០២៦ សាលាមត្តេយ្យសិក្សា និងគ្រឹះស្ថានសិក្សានៅកម្ពុជាមានជិត ២ម៉ឺនកន្លែង, ខណៈអត្រាចូលរៀលរបស់សិស្សកើនឡើង
11-02-2026 12:29
(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងបញ្ជាក់ថា គិតត្រឹមឆ្នាំសិក្សា ២០២៥-២០២៦ សាលាមត្តេយ្យសិក្សា និងគ្រឹះស្ថានសិក្សាចំណេះទូទៅទាំងសាធារណៈ សហគមន៍ និងឯកជនមានចំនួនសរុប ១៩.៥៩២កន្លែង ខណៈដែលអត្រាចូលរៀលរបស់សិស្សមានការកើនឡើងជាបន្តបន្ទាប់។
លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានថ្លែងដូចនេះនាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦នេះ នាឱកាសអញ្ជើញជាអធិបតីបើកសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២៤-២០២៥ និងទិសដៅឆ្នាំសិក្សា ២០២៥-២០២៦ ក្រោមប្រធានបទ «គន្លងអប់រំថ្មី ដើម្បីអភិវឌ្ឍមូលធនមនុស្សប្រកបដោយបរិយាបន្ន និងភាពធន់" ក្នុងគោលបំណងបន្តធ្វើបរិវត្តកម្មក្នុងវិស័យអប់រំ ឱ្យឆ្លើយតបនឹងក្របខណ្ឌគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញនាពេលកន្លងមក។
លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានថ្លែងបញ្ជាក់ដូចនេះថា គិតត្រឹមឆ្នាំសិក្សា ២០២៥-២០២៦ សាលាមត្តេយ្យសិក្សា និងគ្រឹះស្ថានសិក្សាចំណេះទូទៅទាំងសាធារណៈ សហគមន៍ និងឯកជនសរុប ១៩.៥៩២កន្លែង ក្នុងនោះសាលាមត្តេយ្យសិក្សាគ្រប់រូបភាព ៩.២០៧កន្លែង សាលាបឋមសិក្សា ៨.២៤៨កន្លែង, អនុវិទ្យាល័យ ១.៣៦០កន្លែង និងវិទ្យាល័យ ៩៥៧កន្លែង។ គ្រឹះស្ថានសិក្សាដែលផ្តល់សេវាអប់រំបច្ចេកទេស មានចំនួន ៤៩កន្លែង និងគ្រឹះស្ថានឧត្តមសិក្សាទូទាំងប្រទេសមាន ២០០ ក្នុងនោះគ្រឹះស្ថានឧត្តមសិក្សាក្រោមក្រសួងអប់រំ យុវជន កីឡាមានចំនួន ៩៤កន្លែង។
លោកបណ្ឌិតសភាចារ្យ បានបន្ថែមថា ចំពោះការអប់រំកុមារតូចវិញ មានកុមារអាយុ៣ ទៅ៥ឆ្នាំ បានចូលរៀនគ្រប់រូបភាពមានវឌ្ឍនភាពល្អប្រសើរឡើង ក្នុងរយៈពេល ១០ឆ្នាំកន្លងមក ដោយកុមារអាយុ ៣ ទៅ ៥ឆ្នាំ កើនពី ៣១ម៉ឺននាក់ ស្រី ១៦ម៉ឺននាក់ នៅឆ្នាំសិក្សា២០១៤-២០១៥ កើនឡើងដល់ ៤៤ម៉ឺននាក់ ស្រី ២២ម៉ឺននាក់ នៅឆ្នាំសិក្សា២០២៥-២០២៦។ អត្រាចុះឈ្មោះចូលរៀនរបស់កុមារអាយុ ៥ឆ្នាំ បានកើនឡើងពី ៦១,៤% កើនដល់ ៧៧,៩% ដែលផ្អែកតាមវឌ្ឍនភាពនេះបង្ហាញថា អត្រាកុមារអាយុ ៥ឆ្នាំបានចូលរៀនគ្រប់រូបភាពមានកំណើន ១,៥% ក្នុង ១ឆ្នាំសិក្សា។
លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានបន្ថែមថា ការចូលរៀននៅបឋមសិក្សា មានវឌ្ឍនភាពប្រសើរឡើងជាលំដាប់ ដោយអត្រាពិតនៃការសិក្សានៅបឋមសិក្សាបានកើនពី ៩៧,៩% នៅឆ្នាំសិក្សា២០១៤-២០១៥ ដល់ ១០១,៦% នៅឆ្នាំសិក្សា ២០២៥-២០២៦។ ជាមួយនេះចំនួនសិស្សបឋមសិក្សាបានកើនពី ២លាន ៨ម៉ឺននាក់ នៅឆ្នាំសិក្សា២០១៤-២០១៥ កើនដល់ ២លាន ២សែន ៥ម៉ឺននាក់ នៅឆ្នាំសិក្សា២០២៥-២០២៦។ អត្រាពិតនៃការសិក្សានៅបឋមសិក្សាស្ថិតក្នុងរង្វង់ ១០០% ក្នុងរយៈពេល ១០ឆ្នាំកន្លងមក។ អត្រារំហូរសិស្សនៅកម្រិតបឋមសិក្សា មានវឌ្ឍនភាពប្រសើរឡើងគួរឱ្យកត់សម្គាល់ ដោយអត្រាឡើងថ្នាក់បានកើនពី ៨៦,៥% ដល់ ៩០,៥% អត្រាបោះបង់ការសិក្សាថយចុះពី ៦,២% មកត្រឹម ៤,៤% និងអត្រាត្រួតថ្នាក់ស្ថិតក្នុងរង្វង់ ៥% ៕
















