ប្រធានគណៈកម្មការទី៤ រដ្ឋសភា ផ្ញើសាររំលែកទុក្ខចំពោះមរណភាព លោក ក្រូច ផាន អតីតប្រធានក្រុមប្រឹក្សាខណ្ឌពោធិ៍សែនជ័យ

11-02-2026 14:18

(ភ្នំពេញ)៖ លោក កែម ជុតិមា ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន នៃរដ្ឋសភា បានសម្ដែងក្តីរន្ធត់ក្នុងចិត្តយ៉ាងក្រៃលែង និងសោកស្តាយជាទីបំផុត ដោយបានទទួលដំណឹងអំពីមរណភាពរបស់លោក ក្រូច ផាន អតីតប្រធានក្រុមប្រឹក្សាខណ្ឌពោធិ៍សែនជ័យ ដែលត្រូវជាឧត្តមស្វាមីរបស់លោកស្រី ឈូន ចាន់ដា បានទទួលមរណភាពនៅថ្ងៃអាទិត្យ ៦រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង២១:៤៧នាទី ក្នុងជន្មាយុ៨០ឆ្នាំ ដោយជរាពាធ។

មរណភាពរបស់លោក ក្រូច ផាន គឺជាការបាត់បង់នូវធនធានមនុស្សដែលបានលះបង់កម្លាំង កាយ បញ្ញា និងស្មារតី ក្នុងការអភិវឌ្ឍមូលដ្ឋាន និងបម្រើប្រជាជនដោយមិនគិតពីការនឿយហត់។ លោកគឺជាមន្ត្រីដ៏ស្មោះត្រង់ និងជាធនធានមនុស្សដ៏មានតម្លៃ ដែលបានបម្រើជាតិមាតុភូមិ និងការពារសន្តិភាព ក្រោមមាគ៌ារាជរដ្ឋាភិបាលបានយ៉ាងខ្ជាប់ខ្លួន ពិសេសលោក ជាអតីតសហការីដ៏ឆ្នើមរបស់ខ្ញុំ អំឡុង ពេលដែលលោកបំពេញការងារជាអភិបាលនៃគណៈអភិបាលខណ្ឌដង្កោ និងជាប្រធានគណបក្ស ប្រជាជនកម្ពុជាខណ្ឌដង្កោ ដែលបានចូលរួមចំណែកឱ្យគណបក្សប្រជាជននៅក្នុងខណ្ឌដង្កោទទួលបាន ជ័យជំនះជាទីមោទនៈ។

ក្នុងវេលាដ៏សោកសង្រេងប្រកបដោយសេចក្តីសង្វេគជាទីបំផុតនេះ តាងនាមឲ្យគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន នៃរដ្ឋសភា និងក្នុងនាមរូបខ្ញុំផ្ទាល់ ខ្ញុំសូមរំលែកនូវមរណទុក្ខដ៏ក្រៀមក្រំនេះជាមួយ លោកស្រី ឈួន ចាន់ដា និងក្រុមគ្រួសារ និងសូមបួងសួងឱ្យដួងវិញ្ញាណក្ខន្ធសពលោក ក្រូច ផាន សូមបានសោយសុខក្នុងសុគតិភពជានិច្ចនិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ៕