ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន៖ ឆ្នាំ២០២៥ ថវិកាអប់រំរបស់ក្រសួងអប់រំ យុវជន និងកីឡា បានកើនឡើងដល់ជាង ១ ១០០លានដុល្លារ
11-02-2026 14:30
(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងបញ្ជាក់ថា ថវិកាឆ្នាំ២០២៥ របស់ក្រសួងអប់រំ យុវជន និងកីឡា បានកើនឡើងដល់ ៤.៥១២ពាន់លានរៀល (ប្រហែលជាង ១ ១០០លានដុល្លារ) ក្នុងនោះថវិការដ្ឋស្នើនឹង ៩១ភាគរយនៃថវិកាសរុប និងថវិកាដៃគូអភិវឌ្ឍមាន ៤២៣ពាន់លានរៀល ស្មើនឹង ៩ ភាគរយនៃថវិកាសរុប។
លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានថ្លែងដូចនេះនាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦នេះ នាឱកាសអញ្ជើញជាអធិបតីបើកសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២៤-២០២៥ និងទិសដៅឆ្នាំសិក្សា ២០២៥-២០២៦ ក្រោមប្រធានបទ «គន្លងអប់រំថ្មី ដើម្បីអភិវឌ្ឍមូលធនមនុស្សប្រកបដោយបរិយាបន្ន និងភាពធន់" ក្នុងគោលបំណងបន្តធ្វើបរិវត្តកម្មក្នុងវិស័យអប់រំ ឱ្យឆ្លើយតបនឹងក្របខណ្ឌគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញនាពេលកន្លងមក។
លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានបញ្ជាក់ថា « ចំពោះស្ថានភាពថវិកាអប់រំ, ថវិកាឆ្នាំ២០២៥ របស់ក្រសួងអប់រំ យុវជន និងកីឡាបានកើនឡើងដល់ ៤.៥១២ពាន់លានរៀល ក្នុងនោះថវិការដ្ឋស្នើនឹង ៩១ភាគរយនៃថវិកាសរុប និងថវិកាដៃគូអភិវឌ្ឍមាន ៤២៣ពាន់លានរៀល ស្មើនឹង ៩ភាគរយនៃថវិកាសរុប។ ថវិកាអប់រំឆ្នាំ២០២៥ ស្មើនឹង ២,០ភាគរយ ធៀបនឹង ផ.ស.ស។ ចំណាយចរន្តត្រូវបានបែងចែកជា ៣ផ្នែកធំៗ (១).រដ្ឋបាលកណ្ដាល ១៥ភាគរយ, (២). មន្ទីរអបរំ យុវជន និងកីឡារាជធានី ខេត្ត ៣៩ភាគរយ, និង(៣) ការផ្ទេរ ៣មុខងារ ៤៦ភាគរយ»។
ចំពោះការផ្ទេរថវិកាទៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ លោកបណ្ឌិតសភាចារ្យ បានបញ្ជាក់ថា ចាប់ពីឆ្នាំ២០២៤មក ក្រសួងបានផ្ទេរថវិកាមុខងារការគ្រប់គ្រងការអប់រំកុមារតូច ការអប់រំបឋមសិក្សា ការអប់រំក្រៅប្រព័ន្ធ និងការគាំទ្រផ្នែករដ្ឋបាលដល់ការអនុវត្តមុខងារអប់រំ យុវជន និងកីឡា ក្នុងក្របខ័ណ្ឌទូទាំងប្រទេស ទៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ។ នៅឆ្នាំ២០២៥ ថវិកាផ្ទេរបានកើនឡើងដល់ ១៧៥០ពាន់លានរៀល ស្មើនឹង ៤៦ភាគរយ ធៀបនឹងចំណាយចរន្តរបស់ក្រសួង។
ក្រសួងបានអនុវត្តថវិកាកម្មវិធីពេញលេញនៅឆ្នាំ២០១៥ ដោយក្រសួងបានធ្វើវិមជ្ឈការថវិកាជូនអង្គភាពថវិកា ក្នុងការអនុវត្តថវិកាប្រកបដោយការទទួលខុសត្រូវខ្ពស់។ គិតត្រឹមឆ្នាំ២០២៥ ក្រសួងមានអង្គភាពថវិកា ៥៩ ក្នុងនោះអាណាប័កផ្ទេរសិទ្ធិពេញលេញ៤២ និងអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិមិនពេញលេញ ១៧។ ក្នុងចំណោមអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញ៤២ មាន ២៥អង្គភាពនៅមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត និង ១៧ នៅរដ្ឋបាលថ្នាក់កណ្ដាល ក្នុងនោះមាន ៧អង្គភាព គឺជាគ្រឹះស្ថានសាធារណៈរដ្ឋបាល។
លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានបន្ថែមថា ថវិកាមូលនិធិដំណើរការសាលារៀនសាធារណៈ៖ ក្រសួងបានរៀបចំគោលការណ៍ណែនាំស្តីពី ការគ្រប់គ្រងមូលនិធិដំណើរការសាលារៀនសាធារណៈ សម្រាប់ការគ្រប់គ្រងថវិការដ្ឋ ដៃគូ សហគមន៍ សប្បុរសជន និងប្រភពផ្សេងៗទៀតដែល ផ្តល់ជូនសាលារៀនសាធារណៈ ដើម្បីបម្រើសេវាអប់រំឱ្យកាន់តែមានគុណភាព និងឆ្លើយតបទាំងតម្រូវការសិក្សារបស់សិស្សការចង់បានរបស់មាតាបិតាសិស្ស សហគមន៍ និងទីផ្សារការងារក្នុងគោលដៅអភិវឌ្ឍសង្គមសេដ្ឋកិច្ច និងវប្បធម៌នៅកម្ពុជា ក្នុងគោលបំណងដូចជា៖
ទី១៖ បែងចែកមូលនិធិដំណើរការសាលារៀនដល់សាលារៀនសាធារណៈនៅទូទាំងប្រទេសនៃព្រះរាជាណាចក្រកម្ពុជា
ទី២៖ អនុវត្តតាមប្រព័ន្ធគ្រប់គ្រងតាមសាលារៀនសាធារណៈ និងប្រើប្រាស់ថវិកាស្របតាមគោលការណ៍ស្នូលអភិបាលកិច្ចល្អ ដោយធានាបានប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និងមានសមិទ្ធផលរីកចម្រើនជាសក្ខីកម្ម ពិសេសសមិទ្ធផលសិក្សារបស់សិស្ស
ទី៣៖ លើកកម្ពស់សមត្ថភាពគ្រប់គ្រងហិរញ្ញវត្ថុក្នុងការរៀបចំ និងថែរក្សាប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុមួយច្បាស់លាស់ ដែលអាចអនុវត្ដបាននៅគ្រប់កម្រិត ព្រមទាំងរៀបចំរបាយការណ៍ហិរញ្ញវត្ថុបានត្រឹមត្រូវ និងទាន់ពេលវេលា៕
















