មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង បើកកិច្ចប្រជុំគម្រោងសាងសង់ផ្លូវតភ្ជាប់ពីផ្លូវជាតិលេខ១០ ទៅផ្លូវជាតិលេខ៤៨

11-02-2026 15:25

(កោះកុង)៖ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង បានរៀបចំបើកកិច្ចប្រជុំគណៈកម្មការសម្របសម្រួល គម្រោងសាងសង់ផ្លូវតភ្ជាប់ពីផ្លូវជាតិលេខ១០ ទៅផ្លូវជាតិលេខ៤៨ ស្ថិតនៅភូមិសាស្រ្តក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ កិច្ចប្រជុំពិភាក្សានេះ ដោយមានការចូលរួមក្រោមអធិបតីភាព លោក គិត សុផា អភិបាលរងខេត្ត និងលោក អន ដាវុធ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត រួមទាំងមន្ទីរស្ថាប័នពាក់ព័ន្ធ។

លោក អន ដាវុធ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ដើម្បីរៀបចំហេដ្ឋារចនាសម្ព័ន្ធសាងសង់គម្រោងផ្លូវជាតិ ដែលបានតជាប់ពីផ្លូវជាតិលេខ១០ ទៅផ្លូវជាតិលេខ៤៨ គម្រោងសាងសង់នេះ គឺគម្រោងផ្លូវថ្មីស្រឡាង ហើយគណៈកម្មការសម្របសម្រួលគម្រោង និងចុះវិនិច្ឆ័យរួចរាល់។ លោកបន្ថែមថា គម្រោងសាងសង់នេះ ពុំមានផលប៉ះពាល់ដល់ ផលដំណាំដីប្រជាពលរដ្ឋឡើយ បើមានផលប៉ះពាល់ផលដំណាំប្រជាពលរដ្ឋបន្តិចបន្ទួច មានសំណងសងគាត់ទៅតាមភាពជាក់ស្តែង។

លោក គិត សុផា បានលើកឡើងថា ផ្លូវជាតិ ផ្លូវនៅតាមមូដ្ឋាន គឺជាសសៃរឈាមជាគ្រឹះដ៏សំខានផ្នែកវិស័យសេដ្ឋកិច្ច សម្រាប់ការដឹកជញ្ជូន និងផ្លាស់ប្តូរទំនិញរបស់ប្រទេសជាតិ និងការធ្វើចរាចរបស់ប្រជាពលរដ្ឋ ហេតុដូច្នេះយើងត្រូវអភិវឌ្ឍន៍ផ្លូវជាតិ ឬផ្លូវនៅតាមមូលដ្ឋានឲ្យស្របទៅស្តង់ដារ៕