ពលរដ្ឋស្នើឲ្យអនុវត្តច្បាប់ដោយគ្មានការលើកលែង ចំពោះអ្នកពាក់ព័ន្ធដែលបំផ្លាញធនធានធម្មជាតិនៅខេត្តកំពង់ឆ្នាំង (Video inside)

11-02-2026 15:39

(កំពង់ឆ្នាំង)៖ ដីព្រៃលិចទឹករបស់រដ្ឋក្នុងស្រុកមួយចំនួនជាប់បឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង បច្ចុប្បន្នបាននិងកំពុងរងនូវការបំផ្លិចបំផ្លាញពីជនខិលខូចលួច ចូលឈូសឆាយជាបន្តបន្ទាប់ដែលករណីនេះធ្វើឱ្យមានការរិះគន់ ពីមជ្ឈដ្ឋាននានា ដោយបានទម្លាក់កំហុសទៅលើអាជ្ញាធរ ដែលមិនមានការទទួលខុសត្រូវ ក្នុងការថែរក្សាការពារធនធានធម្មជាតិរបស់រដ្ឋ ក្នុងបឹងទន្លេសាប មិនអនុវត្តតាមបទបញ្ជារាជរដ្ឋាភិបាល។

ប្រជាពលរដ្ឋ បានស្នើឲ្យអនុវត្តច្បាប់ដោយគ្មានការលើកលែងចំពោះអ្នកដែលពាក់ព័ន្ធដែលបំផ្លាញធនធានធម្មជាតិ នៅខេត្តកំពង់ឆ្នាំង។

ពាក់ព័ន្ធនឹងករណីដែលនៅតែមានជនខិលខូចលួចចូលឈូសទន្ទ្រានដីព្រៃលិចទឹករបស់រដ្ឋ នៅក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំងខាងលើនេះ ថ្មីនេះៗកើតមាននៅក្នុងស្រុកចំនួន២ របស់ខេត្តកំពង់ឆ្នាំង គឺស្រុកកំពង់លែង និងស្រុកជលគីរី។

ក្នុងនោះស្រុកកំពង់លែង ជនល្មើសបានចូលឈូសឆាយដីតំបន់៣ អស់ទំហំជាង១០ហិកតា ដែលករណីនេះព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង បានអញ្ជើញចុះផ្ទាល់ដើម្បីធ្វើការស្រាវជ្រាវជាក់ស្ដែង នាំយកជនល្មើសមកអនុវត្តតាមនីតិវិធី។ ដោយឡែក នៅស្រុកជលគីរី ស្ថិតនៅចំណុចកប់ចេស ក៏មានករណីជនល្មើសលួចចូលឈូសឆាយដីព្រៃលិចទឹក អស់ជាច្រើនហិកតាផងដែរ ដែលការឈូសឆាយនេះ ទើបតែធ្វើសកម្មភាពនៅក្នុងអំឡុងខែមករា ឆ្នាំ២០២៦ថ្មីៗនេះ។

ករណីនេះដែរអភិបាលខេត្តកំពង់ឆ្នាំង និងព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត រួមទាំងអង្គភាពពាក់ព័ន្ធបានប្រជុំបន្ទាន់ នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ ដើម្បីរៀបចំនីតិវិធីក្នុងការអនុវត្តវិធានការឱ្យមានប្រសិទ្ធភាព ចំពោះជនល្មើស និងអ្នកពាក់ព័ន្ធទៅតាមនីតិវិធី ដើម្បីធានាឲ្យបានចំពោះកិច្ចការថែរក្សា និងអភិរក្សធនធានធម្មជាតិក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង កុំឲ្យកើតមានជាបន្តទៀត។

ចំពោះគោលការណ៍ក្នុងការថែរក្សាការពារ និងអភិរក្សធនធានធម្មជាតិក្នុងបឹងទន្លេសាប អាជ្ញាធរខេត្តកំពង់ឆ្នាំង ដែលមានលោក ស៊ុន សុវណ្ណារិទ្ធិ ជាអភិបាលខេត្ត នៅរាល់កម្មវិធីប្រជុំផ្សេងៗ តែងតែបានលើកទឹកចិត្ត និងជំរុញដល់អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធនៅគ្រប់មូលដ្ឋានត្រូវតែយកចិត្តទុកដាក់ទទួលខុសត្រូវក្នុងការថែរក្សាការពារធនធានធម្មជាតិ និងត្រូវអប់រំដល់ប្រជាពលរដ្ឋ ក្នុងការចូលរួមថែរក្សា និងអភិរក្សធនធាន ធម្មជាតិឱ្យបានគង់វង្ស ពិសេសការពារដីព្រៃលិចទឹកដោយធ្វើយ៉ាងណាមិនឱ្យមានការចូលកាប់ឆ្កា ឈូសឆាយទន្ទ្រានជាដាច់ខាត។ ករណីនៅតែកើតមានបទល្មើសបំភ្លេចបំផ្លាញធនធានធម្មជាតិ អាជ្ញាធរក្នុងមូលដ្ឋាននោះ ត្រូវតែទទួលខុសត្រូវចំពោះមុខប្រជាពលរដ្ឋ និងចំពោះមុខរាជរដ្ឋាភិបាល។

លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានបញ្ជាក់ប្រាប់ឲ្យដឹងថា ពាក់ព័ន្ធនឹងករណីមានជនល្មើសលួចចូលធ្វើសកម្មភាពឈូសឆាយទន្ទ្រានដីព្រៃលិចទឹក (ដីតំបន់២) នៅក្នុងភូមិសាស្ត្រ ស្រុកជល់គីរី ក្រុមការងារមន្ត្រីជំនាញរបស់លោកកំពុងបន្តធ្វើការស្រាវជ្រាវបន្ថែម លទ្ធផលយ៉ាងណានោះលោកនឹងទទួលបាននៅល្ងាចថ្ងៃនេះ។ បន្ទាប់ពីទទួលបានលទ្ធផលហើយនោះ លោកក៏និងរៀបចំធ្វើរបាយការណ៍ ដាក់ជូនទៅសាលាដំបូងខេត្តកំពង់ឆ្នាំង។

ករណីដែលជនខិលខូចនៅតែបន្តលួចចូលឈូសឆាយដីព្រៃលិចទឹករបស់រដ្ឋ លោកនៅតែអះអាងថា លោកនឹងមិនលើកលែងឲ្យជាដាច់ខាតព្រោះករណីនេះវាកើតឡើងដដែលៗពេក៕