បណ្ណកម្មសិទ្ធិដីធ្លីចំនួន១.២៩៦បណ្ណ ត្រូវបានអាជ្ញាធរខេត្តកំពង់ធំចែកជូនប្រជាពលរដ្ឋ១ភូមិ ក្នុងស្រុកប្រាសាទបល្ល័ង្ក
11-02-2026 16:53
(កំពង់ធំ)៖ លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈកម្មការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត បានផ្ដាំផ្ញើបងប្អូនប្រជាពលរដ្ឋ នៅពេលទទួលបានបណ្ណកម្មសិទ្ធិដីធ្លីហើយ សូមបងប្អូនប្រជាពលរដ្ឋត្រូវគិតគូ ទុកដាក់ថែរក្សាឱ្យបានល្អ ពីព្រោះបណ្ណកម្មសិទ្ធដីធ្លី គឺពិតជាមានសារៈសំខាន់ និងមានតម្លៃណាស់ក្នុងការសម្គាល់សិទ្ធិកាន់កាប់ ការទិញលក់ បញ្ចាំ ដីធ្លីរបស់ខ្លួនស្របតាមច្បាប់ ពិសេសដីមានបណ្ណកម្មសិទ្ធិត្រឹមត្រូវគឺបញ្ជាក់បានថា ដីមានសុវត្ថិភាព ទទួលស្គាល់ដោយអាជ្ញាធរ ចៀសផុតពីការរំលោភបំពាន កាត់បន្ថយជម្លោះ ហើយថែមទាំងងាយស្រួលក្នុងការទិញលក់ផងដែរ។
ប្រសាសន៍ដ៏មានអត្ថន័យនេះត្រូវបានលោក នួន ផារ័ត្ន លើកឡើងនៅក្នុងពិធីចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ១.២៩៦បណ្ណ ជូនប្រជាពលរដ្ឋ១ភូមិ នៅវត្តកំពឺត ភូមិកំពឺត ឃុំសាមគ្គី ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦។
លោកអភិបាលខេត្ត បន្តថា ការចែកបណ្ណកម្មសិទ្ធិដីធ្លីនាពេលនេះ បានរួមចំណែកយ៉ាងសំខាន់ ក្នុងការដោះស្រាយបញ្ហាទំនាស់ដីធ្លី និងជាការផ្ដល់ឲ្យប្រជាពលរដ្ឋមានសិទ្ធិកម្មកាន់កាប់ដីធ្លីរបស់ខ្លួនបានត្រឹមត្រូវស្របតាមច្បាប់ ក្រោមការគិតគូរយ៉ាងហ្មត់ចត់របស់រាជរដ្ឋាភិបាល ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបាន និងកំពុងអនុវត្តយ៉ាងសកម្មលើគោលនយោបាយដីធ្លី ជូនដល់ប្រជាពលរដ្ឋ និងដើម្បីផលប្រយោជន៍របស់ប្រជាពលរដ្ឋយ៉ាងពិតប្រាកដ។
ជាចុងក្រោយលោក នួន ផារ័ត្ន បានអំពាវនាវសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តផ្ដល់ការជឿទុកចិត្ត និងការជឿជាក់មកលើការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៅក្នុងការការពារបូរណភាពទឹករបស់កម្ពុជា ដោយតម្កល់ឧត្តមប្រយោជន៍របស់កម្ពុជាជាធំផងដែរ៕





























