រដ្ឋមន្ត្រី ជា វ៉ាន់ដេត ដឹកនាំគណៈប្រតិភូ ជួបពិភាក្សាការងារជាមួយក្រសួងសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាពប្រទេសហ្ស៊កហ្ស៊ី

11-02-2026 17:23

(ប៊ីលីស៊ី)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានដឹកនាំគណៈប្រតិភូក្រសួង ជួបប្រជុំពិភាក្សាការងារ ជាមួយលោកស្រី Tamar Ioseliani រដ្ឋមន្ត្រីស្ដីទីក្រសួងសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេសហ្សកហ្ស៊ី នាថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦។

កិច្ចប្រជុំរវាងក្រសួងទាំងពីរ មានគោលបំណងពិភាក្សា អំពីកិច្ចសហប្រតិបត្តិការវិស័យឌីជីថល។

ក្នុងជំនួបនេះ ភាគីទាំងសងខាងបានពិភាក្សា និងចែករំលែកបទពិសោធ អំពីការធ្វើបរិវត្តកម្មឌីជីថល រួមមានការអភិវឌ្ឍថ្នាល និងកម្មវិធីរដ្ឋាភិបាលឌីជីថល ក្នុងប្រទេសរៀងៗខ្លួន និងលទ្ធភាពក្នុងការជំរុញកិច្ចសហប្រតិបត្តិការឆ្លងប្រទេស។

ក្រសួងសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាពហ្សកហ្ស៊ី បានកត់សម្គាល់ការរីកចម្រើនផ្នែកឌីជីថលនៅកម្ពុជា និងបានគូសរំលេចអំពីលទ្ធភាពសហការ លើបរិវត្តកម្មឌីជីថលវិស័យនានា ជាពិសេសវិស័យដែលកម្ពុជាមានឧត្ដមភាពប្រកួតប្រជែង មានដូចជាថ្នាល verify.gov.kh ជាដើម។

ទន្ទឹមនេះ ភាគីហ្សកហ្ស៊ីបានអញ្ជើញឱ្យភាគីកម្ពុជា បញ្ជូនអ្នកជំនាញដើម្បីចូលរួមកម្មវិធីជំរុំបញ្ញាសិប្បនិម្មិត ដែលនឹងរៀបចំនៅហ្សកហ្ស៊ីក្នុងពេលឆាប់ៗខាងមុខ៕