Fresh Exclusive: «សម្ពាធ-គំរាម-បង្វិលរឿង» យុទ្ធសាស្ត្រដែលថៃកំពុងប្រើដើម្បីបង្ខំកម្ពុជា ឲ្យនៅស្ងៀម ខណៈកម្ពុជាប្តេជ្ញាមិនទទួលស្គាល់ការកែព្រំដែនដោយកម្លាំងឡើយ (Video inside)
11-02-2026 18:06
(ភ្នំពេញ)៖ បើកម្ពុជានិយាយថា «ថៃឈ្លានពាន» នោះថៃចោទថា «កម្ពុជាញុះញង់» បើកម្ពុជានិយាយចូលច្បាប់អន្តរជាតិ នោះថៃចោទថា កម្ពុជា «បង្ករឿងហេតុ» ហើយបើកម្ពុជា ប្រឹងស្វែងរកភស្តុតាងប្រវត្តិសាស្ត្រ នោះថៃកាន់តែដាក់សម្ពាធ គំរាមកម្ពុជា មិនឱ្យធ្វើរឿងនោះធំឡើង។ នេះមិនមែនជាការប្រែប្រួលភាសាការទូតសាមញ្ញទេ វាជាយុទ្ធសាស្ត្រសម្ពាធ ដើម្បីបង្កើត «អំណាចលើសម្តីរបស់ខ្លួនឯង» ជាមួយនឹងការបង្កើត «ខ្សែបន្ទាត់ព្រំដែនថ្មី» នៅក្នុងពេលតែមួយ។
ក្នុងពេលដែលរាជរដ្ឋាភិបាលកម្ពុជា បន្តអះអាងថា ព្រំដែនកម្ពុជា-ថៃ ជាព្រំដែនអន្តរជាតិ ដែលត្រូវបានការពារដោយច្បាប់អន្តរជាតិ និងត្រូវដោះស្រាយដោយសន្តិវិធីតាមយន្តការ JBC និងផ្លូវច្បាប់ សំណួរគន្លឹះពេលនេះ មិនមែនថាតើ «កម្ពុជាគួរនិយាយខ្លាំងប៉ុណ្ណា» ទេ ប៉ុន្តែថា តើថៃកំពុងលេងហ្គេមអ្វី ដើម្បីចង់ឲ្យកម្ពុជានិយាយតិច ឬចង់បិទមាត់មិនឱ្យកម្ពុជានិយាយអ្វីទាំងអស់?
* យុទ្ធសាស្ត្ររបស់ថៃ៖ «បង្កើតសម្ពាធ» ខណៈ «បង្វិលរឿង»
ការគំរាមថា «អាចមានសង្គ្រាមផ្ទុះជាលើកទី៣» ឬការចោទថា កម្ពុជារំខាន ឬញុះញង់ វាមិនមែនជាគោលបំណងពិតប្រាកដ ក្នុងការចង់ចាប់ផ្តើមសង្គ្រាមពេញទំហឹងនោះទេ។ នៅក្នុងយុទ្ធសាស្ត្រសម័យថ្មី យុទ្ធសាស្ត្រនេះ អាចមានគោលបំណងធំ៣៖
ក. បង្កើតសម្ពាធផ្លូវចិត្ត៖ សម្តីគំរាមថានឹងអាចមានសង្គ្រាមផ្ទុះជាលើកទីបី គឺជាយុទ្ធសាស្ត្របង្កឱ្យមានអារម្មណ៍ភ័យ និងអស់សង្ឃឹម។ នៅពេលសង្គមភ័យ វាងាយបែកបាក់ វាងាយជឿលើព័ត៌មានក្លែងក្លាយណាស់ និងក៏អាចងាយបង្ខំឲ្យរដ្ឋដែលរងសម្ពាធ «ប្តូរជំហរ» ដើម្បីភាពស្ងប់ស្ងាត់ទៅវិញ ឱ្យបានឆាប់រហ័សផងដែរ។
ខ. បង្វិលរឿង៖ ការប្រើប្រាស់ព័ត៌មានក្លែងក្លាយ និងការចោទថា កម្ពុជាជាអ្នកញុះញង់ ឬចោទថាកម្ពុជា ជា អ្នកបង្ករឿង វាគឺជាវិធីបំលែងមួយដើម្បីឲ្យសហគមន៍អន្តរជាតិឃើញថា «ភាគីទាំងពីរខុសស្មើគ្នា»។ នៅជាមួយគ្នានេះ ឯកសារផ្លូវការរបស់ថៃខ្លះ ក៏បានសរសេរចោទកម្ពុជា និងធ្វើជានិយាយអំពាវនាវឲ្យ «បញ្ឈប់ព័ត៌មានបំភ្លៃ និងសកម្មភាពបង្ករំខាន»។ យុទ្ធសាស្ត្រនោះ គឺមានបំណងធ្វើឲ្យខូចរូបភាពទាំងសងខាង និងធ្វើឱ្យសាធារណមតិគិតថា វាជាដំណើរបញ្ច្រាសផ្ទុយនឹងកិច្ចប្រឹងប្រែង ដែលនិយាយអំពីការស្វែងរកដំណោះស្រាយដោយសន្តិវិធី។
គ. បង្កើត «ការពិតលើដី»៖ នៅពេលដែលមានការដាក់កុងតេណ័រ រាយលួស រារាំងផ្លូវ ឬសាងសង់អ្វីៗលើតំបន់ដែលមានជម្លោះ ដែលភាគីកម្ពុជាកំពុងប្រកែកតវ៉ា ថៃកាន់តែជម្រុញនូវវិធីធ្វើឲ្យ «ស្ថានភាពលើដី» ក្លាយជាអាវុធសម្រាប់ចរចា៖ មានន័យថា យករបស់ដែលបានកាន់កាប់ទៅធ្វើជាសាក្សីជាក់ស្តែងនៅក្នុងកិច្ចចរចា។ ក្នុងន័យនេះ បើស្ថានភាពលើដីត្រូវបានទុកឱ្យបន្តយូរ វាអាចក្លាយជាសាក្សីជាក់ស្តែងក្នុងកិច្ចចរចា ដែលបង្ខំឱ្យភាគីម្ខាងទៀត ត្រូវពិចារណា «ស្ថានភាពបច្ចុប្បន្ន» ជំនួស «ស្ថានភាពតាមច្បាប់ដើម»។
ក្នុងច្បាប់អន្តរជាតិ មានគោលការណ៍សំខាន់មួយដែលចែងថា ការបង្កើតស្ថានភាពក្រោមសម្ពាធកម្លាំង មិនអាចបង្កើតសិទ្ធិស្របច្បាប់បានឡើយ។ ប៉ុន្តែក្នុងការអនុវត្តនយោបាយ ប្រសិនបើស្ថានភាពលើដី មិនត្រូវបានប្រឆាំងភ្លាមៗ ឬមិនត្រូវបានបន្តតវ៉ាដោយជាប់ជានិច្ចទេ វាអាចបង្កើតការយល់ឃើញថា ភាគីម្ខាងទៀត «ទទួលយកដោយអព្យាក្រឹត»។
នេះហើយជាមូលហេតុ ដែលកម្ពុជាបានធ្វើការតវ៉ាជាផ្លូវការចំពោះការដាក់កុងតេណ័រ និងសកម្មភាពពាក់ព័ន្ធទាំងឡាយ ដែលត្រូវបានចាត់ទុកថា ប៉ះពាល់ដល់អធិបតេយ្យភាព និងបូរណភាពទឹកដីជាតិ។ ការតវ៉ាជាផ្លូវការ មិនមែនជាការបង្ហាញអារម្មណ៍ទេ ប៉ុន្តែជាវិធីការពារទីតាំងច្បាប់ ដើម្បីកុំឲ្យស្ថានភាពបច្ចុប្បន្ន ក្លាយជាស្ថានភាពស្របច្បាប់ក្នុងអនាគត។
ក្នុងន័យនេះ «ការពិតលើដី» គឺជាយុទ្ធសាស្ត្រដែលពឹងផ្អែកលើពេលវេលា។ បើគ្មានការឆ្លើយតបផ្លូវច្បាប់ និងការទូតជាប់ជានិច្ចទេ វាអាចធ្វើឲ្យស្ថានភាពបណ្តោះអាសន្នក្លាយជាចំណុចចាប់ផ្តើមថ្មីក្នុងការចរចា។ ប៉ុន្តែបើមានការតវ៉ា និងការកត់ត្រាផ្លូវការជាប់ជានិច្ច វានឹងបន្តរក្សាគោលជំហរដើម និងបង្ហាញថា កម្ពុជាមិនដែលទទួលស្គាល់ការកែប្រែព្រំដែនដោយកម្លាំងឡើយ។
* យន្តការទ្វេភាគី គឺជាយន្តការស្របច្បាប់ ប៉ុន្តែទ្វេភាគីក្រោមសម្ពាធកម្លាំង វាគឺជាបញ្ហាធំ
ថៃតែងលើកឡើងថា ជម្លោះព្រំដែនគួរត្រូវបានដោះស្រាយតាម យន្តការទ្វេភាគី និងមិនគួរយកតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ជាជម្រើសសម្រាប់ដោះស្រាយករណីថ្មីៗឡើយ។ តាមគោលការណ៍ច្បាប់អន្តរជាតិ ការចរចាទ្វេភាគី គឺជាវិធីសាស្ត្រដែលស្របច្បាប់ និងត្រូវបានទទួលស្គាល់។ មាត្រា៣៣ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ក៏បានលើកឡើងថា រដ្ឋអាចដោះស្រាយជម្លោះដោយចរចា ការសម្រុះសម្រួល ឬវិធីសាស្ត្រផ្សេងៗដោយសន្តិវិធី។ ប៉ុន្តែបញ្ហាមិនស្ថិតនៅលើ «ទ្វេភាគី» ឡើយ បញ្ហាស្ថិតនៅលើបរិបទនៃការចរចា។
បើការចរចាទ្វេភាគីកើតឡើងក្រោមលក្ខខណ្ឌ «មានការគំរាមកំហែង ឬការប្រើកម្លាំង» «មានការបង្កើតស្ថានភាពថ្មីលើដី» «មានការបង្ខំឲ្យភាគីមួយឱ្យនៅស្ងៀម ឬមិនអាចប្រើពាក្យពិតប្រាកដក្នុងការពិពណ៌នាស្ថានភាព» នោះវាអាចប៉ះពាល់ដល់គោលការណ៍ស្នូលមួយនៃច្បាប់អន្តរជាតិគឺ ស្មារតីស្ម័គ្រចិត្តពេញលេញ (free consent)។
ក្រោមអនុសញ្ញាវីយែន ស្តីពីច្បាប់សន្ធិសញ្ញា (Vienna Convention on the Law of Treaties) កិច្ចព្រមព្រៀងណាដែលកើតឡើងក្រោមការគំរាមកំហែង ឬការប្រើកម្លាំង អាចត្រូវបានចាត់ទុកថា ខ្វះសុពលភាព។ មានន័យថា បើ «ស្ថានភាពលើដី» ត្រូវបានបង្កើតជាមុន ហើយបន្ទាប់មកយកទៅធ្វើជាចំណុចចាប់ផ្តើមក្នុងការចរចា នោះការចរចាអាចផ្លាស់ប្តូរពីវេទិកា «ស្តារតាមច្បាប់» ទៅជាវេទិកា «ទទួលស្គាល់ការកាន់កាប់» ដោយប្រយោល នេះហើយជាបញ្ហាធំ។
ច្បាប់អន្តរជាតិមានគោលការណ៍ដ៏ច្បាស់លាស់ថា ការកែប្រែព្រំដែនដោយកម្លាំង មិនអាចបង្កើតសិទ្ធិស្របច្បាប់បានឡើយ។ ដូច្នេះ ប្រសិនបើការចរចាទ្វេភាគី ត្រូវបានប្រើ ដើម្បីធ្វើឲ្យភាគីម្ខាងទៀត «ស្ងៀម» ឬទទួលស្គាល់ស្ថានភាពបច្ចុប្បន្នដោយអព្យាក្រឹត នោះវាមិនមែនជាការចរចាស្មោះត្រង់ទេ ប៉ុន្តែជាការប្រើអំណាចយោធាឲ្យក្លាយជាអំណាចចរចា។
* ផ្លូវវែងរបស់កម្ពុជា៖ ច្បាប់ ភស្តុតាង ការទូត
កម្ពុជាកំពុងបង្ហាញជំហរច្បាស់ថា ការដោះស្រាយជម្លោះព្រំដែន មិនអាចផ្អែកលើអារម្មណ៍ ឬស្ថានភាពបណ្តោះអាសន្នលើដីបានឡើយ ប៉ុន្តែត្រូវផ្អែកលើច្បាប់អន្តរជាតិ ភស្តុតាងប្រវត្តិសាស្ត្រ និងឯកសារបច្ចេកទេស ជាគ្រឹះសម្រាប់ដំណោះស្រាយយូរអង្វែង។ ការស្នើសុំឯកសារពាក់ព័ន្ធពីប្រទេសបារាំងដែលមានតួនាទីប្រវត្តិសាស្ត្រក្នុងការកំណត់ព្រំដែនតាមសន្ធិសញ្ញា ឆ្នាំ១៩០៤និង១៩០៧ ត្រូវបានរាយការណ៍ថា ជាជំហានស្វែងរកភស្តុតាងផ្លូវការ ដើម្បីគាំទ្រជំហររបស់កម្ពុជា។ វាមិនមែនជាចលនានយោបាយភ្លាមៗទេ ប៉ុន្តែជាវិធីសាស្ត្រប្រមូល «មូលដ្ឋានភស្តុតាង» ដែលអាចឈរបាននៅក្នុងវេទិកាអន្តរជាតិ។
ជំហរនេះអាចមើលទៅយឺត ប៉ុន្តែវាអាចធ្វើឲ្យការទាមទារក្លាយជាករណីដែលមានមូលដ្ឋានច្បាស់លាស់ អាចឆ្ពោះទៅកាន់ការទទួលស្គាល់អន្តរជាតិ និងកាត់បន្ថយភាពអាចបំភ្លៃ ឬបង្វិលរឿងបាន។ ប្រវត្តិសាស្ត្រករណីប្រាសាទព្រះវិហារ បង្ហាញរួចមកហើយថា ការប្រើប្រាស់ផ្លូវច្បាប់អន្តរជាតិ អាចចំណាយពេលយូរ ឆ្នាំ១៩៦២ និងការបកស្រាយបន្ថែមឆ្នាំ២០១៣ ប៉ុន្តែបានបង្កើតមូលដ្ឋានច្បាប់ដែលមានស្ថិរភាព និងទទួលស្គាល់ជាសកល។
នៅក្នុងពេលតែមួយ ស្ថានភាពមនុស្សធម៌តាមព្រំដែន ការបាត់បង់ជីវិត និងការផ្លាស់ទីលំនៅ ត្រូវបានសារព័ត៌មានអន្តរជាតិរាយការណ៍ជាបន្តបន្ទាប់ សូម្បីនៅក្នុងបរិបទមានបទឈប់បាញ់ជាច្រើនលើកក៏ដោយ។ នេះបង្ហាញថា «ភាពស្ងប់ស្ងាត់បណ្តោះអាសន្ន» មិនស្មើនឹង «ស្ថិរភាពយូរអង្វែង» ទេ។
នោះហើយជាមូលហេតុដែល «ការរកយុត្តិធម៌» និង «ការកុំឲ្យសង្គ្រាមត្រឡប់មកវិញ» មិនអាចផ្អែកលើការចុះសម្រុងខ្លីៗ ឬសម្ពាធភ្លាមៗបានឡើយ។ វាត្រូវការជ្រើសយកផ្លូវដែលអាចឈរបានយូរ ផ្លូវដែលមានច្បាប់គាំទ្រ មានភស្តុតាងគាំទ្រ និងមានការទូតគាំទ្រ។ ផ្លូវនេះ អាចមិនឆាប់ឃើញលទ្ធផលភ្លាមៗ ប៉ុន្តែវាអាចបង្កើតស្ថិរភាពដែលកាត់បន្ថយហានិភ័យនៃជម្លោះនាពេលអនាគត និងធ្វើឲ្យសន្តិភាពក្លាយជាការពិតមិនមែនជាការផ្អាកបណ្តោះអាសន្ន។
* តើពលរដ្ឋខ្មែរ «គប្បីធ្វើយ៉ាងណា» ក្នុងសង្គ្រាមព័ត៌មានក្លែងក្លាយ?
នេះជាចំណុចសំខាន់បំផុត។ ពេលសត្រូវប្រើសម្ពាធ គោលដៅមួយ គឺធ្វើឲ្យសង្គមខ្មែរ «ចាញ់ផ្លូវចិត្ត» មុនចាញ់លើផែនទី។ ដូច្នេះពលរដ្ឋខ្មែរ គួរធ្វើកិច្ចការយ៉ាងហោច៦យ៉ាងដូចតទៅនេះ៖
១. មិនចែករំលែកព័ត៌មានដែលគ្មានប្រភព
២. កុំឲ្យអារម្មណ៍ «ខឹងភ្លាម» ក្លាយជាឧបករណ៍ ឲ្យអ្នកដទៃបង្វិលរឿង
៣. គាំទ្រជំហរច្បាប់ និងការទូត ដោយយល់ថា «ផ្លូវវែង» មិនមែន «ផ្លូវខ្សោយ»
៤. គាំទ្រជនភៀសសឹក និងជនរងគ្រោះ ដោយអនុវត្តសាមគ្គីភាពជាក់ស្តែង ទាំងជំនួយមនុស្សធម៌ និងទាំងការយកចិត្តទុកដាក់
៥. ការរិះគន់អាចធ្វើបាន តែត្រូវទទួលខុសត្រូវ ដោយកុំឲ្យការរិះគន់ក្លាយជាអាវុធបំបែកបំបាក់ជាតិ
៦. ការរក្សាជំនឿលើជាតិ មានន័យថា គិតជ្រាលជ្រៅ ហើយឈរលើគោលការណ៍ដែល ជាតិបានកំណត់។ នៅក្នុងសង្គ្រាមព័ត៌មាន សត្រូវ មិនត្រូវការកាំភ្លើងដើម្បីបំបែកសង្គមទេ។ គេត្រូវការតែការបាត់បង់ជំនឿ និងការបែកបាក់ផ្លូវចិត្ត។ ដូច្នេះការរក្សាជំនឿលើជាតិ គឺជាការរក្សាសមត្ថភាពគិតដោយតក្កវិជ្ជា មិនឲ្យអារម្មណ៍ភ័យ ឬកំហឹង បំផ្លាញសមត្ថភាពវិនិច្ឆ័យឡើយ។
សេចក្តីសន្និដ្ឋាន៖ យុទ្ធសាស្ត្រគំរាម និងព័ត៌មានក្លែងក្លាយ មិនមែនមានគោលបំណងត្រឹមបង្កអារម្មណ៍ភ័យប៉ុណ្ណោះទេ ប៉ុន្តែជាការប៉ុនប៉ងធ្វើឲ្យកម្ពុជាស្ងៀមស្ងាត់ និងឲ្យ «ស្ថានភាពលើដី» ក្លាយជាការពិតថ្មីដោយបណ្តោះអាសន្ន។ ប៉ុន្តែស្ថានភាពបណ្តោះអាសន្ន មិនអាចជំនួសស្ថានភាពតាមច្បាប់បានឡើយ។ កម្លាំងអាចបង្កសម្ពាធបាន ប៉ុន្តែមិនអាចបង្កើតសិទ្ធិស្របច្បាប់បានទេ។
កម្ពុជាមិនគួរ ត្រូវបានបង្ខំឲ្យជ្រើសរើសរវាង «និយាយការពិត» និង «ការពារសន្តិភាព» ឡើយ ព្រោះការពារច្បាប់អន្តរជាតិ និងការពារសន្តិភាព មិនមែនជាជម្រើសផ្ទុយគ្នាទេ។ ពួកវាជាគ្រឹះដូចគ្នា។ ការនិយាយការពិតដោយផ្អែកលើភស្តុតាង និងច្បាប់ គឺជាវិធីមួយក្នុងការកាត់បន្ថយហានិភ័យនៃសង្គ្រាម មិនមែនជាការបង្កសង្គ្រាមឡើយ។ អ្វីដែលត្រូវការបំផុតនៅពេលនេះ គឺភាពរឹងមាំផ្លូវចិត្ត ភាពឯកភាពជាតិ និងវិន័យព័ត៌មាន។ នៅក្នុងសង្គ្រាមសម័យថ្មី ព័ត៌មានអាចក្លាយជាអាវុធ។ ដូច្នេះការរក្សាជំនឿលើគោលការណ៍ និងការគិតដោយតក្កវិជ្ជា គឺជាការពារជាតិមួយប្រភេទដូចគ្នា។
យើងអាចឈឺ ប៉ុន្តែមិនដួល។ យើងអាចរបួស ប៉ុន្តែមិនបោះបង់។ យើងអាចប្រឈមសម្ពាធ ប៉ុន្តែមិនអនុញ្ញាតឲ្យការគំរាម បង្ខំឱ្យជាតិយើងនៅស្ងៀម ឬចុះចាញ់ដោយស្ងប់ស្ងាត់ឡើយ៕











