ស្រ្តីម្នាក់ត្រូវបានតុលាការផ្តន្ទាទោសឱ្យជាប់ពន្ធនាគារ៦ឆ្នាំ ករណីលួចប្រកបវិជ្ជាជីវៈមេធាវី, ក្លែងបន្លំ ឯកសារសាធារណៈ និងប្រើប្រាស់ឯកសារសាធារណៈក្លែង

11-02-2026 20:44

(ភ្នំពេញ)៖ ស្រ្តីម្នាក់ត្រូវបានតុលាការផ្តន្ទាទោសឱ្យជាប់ពន្ធនាគារ៦ឆ្នាំ និង ពិន័យជាប្រាក់ ៨លានរៀល ពីបទ លួចប្រកបវិជ្ជាជីវៈមេធាវី, ក្លែងបន្លំ ឯកសារសាធារណៈ និងប្រើប្រាស់ឯកសារសាធារណៈក្លែង ប្រព្រឹត្តនៅរាជធានីភ្នំពេញ។ នេះបើយោងតាមសេចក្តីព័ត៌មាន គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។

គណៈមេធាវីកម្ពុជាបានបញ្ជាក់ថា ស្រ្តីឈ្មោះ អ៊ុយ ចន្ទី ភេទស្រី កើតឆ្នាំ១៩៨១ មានអាសយដ្ឋានផ្ទះលេខ៣សេ ផ្លូវលេខ៧០៥ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ត្រូវគណៈមេធាវីប្តឹង ពីបទលួចប្រកបវិជ្ជាជីវៈមេធាវី, ក្លែងបន្លំឯកសារសាធារណៈ និងប្រើប្រាស់ឯកសារសាធារណៈក្លែង ទៅសាលាដំបូងរាជធានីភ្នំពេញ។

ក្រោយចំណាត់ការនីតិវិធីជាបន្តបន្ទាប់ នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៦ សាលាដំបូង រាជធានីភ្នំពេញ បានបើកសវនាការនិងប្រកាសសាលក្រម ដោយបានសម្រេចផ្តន្ទាទោសលើជនជាប់ ចោទឈ្មោះ អ៊ុយ ចន្ធី ភេទស្រី កើតឆ្នាំ១៩៨១ ដាក់ពន្ធនាគារកំណត់៦ឆ្នាំ និង ពិន័យជាប្រាក់ ៨លានរៀល ពីបទ លួចប្រកបវិជ្ជាជីវៈមេធាវី, ក្លែងបន្លំ ឯកសារសាធារណៈ និងប្រើប្រាស់ឯកសារសាធារណៈក្លែង ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពី អំឡុងខែសីហា ឆ្នាំ២០២៣ តាមបញ្ញត្តិមាត្រា៣, មាត្រា៤ និងមាត្រា៧៧ នៃច្បាប់ស្តីពីលក្ខន្តិកៈ មេធាវី មាត្រា៦២៩ និងមាត្រា៦៣០ នៃក្រមព្រហ្មទណ្ឌ និងបានបង្គាប់ឱ្យសងសំណងការខូច ខាតចំនួន ៤០.០០០.០០០ (សែសិបលាន) រៀល ទៅដើមបណ្តឹងរដ្ឋប្បវេណី (គណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា)។

ការប្រកាសកាលក្រមនេះ ធ្វើឡើងកាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ ចំពោះមុខដើម បណ្តឹងរដ្ឋប្បវេណី ចំពោះមុខមេធាវីការពារសិទ្ធិឱ្យជនជាប់ចោទ និងកំបាំងមុខជនជាប់ចោទ ដោយទុកសិទ្ធិប្តឹងទាស់ និងប្តឹងឧទ្ធរណ៍តាមកំណត់ច្បាប់ ។ ជាមួយគ្នានោះសាលាដំបូងរាជ ធានីភ្នំពេញ ក៏បានសម្រេចប្រើវិធាននៃមាត្រា៣៥៣ នៃក្រមនីតិវិធីព្រហ្មទណ្ឌផងដែរ៕