រដ្ឋមន្រ្តី ឈាង រ៉ា៖ ការពង្រឹងភាពជាអ្នកដឹកនាំ នឹងនាំទៅដល់ការធានាបាននូវភាពធន់របស់ប្រព័ន្ធសុខាភិបាល ចំពោះមុខការប្រឈមនាពេលខាងមុខ

11-02-2026 22:06

(ភ្នំពេញ)៖ ថ្លែងទៅកាន់មន្រ្តីក្រោមឳវាទប្រមាណ ៣,៣៤៨នាក់ តាមប្រព័ន្ធវីដេអូសន្និសីទ(Zoom) ក្នុងឳកាសដឹកនាំវគ្គបណ្តុះបណ្តាល ភាពអ្នកដឹកនាំ និងនវានុវត្តន៍
លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានគូសបញ្ជាក់ថា ការពង្រឹងភាពជាអ្នកដឹកនាំ នឹងនាំទៅដល់ការធានាបាននូវភាពធន់របស់ប្រព័ន្ធសុខាភិបាល ចំពោះមុខការប្រឈមនាពេលខាងមុខ។

លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានលើកយកបទពិសោធន៍ជាក់ស្តែងនៃការដឹកនាំ ដែលធ្វើឱ្យការងារសុខាភិបាលមានប្រសិទ្ធិភាពមកបង្ហាញដូចជា៖

១៖គោលដៅចុងក្រោយបង្អស់របស់ការដឹកនាំ គឺមិនមែនសម្រាប់បម្រើផលប្រយោជន៍បុគ្គលទេ តែជាការកសាងមូលដ្ឋានគ្រឹះសម្រាប់អោយសង្គមទាំងមូលអាចទទួលបាននូវភាពរីកចំរើន។

២៖ នៅក្នុងដំណើរនៃការដឹកនាំ អ្នកដឹកនាំត្រូវតែមានគុណភាពប្រកបដោយភាពរស់រវើក និងមិនបណ្តែតបណ្តោយដោយមិនខ្វល់ខ្វាយពីគោលដៅ

៣៖ ការពង្រឹងភាពជាអ្នកដឹកនាំអាចជួយឱ្យប្រព័ន្ធសុខាភិបាលកាន់តែមានភាពធន់ ដែលអាចឆ្លើយតបទៅនឹងវិបត្តិផ្សេងៗដែលអាចកើតមាន

៤៖ អ្នកដឹកនាំត្រូវប្រើប្រាស់ភាពវាងវៃរបស់ខ្លួនគិតគូរពីយុទ្ធសាស្រ្ត ប្រមើលមើលពីបញ្ហាប្រឈម និងប្រយ័ត្នប្រយែងក្នុងការងារប្រចាំថ្ងៃ

៥៖ អ្នកដឹកនាំត្រូវធ្វើការដឹកនាំ ដែលចេញពីភាពជាក់ស្តែង ដោយធ្វើការនៅលើទីលានផ្ទាល់ និងត្រូវធ្វើការដោយភាពស្មោះត្រង់ ជាមួយនឹងសុខភាពប្រជាជន។

ក្នុងវគ្គភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ នៅរសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦នេះដែរ ក្រុមការងារមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ បានធ្វើបទបង្ហាញពីការប្រើប្រាស់PDIA សម្រាប់ដោះស្រាយបញ្ហាកកស្ទះនៅផ្នែកសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យក្នុងឆ្នាំ២០២៥កន្លងមក ដោយទទួលបានលទ្ធផលល្អ៕