គិតត្រឹមចុងឆ្នាំ២០២៥ ការផ្គត់ផ្គង់អគ្គិសនីគ្របដណ្តប់លើភូមិចំនួន ១៤ ៤៣៨ ស្មើនឹង ៩៩.០៩%នៃភូមិទាំងអស់ទូទាំងប្រទេស
12-02-2026 09:50
(ភ្នំពេញ)៖ លោក យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា បានឱ្យដឹងថា នៅចុងឆ្នាំ២០២៥ ការផ្គត់ផ្គង់អគ្គិសនីបានគ្របដណ្តប់លើភូមិចំនួន ១៤,៤៣៨ កើនឡើងចំនួន ៣៩០ភូមិ ប៉ុន្តែបើគិតជាភាគរយប្រៀបធៀបជាមួយស្ថិតិចំនួនភូមិសរុបថ្មី បានថយចុះពី ៩៩.១៥% មក ៩៩.០៩%។
ការឱ្យដឹងបែបនេះរបស់លោក យឹម វិសិដ្ឋ បានធ្វើឡើងក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារអនុវត្តសម្រាប់ឆ្នាំ២០២៦ របស់អាជ្ញាធរអគ្គិសនីកម្ពុជា ដែលធ្វើឡើងក្រោមអធិបតីភាពលោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ នាសណ្ឋាគារសុខាភ្នំពេញ។
លោក យឹម វិសិដ្ឋ បានលើកឡើងថា នៅចុងឆ្នាំ២០២៣ ការផ្គត់ផ្គង់អគ្គិសនីបានគ្របដណ្តប់លើភូមិចំនួន ១៤,០០៨ ស្មើ ៩៨.៨៧%។ មកដល់ចុងឆ្នាំ២០២៤ ការផ្គត់ផ្គង់អគ្គិសនីបានគ្របដណ្តប់លើភូមិចំនួន ១៤,០៤៨ ស្មើ ៩៩.១៥% កើនឡើងចំនួន ៤០ភូមិ។
ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា បានបញ្ជាក់ថា មូលហេតុចំនួនភាគរយប្រៀបធៀបជាមួយចំនួនភូមិសរុប មានការថយចុះនេះ ដោយសារកន្លងមក អាជ្ញាធរអគ្គិសនីកម្ពុជាបានប្រើប្រាស់ស្ថិតិភូមិសរុប ១៤,១៦៨ ប៉ុន្តែសម្រាប់ឆ្នាំ២០២៥ អាជ្ញាធរអគ្គិសនីកម្ពុជាបានប្រើប្រាស់ស្ថិតិភូមិសរុបថ្មី ដែលមានចំនួន ១៤,៥៧០ គឺចំនួនភូមិបានកើនឡើង ៤០២ភូមិ។ ផ្អែកតាមគម្រោងផែនការក្នុងរយៈពេល ២-៣ឆ្នាំខាងមុខ ទាំងអគ្គិសនីកម្ពុជា និងទាំងសេវាករឯកជន អាចមានលទ្ធភាពពង្រីកការផ្គត់ផ្គង់អគ្គិសនីពីបណ្តាញជាតិបាន៦៧ ភូមិទៀត។
ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា បានគូសបញ្ជាក់ថាដូច្នេះ៖ «យើងអាចសល់ភូមិចំនួន៦៥ ត្រូវជា ០.៤៥% ដែលអាចពុំមានការផ្គត់ផ្គង់ពីបណ្តាញជាតិ។ ភូមិដែលនៅសល់ទាំងនេះ ជាភូមិមានស្ថានភាពពិបាកខ្លាំង ដូចជា ភូមិស្ថិតនៅតំបន់ដាច់ស្រយាលខ្លាំង, តំបន់គ្មានផ្លូវធ្វើដំណើរ, តំបន់កោះ, តំបន់រស់នៅបណ្តែតទឹក, តំបន់លិចទឹកនៅរដូវវស្សា, តំបន់មានប្រជាពលរដ្ឋរស់នៅរាយប៉ាយ, តំបន់តាំងទីលំនៅថ្មី ជាដើម ដែល ត្រូវការទុនយ៉ាងច្រើន និងមានភាពស្មុគស្មាញ ប្រសិនបើយើងត្រូវពង្រីកការផ្គត់ផ្គង់ពីបណ្តាញជាតិទៅកាន់ទីនោះ»។
បើតាមលោក យឹម វិសិដ្ឋ ប្រភពអគ្គិសនី៖ អានុភាពសរុបនៃប្រភពអគ្គិសនីដែលបានអភិវឌ្ឍ មានការកើនឡើងពី ៤,៦៤មេហ្កាវ៉ាត់ នៅចុងឆ្នាំ២០២៣ ដល់ ៥,១៨៣មេហ្កាវ៉ាត់ នៅចុងឆ្នាំ២០២៤ និងដល់ ៥,៩៣២មេហ្កាវ៉ាត់ នៅចុងឆ្នាំ២០២៥។ ជាមួយគ្នានេះ ល្បាយនៃថាមពលកកើតឡើងវិញ បានកើនឡើងពី ២,២៧៧ មេហ្កាវ៉ាត់ ស្មើ ៥៧.២៥ភាគរយ នៅចុងឆ្នាំ២០២៣ ដល់ ២,៨១១ មេហ្កាវ៉ាត់ ស្មើ ៦២.៣១ភាគរយ នៅចុងឆ្នាំ២០២៤ និងដល់ ៣,៣២៥ មេហ្កាវ៉ាត់ ស្មើ ៦៣.២៣ភាគរយ នៅចុងឆ្នាំ២០២៥។ ដោយឡែក បរិមាណថាមពលដែលបានប្រើប្រាស់ចេញពីប្រភពអគ្គិសនីខាងលើ បានកើនឡើងពី ១៦,៨០៤លានគីឡូវ៉ាត់ម៉ោង នៅឆ្នាំ២០២៣ មក ១៩,៩៧២លានគីឡូវ៉ាត់ម៉ោងនៅឆ្នាំ២០២៤ និង ២២,៣៦១លានគីឡូវ៉ាត់ម៉ោងនៅឆ្នាំ២០២៥។
សម្រាប់ប្រព័ន្ធបណ្តាញបញ្ជូនអគ្គិសនី៖ នៅចុងឆ្នាំ២០២៣ មានបណ្តាញបញ្ជូនអគ្គិសនី ៣,៧០៨គីឡូម៉ែត្រ និងអនុស្ថានីយចំនួន៦៨។ មកដល់ចុងឆ្នាំ២០២៤ បណ្តាញបញ្ជូនអគ្គិសនីបានឡើងដល់ ៣,៨៩០គីឡូម៉ែត្រ គឺកើន ១៨២គីឡូម៉ែត្រ និងអនុស្ថានីយបានឡើងដល់៧០ គឺកើនចំនួន២ អនុស្ថានីយ។ ដោយឡែក នៅចុងឆ្នាំ២០២៥ បណ្តាញបញ្ជូនអគ្គិសនីបានកើនដល់ ៤,៣០២ គីឡូម៉ែត្រ គឺកើន ៤១២គីឡូម៉ែត្រ និងអនុស្ថានីយកើនដល់៧៥ គឺកើនចំនួន ៥អនុស្ថានីយ។ បច្ចុប្បន្ននេះ យើងមានខ្សែបណ្តាញបញ្ជូន និងអនុស្ថានីយអាចផ្តល់ប្រភពអគ្គិសនីដល់រាជធានី/ខេត្ត ចំនួន២៥ ដោយផ្ទាល់។
ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា បានរម្លឹកថា ការភ្ជាប់ចរន្តឱ្យអ្នកប្រើប្រាស់៖ នៅចុងឆ្នាំ២០២៣ ការភ្ជាប់ចរន្តអគ្គិសនីឱ្យលំនៅឋានប្រជាពលរដ្ឋមានចំនួន ៣,៤៥៩,៣៧២ ស្មើ ៩៤.០២%។ មកដល់ចុងឆ្នាំ២០២៤ ការភ្ជាប់ចរន្តអគ្គិសនីឱ្យលំនៅឋានប្រជាពលរដ្ឋ កើនដល់ ៣,៥៩៨,២៣៩ ស្មើ ៩៥.២៤% គឺកើន ១៣៨,៨៦៧ ស្មើ ១.២២%។ ដោយឡែក មកដល់ចុងឆ្នាំ២០២៥ ការភ្ជាប់ចរន្តអគ្គិសនីឱ្យលំនៅឋានប្រជាពលរដ្ឋ កើនដល់ ៣,៧១៦,២២០ ស្មើ ៩៥.៨៨% គឺកើន ១១៧,៩៨១ ស្មើ ០.៦៤%៕





























