កម្ពុជា-ប្រេស៊ីល បន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម សំដៅបង្កើនទំហំកសិ-ពាណិជ្ជកម្ម បំពេញគ្នាទៅវិញទៅមក
12-02-2026 10:30
(ភ្នំពេញ)៖ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងជំនួបជាមួយលោកស្រី Viviana Loss Sanmartin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ប្រចាំព្រះរាជាណាចក្រកម្ពុជា បានបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម សំដៅបង្កើនទំហំកសិ-ពាណិជ្ជកម្ម បំពេញគ្នាទៅវិញទៅមក។ ជំនួបសម្តែងការគួរសម និងពិភាក្សាការងារនេះ បានរៀបចំឡើងនៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦។
នាឱកាសនោះ លោករដ្ឋមន្រ្តី បានសម្តែងការស្វាគមន៍ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ និងពិភាក្សាអំពីលទ្ធភាពកសិ-ពាណិជ្ជកម្មរវាងប្រទេសទាំងពីរដើម្បីបំពេញបន្ថែមគ្នាទៅវិញទៅមក។
លោករដ្ឋមន្រ្តី បានគូសបញ្ជាក់អំពីកសិផលសក្តានុពលកម្ពុជា រួមមាន៖ អង្ករ ដំឡូងមី ស្វាយចន្ទី ជាដើម ដែលជាឱកាសសម្រាប់វិស័យឯកជនប្រេស៊ីលសហការធ្វើការវិនិយោគលើការកែច្នៃ វេចខ្ចប់ ការធ្វើទីផ្សារផលិតផល និងនាំចេញទៅទីផ្សារអន្តរជាតិ។
តាមរយៈកិច្ចប្រជុំនេះ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះការរីកលូតលាស់កិច្ចសហប្រតិបត្តិការ សំដៅជំរុញនិងបង្កើនទំហំកសិ-ពាណិជ្ជកម្មដែលបំពេញបន្ថែមគ្នាទៅវិញទៅមក ជាពិសេសការបង្កើននូវទំនាក់ទំនងធុរកិច្ចល្អរវាងវិស័យឯកជននៃប្រទេសទាំងពីរ៕













