ទូតជប៉ុន ប្រចាំកម្ពុជា រៀបចំពិធីបុណ្យចម្រើនព្រះជន្មព្រះចៅអធិរាជជប៉ុន ណារុហ៊ីតុ ជាមួយនឹងការរឹតចំណហមិត្តភាពដ៏យូរអង្វែងរវាងជប៉ុន និងកម្ពុជា
12-02-2026 11:37
(ភ្នំពេញ)៖ ស្ថានទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅល្ងាចថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ បានរៀបចំកម្មវិធីអបអរសាទខួបចម្រើនព្រះជន្ម ៦៦ព្រះវស្សារបស់ព្រះចៅអធិរាជជប៉ុន ណារុហ៊ីតុ (NARUHITO)។ ពិធីនេះរៀបចំឡើងនៅនិវេសនដ្ឋានឯកអគ្គរាជទូតជប៉ុន។
អញ្ជើញជាអធិបតីក្នុងកម្មវិធីអបអរសាទរនេះ មានវត្តមានឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ព្រមទាំងមានវត្តមានចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រសួង ស្ថាប័នជាតិកម្ពុជា តំណាងការទូត និងអង្គការអន្តរជាតិជាច្រើនរូប។
ក្នុងពិធីដ៏មហោឡារិកនេះ មានការបំបែកធុងស្រាសាកេដែលជាពិធីប្រពៃណីជប៉ុនដែលហៅថា «កាហ្គាមិ វ៉ារី» ដើម្បីអបអរសាទរពិធីចម្រើនព្រះជន្មគម្រប់ ៦៦ព្រះវស្សា របស់ព្រះករុណា ព្រះចៅអធិរាជជប៉ុន ណារុហ៊ីតុ (NARUHITO) និងមិត្តភាពដ៏យូរអង្វែងរវាងជប៉ុន និងកម្ពុជា។
នាឱកាសនោះដែរ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានសម្តែងនូវការអបអរសាទរជូនចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន នៅក្នុងឱកាសនៃការចម្រើនព្រះជន្មរបស់ព្រះករុណាព្រះចៅអធិរាជជប៉ុន។
ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានបញ្ជាក់ពីចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគីដ៏រឹងមាំរវាងកម្ពុជា និងជប៉ុន ជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ទំនាក់ទំនងស៊ីជម្រៅ និងយូរអង្វែងរវាងប្រទេសទាំងពីរ ក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។
ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសរំលេចពីការចូលរួមយ៉ាងសកម្មរបស់ជប៉ុន ក្នុងដំណើការអភិវឌ្ឍកម្ពុជា ចាប់តាំងពីអតីតកាល រហូតបន្តមកដល់ពេលបច្ចុប្បន្ន ដែលជប៉ុននៅតែបន្តជួយដល់កម្ពុជាក្នុងវិស័យជាច្រើនសម្រាប់គាំទ្រដល់កំណើនសេដ្ឋកិច្ច និងការវិវត្តសង្គម តាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ដូចជាស្ពាន ផ្លូវ កំពង់ផែ ការអភិវឌ្ឍធនធានមនុស្ស និងការកែទម្រង់ច្បាប់ ជាដើម។
តាងនាមរាជរដ្ឋាភិបាលកម្ពុជា ឧបនាយករដ្ឋមន្រ្ដី សូមក្រាបថ្វាយព្រះសព្ទសាធុការពរជ័យ ថ្វាយព្រះចៅអធិរាជ សូមទ្រង់មានព្រះជន្មាយុជាងរយព្រះវស្សា ព្រះរាជសុខភាពបរិបូណ៍ ព្រះរាជបញ្ញាញាណវាងវៃ ព្រះកាយពលមាំមួន ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់នៃប្រជាពលរដ្ឋជប៉ុន ព្រមទាំងបន្តព្រះរាជកិច្ចសហប្រតិបត្តិការ ឥតឈប់ឈររវាងប្រទេសជប៉ុន និងកម្ពុជានឹងបន្តវិវឌ្ឍ និងកាន់តែស៊ីជម្រៅ ឆ្លើយតបនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិ៕




