អភិបាលស្រុកតាំងគោក ចុះប្រគល់វិញ្ញាបនបត្រសម្គាល់អចលនវត្ថុជាង ១ ០០០បណ្ណ ដល់ប្រជាពលរដ្ឋ ៣ភូមិ នៃឃុំពង្រ

12-02-2026 12:08

(កំពង់ធំ)៖ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក នៅព្រឹកថ្ងៃទី១២ ខែកុម្ភ: ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ១ ១០៦បណ្ណ សម្រាប់ ភូមិពង្រ ភូមិតាព្រៃ ភូមិអូរាំង ឃុំពង្រ ស្រុកតាំងគោក ខេត្តកំពង់ធំ ដោយមានការចូលរួមពីសំណាក់ លោកអភិបាលរងស្រុក ព្រមទាំងអាជ្ញាធរមូលដ្នានគ្រប់លំដាប់ថ្នាក់ មន្ត្រីក្រុមការងារចុះបញ្ជីដីធ្លី ព្រមទាំងបងប្អូនប្រជាពលរដ្ឋជាច្រើនរូបទៀត។

យោងតាមរបាយការណ៍របស់លោក ប៉ែន ពិនី អនុប្រធានការិយាល័យរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ខេត្តកំពង់ធំ បានឱ្យដឹងថា ក្រោមការខិតខំប្រឹងប្រែងរបស់ក្រុមការងារចុះបញ្ជីដីធ្លី និងកិច្ច សហការពីអាជ្ញាធរមូលដ្ឋាន ក្នុងការវាស់វែង និងគូសប្លង់ដី គម្រោងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅ ភូមិតាព្រៃ ភូមិពង្រ ភូមិអរាំង ឃុំពង្រ ស្រុកតាំងគោក ខេត្តកំពង់ធំត្រូវបានបញ្ចប់ទាំង ស្រុងសម្រាប់ក្បាលដីចំនួន ១១០៦ក្បាលដី ឃើញថាក្បាលដីដែលត្រឹមត្រូវតាមនីតិវិធីច្បាប់ ដែលត្រូវចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនបានចំនួន ១១០៦ក្បាលដី ។

ថ្លែងនាលោក ហាក់ ម៉ុងហួត បានបញ្ជាក់ថា ការចែកប័ណ្ណកម្មសិទ្ធិដីធ្លី ឬប្លង់រឹងនៅថ្ងៃនេះ គឺជាការឆ្លុះបញ្ចាំងឲ្យឃើញអំពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងការធានាកម្មសិទ្ធិដីធ្លីស្របច្បាប់ជូនប្រជាពលរដ្ឋ សំដៅលើកកម្ពស់ជីវភាព សុខុមាលភាព កាត់បន្ថយជម្លោះដីធ្លី និងការកាត់បន្ថយភាពក្រីក្រ។

លោកអភិបាលស្រុកតាំងគោក ក៏បានថ្លែងអំណរគុណដល់ក្រុមការងារប្រព័ន្ធដែលបានយកចិត្តទុកដាក់ចុះវាស់វែងរហូតបានបញ្ចប់ និងចេញបណ្ណកម្មសិទ្ធដល់បងប្អូននៅថ្ងៃនេះផងដែរ។

លោក ហាក់ ម៉ុងហួត បានផ្ដាំផ្ញើដល់ប្រជាពលដ្ឋ សូមរក្សាប័ណ្ណនេះឲ្យបានល្អប្រសើរ ជៀសវាងការធ្លាក់ទៅដល់ដៃរបស់ជនទុច្ចរិត ហើយយកទៅប្រើប្រាស់ក្នុងអំពើអាក្រក់ និងអំពើផ្សេងៗទៀតនាំឲ្យមានការលំបាកដល់ពលរដ្ឋដែលជាម្ចាស់កម្មសិទ្ធិផ្ទាល់។ ប័ណ្ណកម្មសិទ្ធិ ដែលពលរដ្ឋទទួលបាននៅថ្ងៃនេះ គឺជាឯសារមួយសំខាន់ណាស់ ជាឯកសារតំណាងឲ្យទ្រព្យ ជាឯកសារតំណាងឲ្យសិទ្ធិ នៃកម្មសិទ្ធផ្ដាច់មុខ របស់កម្មសិទ្ធិករ លើដីធ្លីរបស់ខ្លួន ក្នុងការប្រើប្រាស់ និងអាស្រ័យផល ការលក់ដូរ ការផ្ទេរទៅអ្នកដទៃ ការដាក់ធានាខ្ចីប្រាក់ និងការផ្ទេរទៅឲ្យកូនចៅជាដើម ហើយហាមដាច់ខាតបងប្អូនកំយកបណ្ណនេះទៅអ៊ុតរឹង៕