អាជ្ញាធរអគ្គិសនីកម្ពុជា ចេញអាជ្ញាបណ្ណឱ្យក្រុមហ៊ុនផ្តល់សេវាដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យចំនួន២១ និងចេញលិខិតអនុញ្ញាតសម្រាប់ការដំឡើង ប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូលជាង ១ពាន់ទីតាំង
12-02-2026 12:10
(ភ្នំពេញ)៖ លោក យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា បានឱ្យដឹងថា មកដល់ពេលនេះ អាជ្ញាធរអគ្គិសនីកម្ពុជា បានចេញអាជ្ញាបណ្ណឱ្យក្រុមហ៊ុនផ្តល់សេវាដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ ចំនួន២១ និងបានចុះបញ្ជី និងចេញលិខិតអនុញ្ញាតសម្រាប់ការដំឡើង និងប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល ជូនអ្នកប្រើប្រាស់ប្រភេទ១ (តូច មធ្យម ធំ) ចំនួន ១ ១៥៣ទីតាំង ត្រូវជា ១៦៣.៥៩ MWac។
ការឱ្យដឹងបែបនេះរបស់លោក យឹម វិសិដ្ឋ បានធ្វើឡើងក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារអនុវត្តសម្រាប់ឆ្នាំ២០២៦ របស់អាជ្ញាធរអគ្គិសនីកម្ពុជា ដែលធ្វើឡើងក្រោមអធិបតីភាពលោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ នាសណ្ឋាគារសុខាភ្នំពេញ។
បើតាមលោក យឹម វិសិដ្ឋ ចំពោះការផ្តល់ និងការអនុញ្ញាតដល់ការស្នើសុំដំឡើង និងប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល ដែលពុំប៉ះពាល់ដល់ការផ្គត់ផ្គង់របស់ប្រព័ន្ធបណ្តាញជាតិ, ២. ចែករំលែកទំហំនៃការអភិវឌ្ឍប្រព័ន្ធថាមពល ពន្លឺព្រះអាទិត្យលើដំបូលដែលកំណត់ក្នុងផែនការមេ តាមប្រព័ន្ធកូតាឱ្យទៅអ្នកប្រើប្រាស់ដែលមានបំណង បំពេញកាតព្វកិច្ចបរិស្ថាន និង៣. គ្រប់គ្រងការចេញលិខិតអនុញ្ញាតឱ្យដំឡើង និងប្រើប្រាស់ប្រព័ន្ធថាមពល ពន្លឺព្រះអាទិត្យលើដំបូលឱ្យបានច្បាស់លាស់ តម្លាភាព ស្មើភាពគ្នា គណនេយ្យភាព និងមានប្រសិទ្ធភាព។
ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា ក៏បញ្ជាក់ជូនថាបញ្ជីថ្លៃប៉ះប៉ូវដែលអនុវត្តចំពោះអ្នកប្រើប្រាស់ដែលមានដំឡើង និងប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ គឺមានការអនុគ្រោះមិនឱ្យអ្នកប្រើប្រាស់បង់ថ្លៃប៉ះប៉ូវ ប្រសិនបើការដំឡើងក្នុងទំហំមិនលើសពី ១០គីឡូវ៉ាត់ និងការដំឡើងអាគុយស្តុកថាមពល យ៉ាងតិច៥០% នៃចំនួនថាមពលផលិតដោយ សូឡា និង៣. ការដំឡើងមិនភ្ជាប់ជាមួយប្រព័ន្ធបណ្តាញជាតិ។
ភ្ជាប់ជាមួយគ្នានេះដែរ លោក យឹម វិសិដ្ឋ បានបន្ថែមថា ទិសដៅការងារបន្ត ១. ជំរុញឱ្យអ្នកផ្គត់ផ្គង់អគ្គិសនីធ្វើបច្ចុប្បន្នភាពបញ្ជីអ្នកប្រើប្រាស់មានដំឡើងប្រព័ន្ធសូឡា ដើម្បីជំរុញការចុះបញ្ជីឱ្យបានគ្រប់គ្នា, ២.កែសម្រួលទម្រង់នៃគេហទំព័រច្រកចេញ-ចូលតែមួយ-Web Portal ដើម្បីឱ្យការបំពេញបែបបទសុំដំឡើង និងប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល កាន់តែងាយស្រួលប្រើ និងមានប្រសិទ្ធភាព និង៣. ផ្សព្វផ្សាយគោលការណ៍ច្បាប់ និងគោលការណ៍បច្ចេកទេសដល់ភាគីពាក់ព័ន្ធ ជាពិសេស អ្នកផ្គត់ផ្គង់អគ្គិសនី ក្រុមហ៊ុនផ្តល់សេវាដំឡើង និងអ្នកប្រើប្រាស់៕




