រដ្ឋមន្ត្រី កែវ រតនៈ ណែនាំឱ្យពង្រីកសេវាកន្លែងសាករថយន្តអគ្គិសនីនៅទូទាំងប្រទេសឱ្យបានលឿន តាមរយៈការពង្រីកការវិនិយោគរបស់វិស័យឯកជន និងការវិនិយោគរបស់ អគ្គិសនីកម្ពុជា (Video inside)

12-02-2026 12:59

(ភ្នំពេញ)៖ លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពលបានណែនាំឱ្យពង្រីកសេវាកន្លែងសាករថយន្តអគ្គិសនីនៅទូទាំងប្រទេសឱ្យបានលឿនក្នុងឆ្នាំ២០២៦នេះ តាមរយៈការពង្រីកការវិនិយោគរបស់វិស័យឯកជន និងការវិនិយោគរបស់ អគ្គិសនីកម្ពុជា ដែលមានទំហំទឹកប្រាក់ប្រមាណ ១០លានដុល្លារ។

លោក កែវ រតនៈ ណែនាំបែបនេះ ធ្វើឡើងក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់អាជ្ញាធរអគ្គិសនីកម្ពុជា នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។

លោកបានឱ្យដឹងថា បច្ចុប្បន្ននេះ ខេត្តទាំងអស់សុទ្ធតែមានកន្លែងសាក ឬបញ្ចូលថាមពលរថយន្តអគ្គិសនី លើកលែងតែខេត្តឧត្តរមានជ័យមួយប៉ុណ្ណោះ។ ហេតុនេះ ទាំងរដ្ឋនិងឯកជន នឹងពង្រីកសេវានេះបន្ថែមទៀត។

លោកបានលើកឡើងយ៉ាងដូច្នេះថា «យើងនឹងពង្រីកសេវា សាក ឬបញ្ចូលអគ្គិសនីរថយន្តនៅគ្រប់កន្លែងទូទាំងប្រទេស តាមរយៈការធ្វើកិច្ចការ២ ទី១. ការវិនិយោគរបស់ឯកជន យើងស្វាគមន៍។ ឥលូវនេះ យើងបានជូនអាជ្ញាបណ្ណដល់២០ហើយ ហើយមានម៉ាស៊ីនសាករហូតដល់ជាង១៤០ រួចទៅហើយ។ បន្ទាប់មកទៀត អគ្គិសនីកម្ពុជា នឹងដាក់លុយមួយកញ្ចប់ប្រហែល១០លានដុល្លារ ដើម្បីជួយវិនិយោគបន្ថែមពីលើនេះទៀត ដើម្បីឱ្យប្រជាជនយើងប្រើប្រាស់ឡានអគ្គិសនីឱ្យបានទូលំទូលាយ ហើយកុំភ័យថាអត់មានកន្លែងសាក ហើយអគ្គិសនីកម្ពុជាត្រូវរុញឱ្យលឿនក្នុងឆ្នាំ២០២៦នេះ»

លោកមានប្រសាសន៍ថា ជំរុញពង្រីកសេវាកន្លែងសាករថយន្តអគ្គសនីនៅទូទាំងប្រទេសឱ្យបានលឿននេះ គឺដើម្បី វិស័យអគ្គិសនីជួយដល់សង្គម តាមរយៈការពារបរិស្ថាន និងការសន្សំថវិការបស់ប្រជាជន ខណៈបច្ចុប្បន្ននេះ តម្លៃសាករថយន្តអគ្គិសនី បានចុះថ្លៃមកសល់ត្រឹមតែ ១៣០០រៀលប៉ុណ្ណោះ។

បន្ថែមពីនេះ លោកបានស្នើការសហការពីអភិបាលខេត្ត ក្រុងទាំងអស់ សូមពិនិត្យលទ្ធភាពសហការជាមួយអគ្គិសនីកម្ពុជា ដើម្បីបើកកន្លែងសាធារណៈឱ្យដាក់ទូសាក ដើម្បីងាយស្រួលដល់ប្រជាពលរដ្ឋសាករថយន្ត។

ទន្ទឹមគ្នានេះ ភ្ជាប់ជាមួយវិសាលភាពនៃការដាក់ទីតាំងបញ្ចូលអគ្គិសនីនេះ លោកសូមឱ្យអ្នកប្រើប្រាស់សេវានេះទាំងអស់ ប្រើប្រាស់ APP របស់អាជ្ញាធរអគ្គិសនីតែមួយប៉ុណ្ណោះ ដោយមិនអនុញ្ញាតឱ្យមានការបង្កើត APP ថ្មីឡើយ៕