មេធាវីតំណាងក្រុមហ៊ុន ហ្សិត ឌី ជី ដាក់ពាក្យបណ្ដឹងទៅស្នងការរាជធានីភ្នំពេញ ចុះបង្ក្រាបលើការក្លែងបន្លំម៉ាក និងបំពានសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខ រថយន្តម៉ាក Lynk & Co នៅក្នុងទីផ្សារកម្ពុជា និងផ្តន្ទាទោសជនល្មើសតាមច្បាប់
12-02-2026 12:57
(ភ្នំពេញ)៖ មេធាវីតំណាងដោយអាណត្តិ របស់ក្រុមហ៊ុន ហ្សិត ឌី ជី (ខេមបូឌា) ឯ.ក បានដាក់ពាក្យបណ្ដឹង ទៅលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការរាជធានីភ្នំពេញ ចុះស្រាវជ្រាវបង្ក្រាបរឹបអូស លើការក្លែងបន្លំម៉ាក និងបំពានទៅលើសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខរថយន្ត ម៉ាក Lynk & Co ដែលកំពុងចរាចរណ៍លក់ដូរ នៅក្នុងទីផ្សារកម្ពុជាបច្ចុប្បន្ន និងផ្តន្ទាទោសជនល្មើសទាំងអស់តាមច្បាប់។
ក្នុងពាក្យបណ្ដឹង របស់មេធាវី សារ៉េត សារ៉េនឌី ដែលជាមេធាវីតំណាងក្រុមហ៊ុន ហ្សិត ឌី ជី មានខ្លឹមសារយ៉ាងដូច្នេះថា ក្រុមហ៊ុន ហ្សិត ឌី ជី (ខេមបូឌា) ឯ.ក គឺជាក្រុមហ៊ុន ដែលទទួលបានការអនុញ្ញាតឲ្យធ្វើជាអ្នកតំណាងស្របច្បាប់ និងជាអ្នកតំណាងចែកចាយនៅកម្ពុជា លើផលិតផលរថយន្តម៉ាក Lynk & Co ដែលមានម៉ូដែលដូចតទៅ៖ Lynk & Co Z20, Lynk & Co 01, Lynk & Co 05, Lynk & Co 06 EM-P, Lynk & Co 08 EM-P, Lynk & Co 09 EM-P និង Lynk & Co 900 EM-P ស្របតាមលិខិតលេខ២០៥៦ ព.ណ កសប ចុះថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ របស់ក្រសួងពាណិជ្ជកម្ម។
ក្រុមហ៊ុនបានធ្វើការចែកចាយនូវផលិតរថយន្តម៉ាក Lynk & Co ទៅកាន់ទីផ្សារជូនអតិថិជននៅក្នុងប្រទេសកម្ពុជា។ បច្ចុប្បន្ននេះ ក្រុមហ៊ុន បានសង្កេត និងរកឃើញថា មានជនខិលខូច បានការលួចនាំចូលរថយន្តម៉ាក Lynk & Co (ជាពិសេសម៉ាក Lynk & Co 900 EM-P) របស់ក្រុមហ៊ុនកូនក្តីខ្ញុំបាទ និងកំពុងតែធ្វើការលក់ចែកចាយក្នុងទីផ្សារ ជូនដល់អ្នកចែកចាយបន្ត និងអ្នកប្រើប្រាស់ផងដែរ។
ផលិតផលរថយន្ត ដែលលួចនាំចូលម៉ាក Lynk & Co ដែលកំពុងចែកចាយនៅក្នុងទីផ្សារ គឺផលិតដោយគ្មានការអនុញ្ញាតពីក្រុមហ៊ុនម្ចាស់ម៉ាក និងក្រុមហ៊ុនរបស់កូនក្តីខ្ញុំបាទនោះទេ។ ម្យ៉ាងទៀតការលួចនាំចូលបែបនេះ គឺពុំបានរៀបចំលក្ខណៈបច្ចេកទេសស្តង់ដារ ដែលទទួលស្គាល់ដោយស្ថាប័នមានសមត្ថកិច្ច និងបច្ចេកទេសដើមរបស់ម្ចាស់ម៉ាកនោះទេ ដែលនាំឲ្យមានការប៉ះពាល់សុវត្ថិភាព និងទំនុកចិត្តទៅដល់អ្នកប្រើប្រាស់យ៉ាងធ្ងន់ធ្ងរ។
មិនតែប៉ុណ្ណោះការនាំចូលដោយបំពាននេះ គឺបានធ្វើឱ្យប៉ះពាល់ដល់ប្រយោជន៍ក្រុមហ៊ុនរបស់កូនក្តីខ្ញុំបាទ ដែលជាក្រុមហ៊ុនស្របច្បាប់ជាខ្លាំង ដោយសារតែការក្លែងបន្លំ និងការបំពានការនាំចូលនេះ បានធ្វើឲ្យមានការប៉ះពាល់ទៅដល់តម្លៃក្នុងទីផ្សារ និងធ្វើឲ្យបាត់បង់ទុកចិត្តពីសំណាក់អតិថិជនផងដែរ ហើយការក្លែងបន្លំនេះ ក៏បានធ្វើឲ្យប៉ះពាល់ទៅដល់ ចំណូលរបស់រាជរដ្ឋាភិបាល ដូចជាពន្ធអាករ ជាដើមផងដែរ។
ហេតុដូច្នេះ ដើម្បីការពារនូវផលប្រយោជន៍របស់អ្នកប្រើប្រាស់, ម្ចាស់ម៉ាក និងអ្នកតំណាងចែកចាយស្របច្បាប់ ខ្ញុំបាទស្នើសុំឧត្តមសេនីយ៍ឯក មេត្តាចាត់វិធានការណ៍ខាងក្រោម៖
១៖ ស្រាវជ្រាវ ចុះបង្ក្រាប និងរឹបអូស លើរថយន្តដែលនាំចូលមិនស្របច្បាប់ ម៉ាក Lynk & Co ដែលកំពុងចែកចាយ នៅក្នុងទីផ្សារបច្ចុប្បន្ន និងផ្តន្ទាទោសជនល្មើសទាំងអស់តាមច្បាប់។
២៖ ទាមទារសំណងជំងឺចិត្ត ចំនួន១លានដុល្លារអាមេរិក ឱ្យក្រុមហ៊ុន ហ្សិត ឌី ជី (ខេមបូឌា) ឯ.ក។
ក្រុមហ៊ុន ហ្សិត ឌី ជី (ខេមបូឌា) ឯ.ក គឺជាក្រុមហ៊ុនដែលទទួលបានការអនុញ្ញាតឲ្យធ្វើ ជាអ្នកតំណាងស្របច្បាប់ និងជាអ្នកតំណាងចែកចាយផ្តាច់មុខនៅក្នុងព្រះរាជាណាចក្រកម្ពុជា លើផលិតផល រថយន្តម៉ាក Lynk & Co ។
កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមហ៊ុនបានដាក់ពាក្យបណ្ដឹងទៅ ក្រុមហ៊ុន V8 TECHNOLOGY LTD លើការក្លែងបន្លំម៉ាក និងបំពានទៅលើសិទ្ធិនាំចូល និង ចែកចាយរថយន្ត ម៉ាក Lynk & Co ដែលកំពុងចរាចរណ៍លក់ដូរនៅក្នុងទីផ្សារ ព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្ន និងផ្តន្ទាទោសជនល្មើសទាំងអស់តាមច្បាប់៕








