រកឃើញជនរងគ្រោះបន្តទៀត ដែលទិញម៉ូតូពីកន្លែងលក់បោកប្រាស់ ដោយក្លែងបន្លំឯកសារ និងយកម៉ូតូជាប់បង់រំលស់មកលក់ដាច់ឲ្យពលរដ្ឋដែលទិញលុយសុទ្ធ

12-02-2026 14:24

(ភ្នំពេញ)៖ កន្លងមកមានប្រជាពលរដ្ឋច្រើននាក់មកហើយ ដែលបានចាញ់បោកហាងលក់ម៉ូតូនៅម្ដុំឃ្លាំងរំសេវ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលបានយកម៉ូតូជាប់ការបង់រំលស់មកលក់ឲ្យដោយឃុបឃិតជាមួយជនសង្គមងងឹត ធ្វើប័ណ្ណសម្គាល់យានជំនិះ (កាតគ្រី) ថ្មី។ លុះអ្នកខ្លះទិញជិះបានត្រឹម៣ខែ ឬ១ឆ្នាំ ឬក៏៣ឆ្នាំ ក៏ត្រូវក្រុមហ៊ុនបង់រំលស់ម៉ូតូតាមរឹបអូស ធ្វើឲ្យពួគាត់ត្រូវបាត់បង់ម៉ូតូហើយខាតបង់ទាំងប្រាក់ ព្រមទាំងស្ទើរតែក្លាយទៅជាអ្នកទោស ថែមទៀតផង។

ដោយឡែកពេលនេះ បានបែកធ្លាយរឿងស្រ្តីមានផ្ទៃពោះម្នាក់ទៀត ហើយដែលបានទិញម៉ូតូ១តឹកម៉ាកហុងដាស្កូបពី ១គ្រឿងចេញពីហាងលក់ម៉ូតូ «ហាក់ បូរ៉ា» នៅឃ្លាំងរំសេវ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ក្នុងតម្លៃជាង១ពាន់ដុល្លារ ហើយដោយសារតែឃើញម៉ូតូនោះមានកាតគ្រីត្រឹមត្រូវ ទើបនាងហ៊ានទិញ។ នាងបានទូទាត់លុយឲ្យទៅម្ចាស់ហាងខាងលើគ្រប់ចំនួន ដោយមិនបានដឹងថា ជាម៉ូតូជាប់ការបង់រំលស់នោះទេ ហើយក្រោយពេលយកទៅជិះបានត្រឹមតែជាង៣ខែប៉ុណ្ណោះ បែរជាត្រូវក្រុមហ៊ុន «ឆាយលីស រ៉ូយ៉ាល់ហ្វាយនែន» ចុះដកហូតយកម៉ូតូនោះពីនាងទៅវិញ។

បុគ្គលិកក្រុមហ៊ុន «ឆាយ លីស រ៉ូយ៉ាល់ហ្វាយនែន» នោះអះអាងថា ម៉ូតូខាងលើជារបស់អតិថិជនដែលបានទិញបង់រំលសពីក្រុមហ៊ុនខ្លួន និងបានឈប់បង់ប្រាក់ព្រមទាំងគេចខ្លួនបាត់ហើយ រួចក៏បានបង្ហាញឯកសារប័ណ្ណសម្គាល់ យានយន្តច្បាប់ដើមមកឲ្យនាងមើលទៀតផង។ ដោយសារតែឃើញក្រុមហ៊ុន ឆាយ លីស រ៉ូយ៉ាល់ហ្វាយនែន នោះមានឯកសារបង់រំលស់ព្រមទាំងកាតគ្រីច្បាប់ដើមបែបនេះ នាងគ្មានអ្វីត្រូវតវ៉ាទេ ក៏ប្រគល់ម៉ូតូនោះឲ្យក្រុមហ៊ុន នោះវិញ ចំណែកក្រុមហ៊ុនដោយយល់ថា នាងកំពុងមានផ្ទៃពោះផង ខ្ចីលុយគេយកទៅទិញម៉ូតូផង ទើបក្រុមហ៊ុននោះបានឲ្យលុយ៣០០ដុល្លារមកវិញ។

ស្រ្តីខាងលើបានរៀបរាប់ថា នាងឈ្មោះ វណ្ណៈ សុខឡា អាយុ២៥ឆ្នាំ មានទីលំនៅភូមិខ្ពប ឃុំកោះឧកញ៉ាតី ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ នាងបានទិញម៉ូតូ១គ្រឿង ម៉ាកហុងដាស្តូបពី ពណ៌ក្រហម ស៊េរីឆ្នាំ២០២០ លេខតួ និងលេខម៉ាស៊ីន ៨១៨៩៦៣៦ ពាក់ផ្លាកលេខ ភ្នំពេញ1IM-8488។ នាងទិញពីឈ្មោះ ហាក់ បូរ៉ា ភេទប្រុស អាយុ៤៨ឆ្នាំ មានទីលំនៅបច្ចុប្បន្ន សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ប្រើប្រាស់ទូរស័ព្ទដៃលេខ ០៩៦ ៩៧៩ ៥៨៨៧ ក្នុងតម្លៃ១៥៥០ដុល្លារអាមេរិក។

ពេលនោះក៏បានធ្វើលិខិតលក់ម៉ូតូ ចុះថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ ដោយមានស្នាមមេដៃស្តាំ ឈ្មោះ ហាក់ បូរ៉ា ហើយនិងរូបនាង ហើយនាងបានប្រគល់ប្រាក់ចំនួន១,៥៥០ដុល្លារអាមេរិក ទៅឲ្យឈ្មោះ ហាក់ បូរ៉ា ហើយឈ្មោះ ហាក់ បូរ៉ា ក៏បានប្រគល់ម៉ូតូ និងប័ណ្ណសម្គាល់យានជំនិះមកឲ្យរូបនាង ប៉ុន្តែពេលនោះនាងពុំបានដឹងថា ជាប័ណ្ណក្លែងបន្លំនោះទេ។ បន្ទាប់ពីទិញម៉ូតូខាងលើនោះបានហើយ នាងបានជិះធ្វើការងារជាប្រចាំថ្ងៃ រហូតមកមិនដែលមានបញ្ហាអ្វីឡើយ លុះដល់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោងប្រហែល១១៖១០នាទីព្រឹក នាងបានបើកម៉ូតូខាងលើ ទៅលេងផ្ទះបងប្រុសរបស់នាងស្ថិតនៅផ្ទះគ្មានលេខ ផ្លូវលំភូមិព្រែកល្វា ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

រហូតដល់វេលាម៉ោង១៥៖១៨នាទីរសៀល ស្រាប់តែមានមនុស្សប្រុស២នាក់ អះអាងថា ខ្លួនជាបុគ្គលិកក្រុមហ៊ុន«ឆាយ លីស រ៉ូយ៉ាល់ហ្វាយនែន» ទៅប្រាប់នាងថា ម៉ូតូនោះគឺជារបស់អតិថិជនដែលបានទិញបង់រំលស់ ពីក្រុមហ៊ុនរបស់គាត់ និងបានឈប់បង់ប្រាក់ហើយ ព្រមទាំងគេចខ្លួនបាត់ទៀត។ បុរស២នាក់នោះក៏បានបង្ហាញឯកសារប័ណ្ណសម្គាល់យានយន្តច្បាប់ដើមមកឲ្យនាងមើលទៀតផង បន្ទាប់មកក៏បាននាំនាងទៅរកកន្លែង ដែលនាងទិញម៉ូតូនោះ ប៉ុន្តែរកមិនឃើញទេ ព្រោះនាងចំណាំផ្លូវមិនបាន ហើយបុគ្គលិកក្រុមហ៊ុន២នាក់នោះ បាននាំនាងទៅកាន់ទីស្នាក់ការរបស់ក្រុមហ៊ុន ស្ថិតនៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ស្រ្តីខាងលើបានបញ្ជាក់ប្រាប់បន្តថា ពេលទៅដល់បុគ្គលិកក្រុមហ៊ុនបានបង្ហាញឲ្យនាងមើលឯកសារ និងប័ណ្ណសម្គាល់យានយន្ត ដែលអតិថិជនបង់រំលស់ពីក្រុមហ៊ុន ទើបនាងដឹងថា ឈ្មោះ ហាក់ បូរ៉ា លក់ម៉ូតូហុងដាស្កូបពីនោះឲ្យនាងដោយក្លែងប័ណ្ណសម្គាល់យានជំនិះ(កាតគ្រី)។ ពេលនោះនាងក៏បានទំនាក់ទំនងទៅកាន់លេខទូរស័ព្ទរបស់ឈ្មោះ ហាក់ បូរ៉ា នោះដើម្បីសួរនាំឲ្យដឹងខុសត្រូវ ប៉ុន្តែទាក់ទងពុំបាន ហើយជននោះគេចខ្លួនរហូតដល់បច្ចុប្បន្ន។

សូមបញ្ជាក់ថា មួយរយៈមកនេះមានជនរងគ្រោះជាច្រើនបានចាញ់បោកហាងលក់ម៉ូតូនៅម្ដុំឃ្លាំងរំសេវ នោះជាបន្តបន្ទាប់ ដោយហាងលក់ម៉ូតូទាំងនោះ បានយកម៉ូតូដែលបង់រំលស់មិនទាន់ដាច់មកដាក់លក់ ហើយបានឃុបឃិតគ្នាជាមួយជនសង្គមងងឹតធ្វើប័ណ្ណសម្គាល់យានជំនិះថ្មីលក់ឲ្យជនរងគ្រោះទាំងនោះ។

ចំណែកប័ណ្ណសម្គាល់យានជំនិះថ្មីទៀតសោត មានសណ្ឋានដូចប័ណ្ណស្រ៊ីន១០០% និងមានQRCorde អាចស្គែនចេញលេខតួ លេខម៉ាសុីន និងស្លាកលេខម៉ូតូបានជាធម្មតាដែរ ពុំដឹងថាកាតគ្រីម៉ូតូនេះចេញ ពីប្រឡោះណាទេនោះទេ ហើយនៅពេលឃើញបែបនេះអ្នកទិញម៉ូតូគិតថាម៉ូតូនោះគ្មានការពាក់ព័ន្ធជាមួយបទល្មើសក៏នាំគ្នាទិញជិះ។ លុះក្រោយមកក៏ត្រូវក្រុមហ៊ុនបង់រំលស់ម៉ូតូរឹបអូសយកជាបន្តបន្ទាប់ដោយគ្មានការលើកលែង ហើយអ្នកដែលខាតបង់ គឺអ្នកដែលទិញចុងក្រោយគេ ហេតុនេះសូមសមត្ថកិច្ចជួយវែកមុខក្រុមសង្គមងងឹតដែលជាអ្នកដែលក្លែងប័ណ្ណសម្គាល់យានជំនិះ និងអ្នកលក់ម៉ូតូជាប់ការបង់រំលស់នោះផង ដើម្បីកុំឲ្យមានអ្នកចាញ់បោកតទៅទៀត ។

ដោយឡែក លោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ថា «ខ្ញុំបានដាក់បទបញ្ជាឲ្យបើកការស្រាវជ្រាវបន្ទាន់ ចំពោះទីតាំងលក់ម៉ូតូ ទាំងឡាយណា ដែលយកម៉ូតូបង់រំលស់មកលក់ឲ្យប្រជាពលរដ្ឋ ហើយគេចវេសមិនទទួលខុសត្រូវ។ ខ្ញុំបញ្ជាឲ្យស្រាវជ្រាវឲ្យដល់ឫសគល់ ដោយគ្មានការលើកលែងដាច់ខាតព្រោះសកម្មភាពនេះធ្វើបាប ប្រជាពលរដ្ឋដែលជាជនរងគ្រោះ»