ស្អែកនេះ អគ្គមេបញ្ជាការកងទ័ពហ្វីលីពីន នឹងចុះពិនិត្យផ្ទាល់នៅតំបន់ព្រំដែនក្នុងខេត្តបន្ទាយមានជ័យ ទីដែលទាហានថៃរាយបន្លាលួស និងដាក់ទូកុងទឺន័រ (Video inside)

12-02-2026 14:45

(ភ្នំពេញ)៖ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ស្អែកនេះ នាយឧត្តមសេនីយ៍ Romeo S Brawner Jr អគ្គមេបញ្ជាការ នៃកងទ័ពហ្វីលីពីន នឹងអញ្ជើញចុះទៅត្រួតពិនិត្យដោយផ្ទាល់នៅតំបន់ព្រំដែន ក្នុងខេត្តបន្ទាយមានជ័យ ព្រមទាំងស្ដាប់ការធ្វើបទបង្ហាញពីក្រុម (AOT)។

អគ្គមេបញ្ជាការ នៃកងទ័ពហ្វីលីពីន បានដឹកនាំគណៈប្រតិភូ មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាពីថ្ងៃទី១១ ដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦។ មេទ័ពកំពូលរប​ស់ហ្វីលីពីន នឹងឃើញផ្ទាល់ជាក់ស្តែង ដែលទាហានថៃ បានរាយបន្លាលួស និងយកទូកុងតឺ មកដាក់ព័ទ្ធយកដីខ្មែរនៅបឹងត្រកួន ភូមិជោគជ័យ និងភូមិព្រៃចាន់។

ការចុះទៅតំបន់ព្រំដែននេះ ធ្វើឡើងបន្ទាប់ពីនាយឧត្តមសេនីយ៍ Romeo S Brawner Jr បានជួបសម្ដែងការគួរសមជាមួយមេដឹកនាំកំពូលៗរបស់កម្ពុជា ក្នុងនោះមាន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា, ឧបនាយករដ្ឋមន្ដ្រី ទៀ សីហា រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ៕