ថ្នាក់ដឹកនាំខេត្តសៀមរាប ជំរុញឱ្យអ្នកពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ពីបញ្ហាសន្តិសុខសណ្ដាប់ធ្នាប់ និងអនាម័យក្នុងព្រឹត្តិការណ៍បុណ្យខ្លែងឯក ខ្លែងសេរី
12-02-2026 14:46
(សៀមរាប)៖ លោក លី សារី អភិបាលរងខេត្តសៀមរាប បានជំរុញឱ្យអ្នកពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ពីបញ្ហាសន្តិសុខសណ្ដាប់ធ្នាប់ និងអនាម័យក្នុងព្រឹត្តិការណ៍បុណ្យខ្លែងឯក ខ្លែងសេរី លើកទី២ នៅខេត្តសៀមរាប ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខនេះ។
ការជំរុញយ៉ាងដូច្នេះរបស់លោក លី សារី នៅក្នុងកិច្ចប្រជុំពិភាក្សាការងារស្ដីពីការរៀបចំព្រឹត្តិការណ៍បុណ្យខ្លែងឯក ខ្លែងសេរី នាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយមានការចូលរួមពីលោក មួន សុភាព ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្តចូលរួមផងដែរ។
លោកបានបន្តថា ព្រឹត្តិការណ៍ឆ្នាំនេះ មិនត្រឹមតែជាការកម្សាន្តប៉ុណ្ណោះទេ ប៉ុន្តែជាការដាស់ស្មារតីយុវជនឱ្យឈ្វេងយល់ពីមរតកដូនតា ដោយយើងជំរុញឱ្យសិស្សានុសិស្ស និងយុវជនមកទស្សនាឱ្យបានច្រើន ដើម្បីបណ្ដុះស្មារតីស្រឡាញ់ និងរួមគ្នាថែរក្សាសិល្បៈនៃការធ្វើខ្លែងខ្មែរកុំឱ្យបាត់បង់ផងដែរ។
លោកបន្តថា ក្រៅពីការបង្ហោះខ្លែងក៏មានការចូលរួមពីចលនា «ភូមិ១ ផលិតផល១» និងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ក្នុងការដាក់តាំងបង្ហាញផលិតផលក្នុងស្រុក ដើម្បីជួយជ្រោមជ្រែងសេដ្ឋកិច្ចរបស់ ប្រជាពលរដ្ឋក្នុងសហគមន៍ផ្ទាល់។
លោក លី សារី បានរម្លឹកសមត្ថកិច្ច ត្រូវមានការត្រួតពិនិត្យ និងបង្ការការលួចលាក់ផ្ទុកអាវុធជាតិផ្ទុះគ្រប់ប្រភេទ ដើម្បីបញ្ចៀសហានិភ័យជាយថាហេតុ។ ជាពិសេស ត្រូវមានការបិទផ្សាយតម្លៃចំណតយានយន្តឱ្យបានច្បាស់លាស់ នៅច្រកចូល ដើម្បីការពារការយកតម្លៃលើសកំណត់ ដែលអាចប៉ះពាល់ដល់អារម្មណ៍ភ្ញៀវទេសចរ និងរៀបចំឱ្យមានសោភ័ណភាពស្អាតជានិច្ច ទាំងក្នុង និងជុំវិញតំបន់ប្រារព្ធពិធី។
លោក មួន សុភាព បានឱ្យដឹងថា មកទល់ពេលនេះខ្លែងដែលចុះឈ្មោះចំនួន ៨៥ខ្លែង។ ក្នុងនោះខ្លែងឯក៥៦ខ្លែង ខ្លែងសេរី២៩ខ្លែង។ ចំពោះអ្នកដែលមានបំណងយកខ្លែងឯកខ្មែរ ឬខ្លែងសេរី មកចូលរួមប្រកួតបង្ហើរ សូមមេត្តាអញ្ជើញមកទទួលពាក្យ និងដាក់ពាក្យស្នើសុំចូលរួមប្រកួតពីក្រុមការងារអនុគណៈកម្មការគ្រប់គ្រង និងបច្ចេកទេសនៃការបង្ហើរខ្លែងឯកខ្មែរ ដែលមានទីតាំងនៅបរិវេណមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប។
សូមជម្រាបថា ពិធី «បុណ្យខ្លែងឯក ខ្លែងសេរី» លើកទី២ នឹងរៀបចំឡើងចាប់ពីថ្ងៃទី២០-២២ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយក្រៅពីកម្មវិធីបង្ហើរខ្លែង ក៏មានកម្មវិធីពិព័រណ៍ផលិតផលក្នុងស្រុកពិព័រណ៍បន្លែផ្លែឈើ ពិព័រណ៍ម្ហូបអាហារ ភូមិមួយផលិតផលមួយ ការសម្ដែងល្ខោនបាសាក់ ល្ខោននិយាយ ការប្រគុំតន្ត្រីបុរាណ និងសម័យនាំពេលរាត្រីផងដែរ។
ពិធីនេះរំពឹងថា នឹងក្លាយជាព្រឹត្តិការណ៍វប្បធម៌ដ៏សំខាន់មួយ ដែលមិនត្រឹមតែបង្ហាញពីស្នាដៃឯករបស់ខ្មែរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយជំរុញសេដ្ឋកិច្ចមូលដ្ឋានតាមរយៈការលក់ដូរផលិតផលខ្មែរយ៉ាងច្រើនសន្ធឹកសន្ធាប់ផងដែរ៕












