រដ្ឋមន្រ្តី កែវ រតនៈ៖ ការផ្គត់ផ្គង់អគ្គិសនីនៅឆ្នាំ២០២៥ បានកើនឡើងជិត៦ពាន់មេហ្កាវ៉ាត់, ថាមពលស្អាតមានជាង ៦៣.២៣% ធ្វើឱ្យកម្ពុជាក្លាយជាប្រទេសទី២ ដែលមានថាមពលស្អាតខ្ពស់បន្ទាប់ពីឡាវ (Video inside)
12-02-2026 14:55
(ភ្នំពេញ)៖ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា ការផ្គត់ផ្គង់អគ្គិសនីនៅកម្ពុជា ក្នុងឆ្នាំ២០២៥ បានកើនឡើងជិត ៦ពាន់មេហ្កាវ៉ាត់, ថាមពលស្អាតមានជាង ៦៣.២៣% ធ្វើឱ្យប្រទេសកម្ពុជា ក្លាយជាប្រទេសទី២ ដែលមានថាមពលស្អាតខ្ពស់ជាងគេបន្ទាប់ពីប្រទេសឡាវ។
ការឱ្យដឹងបែបនេះរបស់លោក កែវ រតនៈ បានធ្វើឡើងនៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់អាជ្ញាធរអគ្គិសនីកម្ពុជា នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។
រដ្ឋមន្ត្រី កែវ រតនៈ បានថ្លែងថា កាលពីដើមអាណត្តិទី៧ នៃរដ្ឋសភា ដែលដឹកនាំដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅក្នុងវិស័យថាមពល គឺបានដាក់ចេញគោលដៅចំនួន ៤ធំៗ រួមមាន៖ ធ្វើយ៉ាងម៉េចឱ្យប្រភពផ្គត់ផ្គង់នោះគ្រប់គ្រាន់ ហើយស្អាតឱ្យបានច្រើន ពោលគឺប្រើប្រាស់ថាមពលស្អាតឱ្យបានលើសលប់ តាមលទ្ធភាពដែលអាចធ្វើទៅបាន ដោយយកថាមពលស្អាតនេះធ្វើជាប្រភព ដើម្បីទាក់ទាញការវិនិយោគពីក្រៅប្រទេស ក្នុងការជំរុញផ្នែកឧស្សាហកម្មកម្មន្តសាល។ ការធ្វើឧស្សាហកម្មនាំចេញ ដើម្បីបង្កើតឱកាសការងាររាប់លានកន្លែងឱ្យប្រជាពលរដ្ឋ ព្រមទាំងការជំរុញផ្នែកកសិកម្ម និងទេសចណ៍។ល។ និង។ល។
ជាក់ស្តែង វឌ្ឍនភាពនេះ គឺបានបញ្ជាក់យ៉ាងច្បាស់រួចទៅហើយអានុភាពតម្កើងថាមពលអគ្គិសនី កាលពីឆ្នាំ២០២៣ គឺមានតែចំនួន ៦ ៦៤៩មេហ្កាវ៉ាត់ប៉ុណ្ណោះ ប៉ុន្តែ នៅឆ្នាំ២០២៥ កើនឡើងដល់ ៥,៩៣២មេហ្កាវ៉ាត់។ ចំណុចនេះ គឺជាវឌ្ឍនភាពដែលអាចវាស់ស្ទង់បាន កើតចេញពីការដឹកនាំរបស់សម្តេចបវធិបតី ហ៊ុន ម៉ាណែត ដែលកសាងមូលដ្ឋានគ្រឹះលើវិស័យថាមពល ចេញពីសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដែលបានប្រឹងប្រែងកសាងទុកឱ្យកាលពីអាណត្តិទី៦ នៃរដ្ឋសភា។
លោករដ្ឋមន្ត្រី កែវ រតនៈ បានគូសបញ្ជាក់ថា៖ «ប្រសិនបើយើងមើលថាមពលស្អាតនៅឆ្នាំ២០២៣ យើងមានប្រមាណ ៥៧ភាគរយប៉ុណ្ណោះ នៅឆ្នាំ២០២៥នេះ ថាមពលស្អាតនៅក្នុងបណ្តាញជាតិរបស់យើងឡើងដល់ ៦៣.២៣ភាគរយ នេះក៏ជាម៉ែត្រវាស់ស្ទង់ថ្មីមួយទៀត នៃការវិវត្តន៍របស់កម្ពុជា លើវិស័យថាមពលស្អាត ដែលធ្វើឱ្យកម្ពុជា ជាប្រទេសទី២ ក្រោមតែឡាវ មួយគត់ដែលមានអត្រាថាមពលស្អាតខ្ពស់ជាងគេ»។
បើតាមរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ថាផែនការនេះ ក៏ជាការបោះជំហានទៅមុខទៀត ដើម្បីដណ្តើមឱ្យបាននូវថាមពលស្អាតយ៉ាងតិច ៧០ភាគរយ នៅត្រឹមឆ្នាំ២០៣០ ដែលនៅមិនឆ្ងាយនោះទេ។ មកដល់ចុងឆ្នាំ២០២៤ ការផ្គត់ផ្គង់អគ្គិសនីបានគ្របដណ្តប់លើភូមិចំនួន ១៤,០៤៨ ស្មើ ៩៩.១៥% កើនឡើងចំនួន ៤០ភូមិ។ ដោយឡែកនៅចុងឆ្នាំ២០២៥ ការផ្គត់ផ្គង់អគ្គិសនីបានគ្របដណ្តប់លើភូមិចំនួន ១៤,៤៣៨ កើនឡើងចំនួន ៣៩០ភូមិ ប៉ុន្តែបើគិតជាភាគរយប្រៀបធៀបជាមួយស្ថិតិចំនួនភូមិសរុបថ្មី បានថយចុះពី ៩៩.១៥% មក ៩៩.០៩%។
លោក កែវ រតនៈ បានគូសបញ្ជាក់ថា ចំពោះភូមិដែលមិនមានការតភ្ជាប់ថាមពលពីបណ្តាញជាតិ មិនមែនមានន័យថាភូមិទាំងនោះងងឹតនោះទេ តែមានការដាក់ពង្រាយប្រព័ន្ធពន្លឺព្រះអាទិត្យរបស់អគ្គិសនីកម្ពុជា ដែលអនុញ្ញាតឱ្យបងប្អូនប្រជាពលរដ្ឋអាចប្រើប្រាស់ភ្លើងមួយជំហានជាបណ្តោះអាសន្នរួចទៅហើយ។
បើតាមលោក យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា បានគូសបញ្ជាក់ថា យើងអាចសល់ភូមិចំនួន៦៥ ត្រូវជា ០.៤៥% ដែលអាចពុំមានការផ្គត់ផ្គង់ពីបណ្តាញជាតិ។ ភូមិដែលនៅសល់ទាំងនេះ ជាភូមិមានស្ថានភាពពិបាកខ្លាំង ដូចជា ភូមិស្ថិតនៅតំបន់ដាច់ស្រយាលខ្លាំង, តំបន់គ្មានផ្លូវធ្វើដំណើរ, តំបន់កោះ, តំបន់រស់នៅបណ្តែតទឹក, តំបន់លិចទឹកនៅរដូវវស្សា, តំបន់មានប្រជាពលរដ្ឋរស់នៅរាយប៉ាយ, តំបន់តាំងទីលំនៅថ្មី ជាដើម ដែលត្រូវការទុនយ៉ាងច្រើន និងមានភាពស្មុគស្មាញ ប្រសិនបើយើងត្រូវពង្រីកការផ្គត់ផ្គង់ពីបណ្តាញជាតិទៅកាន់ទីនោះ។
ជាមួយគ្នានេះ ល្បាយនៃថាមពលកកើតឡើងវិញបានកើនឡើងពី ២,២៧៧ មេហ្កាវ៉ាត់ ស្មើ ៥៧.២៥ភាគរយ នៅចុងឆ្នាំ២០២៣ ដល់ ២,៨១១មេហ្កាវ៉ាត់ ស្មើ ៦២.៣១ភាគរយ នៅចុងឆ្នាំ២០២៤ និងដល់ ៣,៣២៥មេហ្កាវ៉ាត់ ស្មើ ៦៣.២៣ភាគរយ នៅចុងឆ្នាំ២០២៥។ ដោយឡែកបរិមាណថាមពលដែលបានប្រើប្រាស់ចេញពីប្រភពអគ្គិសនីខាងលើបានកើនឡើងពី ១៦,៨០៤លានគីឡូវ៉ាត់ម៉ោង នៅឆ្នាំ២០២៣ មក ១៩,៩៧២លានគីឡូវ៉ាត់ម៉ោងនៅឆ្នាំ២០២៤ និង ២២,៣៦១លានគីឡូវ៉ាត់ម៉ោងនៅឆ្នាំ២០២៥។ នៅចុងឆ្នាំ២០២៥ បណ្តាញបញ្ជូនអគ្គិសនីបានកើនដល់ ៤,៣០២គីឡូម៉ែត្រ គឺកើន ៤១២គីឡូម៉ែត្រ និងអនុស្ថានីយកើនដល់៧៥ គឺកើនចំនួន ៥អនុស្ថានីយ។ បច្ចុប្បន្ននេះ យើងមានខ្សែបណ្តាញបញ្ជូន និងអនុស្ថានីយអាចផ្តល់ប្រភពអគ្គិសនីដល់រាជធានី/ខេត្ត ចំនួន២៥ដោយផ្ទាល់។
ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា បានរម្លឹកថា ការភ្ជាប់ចរន្តឱ្យអ្នកប្រើប្រាស់នៅចុងឆ្នាំ២០២៣ ការភ្ជាប់ចរន្តអគ្គិសនីឱ្យលំនៅឋានប្រជាពលរដ្ឋមានចំនួន ៣,៤៥៩,៣៧២ ស្មើ ៩៤.០២%។ មកដល់ចុងឆ្នាំ២០២៤ ការភ្ជាប់ចរន្តអគ្គិសនីឱ្យលំនៅឋានប្រជាពលរដ្ឋ កើនដល់ ៣,៥៩៨,២៣៩ ស្មើ ៩៥.២៤% គឺកើន ១៣៨,៨៦៧ ស្មើ ១.២២%។ ដោយឡែមកដល់ចុងឆ្នាំ២០២៥ ការភ្ជាប់ចរន្តអគ្គិសនីឱ្យលំនៅឋានប្រជាពលរដ្ឋ កើនដល់ ៣,៧១៦,២២០ ស្មើ ៩៥.៨៨% គឺកើន ១១៧,៩៨១ ស្មើ ០.៦៤%៕



















