លោកអ្នកឧកញ៉ា ភាព ហៀក និងឧកញ៉ាបណ្ឌិត កែវ មុំ ព្រមទាំងសប្បុរសជន ផ្តល់អំណោយសម្ភារជូនវីរៈកងទ័ពឈរជើងការពារព្រំដែន នៅខេត្តព្រះវិហារ

12-02-2026 14:56

(ព្រះវិហារ)៖ លោកអ្នកឧកញ៉ា ភាព ហៀក ស្ថាបនិកក្រុមហ៊ុនជីបម៉ុង និងឧកញ៉ាបណ្ឌិត កែវ មុំ រួមជាមួយលោកស្រី ម៉ុក ស្រីមុំ លោកស្រី ប្លុង ធីតា លោកស្រី មាស សុខមុំ ព្រមទាំងសមាជិក សមាជិកាទាំងអស់ នៃសមាគមសមាធិព្រះធម៌កម្ពុជា នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ បាននាំយកសម្ភារប្រើប្រាស់ចាំបាច់នានា ប្រគល់ជូនដល់កងទ័ពកងពលតូចអន្តរាគមន៍លេខ៧ ដែលកំពុងឈរជើងបំពេញភារកិច្ចការពារបូរណភាពទឹកដី តាមបន្ទាត់ព្រំដែន ទិសភ្នំខ្មោច ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ។

អំណោយដែលបាននាំមកប្រគល់ជូននាពេលនេះ រួមមាន៖ នំព្រិលចំនួន៥កេស សំបកបាវជាង២០,០០០ សំបក ធុងចម្រោះទឹកចំនួន៥០ធុង និងធុងទឹកចំនួន៣១៨ធុង ដើម្បីចូលរួមចំណែកលើកទឹកចិត្ត និងជួយសម្រួលដល់ជីវភាពប្រចាំថ្ងៃរបស់កងកម្លាំង ដែលកំពុងបំពេញបេសកកម្មដ៏សំខាន់ក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដីជាតិ។

តាមរយៈសកម្មភាពមនុស្សធម៌នេះ បានបង្ហាញពីទឹកចិត្តសប្បុរស និងការគាំទ្រយ៉ាងមុតមាំរបស់វិស័យឯកជន និងសប្បុរសជន ចំពោះវីរៈកងទ័ព ដែលកំពុងលះបង់កម្លាំងកាយចិត្ត ដើម្បីថែរក្សាសុខសន្តិភាព និងសន្តិសុខជាតិ៕