ឯកអគ្គរដ្ឋទូតអង់គ្លេសនៅកម្ពុជា ព្រួយបារម្ភចំពោះសុវត្ថិភាពជនស៉ីវិល នៅតាមព្រំដែនកម្ពុជា-ថៃ និងគាំទ្រភាគីទាំងពីរគោរពបទឈប់បាញ់
12-02-2026 15:16
(បន្ទាយមានជ័យ)៖ លោក ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត និងលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោក ដូមីនីក វិលលៀមស៍ ឯកអគ្គរដ្ឋទូតចក្រភពអងគ្លេស ប្រចាំព្រះរាជាណាចក្រកម្ពុជា។
ក្នុងជំនួបនោះ លោក អ៊ុំ រាត្រី បានជម្រាបជូនលោក ដូមីនីក វិលលៀមស៍ អំពីស្ថានភាពភូមិសាស្រ្តរបស់ខេត្តបន្ទាយមានជ័យ តាមខ្សែបន្ទាត់ព្រំដែនរវាងប្រទេសកម្ពុជា-ថៃ ពីមហិច្ឆតាលោភលន់ ឥតអៀនខ្មាស់របស់រដ្ឋាភិបាលកងទ័ព និងប្រជាជនជ្រុលនិយមមួយចំនួនរបស់ប្រទេសថៃ បានបង្កឲ្យមានអរិភាព បង្កើតព្រឹត្តិការណ៍ និងឈានដល់ការធ្វើសង្គ្រាមឈ្លានពានទាំងកម្រោល ពីសំណាក់ភាគីថៃ មកលើដែនដីអធិបតេយ្យភាពស្របច្បាប់របស់កម្ពុជា បានធ្វេីឲ្យមានការបាត់បង់ជីវិត និងរងរបួសជនស៊ីវិលស្លូតត្រង់ បំផ្លាញលំនៅដ្ឋានប្រជាពលរដ្ឋ ខូចខាតហេដ្ឋារចនាសម្ព័នសាធារណៈ រួមមាន ផ្លូវធ្វើដំណើរ ប្រព័ន្ធអគ្គិសនី ប្រព័ន្ធទឹក សាលារៀន មន្ទីរពេទ្យ មណ្ឌលសុខភាព ទីតាំងអាជីវកម្ម ទីអារាមសាសនា និងផ្ទៃដីលំនៅដ្ឋាន ដីកសិកម្មជាដើម។
លោកបានបន្ដទៀតថា ក្រោយមានបទឈប់បាញ់កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ យោធាថៃបានដាក់កុងតឺន័រ និងរាយបន្លាលួសហ៊ុំព័ទ្ធបន្តគ្រប់គ្រងទាំងកម្រោល ក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា មានផ្ទះប្រជាពលរដ្ឋចំនួនជាង២ពាន់ខ្នងត្រូវបានបំផ្លាញ និងភូមិចំនួន៦ភូមិ ត្រូវបានយោធាថៃបានដាក់កុងតឺន័រ និងរាយបន្លាលួសហ៊ុំព័ទ្ធយក មិនឲ្យពលរដ្ឋកម្ពុជាចូលរួមនៅឡេីយ។
បន្ទាប់ពីបានស្តាប់ការលើកឡើងរបស់អភិបាលខេត្តបន្ទាយមានជ័យ, លោក ដូមីនីក វិលលៀមស៍ ឯកអគ្គរដ្ឋទូតចក្រភពអងគ្លេសប្រចាំកម្ពុជា ក៏បានបង្ហាញពីក្តីព្រួយបារម្ភ ចំពោះការផ្ទុះអាវុធនៅតាមព្រំដែន នាពេលកន្លងមកដែលបានធ្វើឲ្យប៉ះពាល់ដល់អាយុជីវិតពលរដ្ឋ ផ្ទះសម្បែង ភូមិឋាន ហើយពលរដ្ឋត្រូវបានជម្លៀកចេញពីលំនៅឋាន ផ្ទះសំបែង ដេីម្បីទៅរកទីតាំងសុវត្ថិភាព។
ក្នុងនោះផ្លូវធ្វើដំណើរ ប្រព័ន្ធអគ្គិសនី ប្រព័ន្ធទឹក សាលារៀន មន្ទីរពេទ្យ មណ្ឌលសុខភាព ទីតាំងអាជីវកម្ម ទីអារាមសាសនា ផ្ទះសំបែងត្រូវបានបំផ្លាញ។ ក្រោយពីបានចុះពិនិត្យមើលជាក់ស្តែង តាមជំរុំជនភៀសសឹក លោកគាំទ្រលើវិស័យអប់រំ សម្រាប់កុមារ ភៀសសឹក ដែលមានការរៀបចំថ្នាក់រៀនបណ្តោះអាសន្នជូនដល់កុមារបានរៀនសូត្រ ហើយឃើញពលរដ្ឋរស់នៅទីនោះ ដោយមានការយកចិត្តពីប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរជាខ្លាំង។
ក្នុងនាមស្ថាតទូតអង់គ្លេសប្រចាំកម្ពុជា លោកគាំទ្រឲ្យប្រទេសទាំងពីររក្សាសន្តិភាព គោរពនូវបទឈប់បាញ់ ស្វែងរកគ្រប់មធ្យោបាយគាំទ្រឲ្យកម្ពុជា មានសន្តិភាព ជាពិសេសពលរដ្ឋភៀសសឹកឆាប់បានវិលត្រឡប់ ទៅលំនៅឋានវិញ៕






















