បើកការដ្ឋានការងារស្ថាបនាស្ពានបេតុង១កន្លែង នៅឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ
12-02-2026 16:31
(កំពង់ធំ)៖ លោកបណ្ឌិត សៅ ជីវន្ត រដ្ឋលេខាធិការ តំណាងលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយបណ្ឌិត លឹម អ៉ីវ អនុរដ្ឋលេខាធិការ និងលោក តាន់ វាសនា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ ព្រមទាំងក្រុមការងារថ្នាក់ស្រុក បានចូលរួមក្នុងពិធីបើកការដ្ឋានការងារស្ថាបនាស្ពានបេតុងចំនួន១កន្លែង ប្រវែង ៦០ម៉ែត្រ ទទឹង៨ម៉ែត្រ ស្ថិតនៅភូមិបន្ទាយស្ទោង ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦។
លោកបណ្ឌិត សៅ ជីវន្ត បានលើកឡើងថា ក្រសួងអភិវឌ្ឍន៍ជនបទ កំពុងយកចិត្តទុកដាក់លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជនបទដូចជា ផ្លូវ ស្ពាន ភ្លើង និងទឹក ដោយសារតែការតភ្ជាប់ពីជនបទទៅទីប្រជុំជន ដើម្បីជំរុញសេដ្ឋកិច្ច និងសង្គមកិច្ច ក៏ដូចជាការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។
ការសាងសង់ ថែទាំ និងកែលម្អហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត គឺជាការវិនិយោគចាំបាច់ដើម្បីសម្រួលដល់ការធ្វើដំណើរ និងការផ្តល់សេវាសាធារណៈ។ ដោយស្របទៅ និងយុទ្ធសាស្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលបានចាត់វិស័យអាទិភាព៥គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។
លោកបានបន្តថា មកដល់ពេលបច្ចុប្បន្នផ្លូវ និងស្ពានជាច្រើនខ្សែត្រូវបានលើកកម្ពស់ កែលម្អ និងសាងសង់ឡើងថ្មីតភ្ជាប់គ្នាយ៉ាងប្រទាក់ក្រឡានៅទូទាំងប្រទេស។ តាមរយៈសមិទ្ធផលផ្លូវ និងស្ពាន ដែលសម្រេចបានទាំងនេះ បាននិងកំពុងដើរតួយ៉ាងសំខាន់ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក្នុងការដឹកជញ្ជូនទំនិញ ជាពិសេសក៏បានរួមចំណែកទាក់ទាញអ្នកវិនិយោគមកបណ្តាក់ទុនរកស៊ីនៅក្នុងប្រទេសកម្ពុជាផងដែរ។
បណ្ឌិត សៅ ជីវន្ត បានសំណូមពរប្រជាពលរដ្ឋ និងរដ្ឋបាលឃុំ ឱ្យយកចិត្តទុកដាក់ក្នុងការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ ដើម្បីធានាឱ្យបានសុខសុវត្ថិភាព នៅពេលទទួលបានស្ពានថ្មី សូមប្រើប្រាស់ដោយមានការថែទាំ និងចូលរួមថែរក្សាឱ្យបានគង់វង្ស ដែលអាចប្រើប្រាស់បានយូរអង្វែង៕


























