ស្នងការនគរបាលខេត្តកំពង់ធំ ជួបសំណេះសំណាល និងជូនដំណើរមន្ត្រីនគរបាល ចូលសិក្សាវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល នៅសាលានគរបាលជាតិភូមិភាគ៤ ខេត្តសៀមរាប
12-02-2026 16:35
(កំពង់ធំ)៖ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ ឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ បានអញ្ជើញជួបសំណេះសំណាល និងជូនដំណើរមន្ត្រីនគរបាលជាតិ ចូលសិក្សាវគ្គបណ្តុះបណ្តាលកម្រិត បឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី២០ លើកទី១ នៅសាលានគរបាលជាតិភូមិភាគ៤ ខេត្តសៀមរាប។
ឧត្តមសេនីយ៍ទោ ហេង សុផល សូមស្វាគមន៍ចំពោះវត្តមានពុក ម៉ែបង ប្អូន អាណាព្យាបាល និងសូមចូលរួមអបអរសាទរចំពោះប្អូនៗទាំង១៣១ រូប ដែលទទួលបានជ័យលាភី ក្នុងក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ បំពេញជួសប្រចាំ ឆ្នាំ២០២៥ ឱ្យចូលបម្រើការងារនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ។
លោកឧត្តមសេនីយ៍ស្នងការ ពិតជាមានក្ដីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានជួបសំណេះសំណាល និងជូនដំណើរ ប្អូនៗ ចូលសិក្សាវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី២០ លើកទី១ ចំនួន ៥៧នាក់ នៅសាលានគរបាលជាតិភូមិភាគ៤ខេត្តសៀមរាប។
ឧត្តមសេនីយ៍ទោ បានថ្លែងអំណរគុណអាណាព្យាបាលគ្រប់ក្រុមគ្រួសារ ដែលអនុញ្ញាតឱ្យបុត្រា បុត្រី ចូលបម្រើការងារ ជាកងកម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ក្នុងបេសកកម្ម ការពារ រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ជូនសង្គមជាតិ និងប្រជាពលរដ្ឋ។
លោកឧត្តមសេនីយ៍ទោស្នងការ បានគូសបញ្ជាក់ថា រយៈពេលកន្លងទៅថ្មីនេះ ស្នងការដ្ឋាននគរបាលខេត្ត បានប្រមូលផ្តុំ កងកម្លាំងហ្វឹកហាត់ លំហាត់របៀប វិន័យកងជួរ និងមេរៀនខ្លីៗ ដល់ប្អូនៗទាំង១៣១រូប ទទួលបានលទ្ធផល គួរជាទីមោទនៈ។ ដោយឡែកប្អូនៗ ដែលពុំទាន់បានបញ្ជូនទៅបណ្តុះបណ្តាល នៅសាលានគរបាលជាតិ ត្រូវបន្តហ្វឹកហាត់ នៅស្នងការដ្ឋាននគរបាលខេត្តបន្តទៀត។
លោកឧត្តមសេនីយ៍ទោ ស្នងការ បានផ្ដាំផ្ញើប្អូនៗត្រូវគោរពវិន័យ ខិតខំប្រឹងប្រែង សិក្សា រៀនសូត្រ ចិត្តទុកដាក់ត្រង់ត្រាប់ស្ដាប់ កត់ត្រា ទទួលយកចំណេះដឹង បទពិសោធន៍ ល្អៗ សម្រាប់អនុវត្តតួនាទី ភារកិច្ច ជាប្រចាំថ្ងៃ ប្រកបដោយស្មារតី សាមគ្គីភាព តស៊ូ អំណត់ ពុះពារ ព្យាយាម ឈានទៅសម្រេចបាន បទបញ្ជា ដែលថ្នាក់ដឹកនាំប្រគល់ ជូនអនុវត្តឱ្យទទួលបានប្រសិទ្ធភាព។
ឧត្តមសេនីយ៍ទោ ហេង សុផល សង្ឃឹមជឿជាក់ថា ប្អូនៗបន្ទាប់ពីបញ្ចប់វគ្គបណ្តុះបណ្តាលនៅសាលានគរបាលជាតិ ពេលវិលត្រលប់មកវិញ នាំយកចំណេះដឹង បទពិសោធន៍ ទៅបម្រើការងារ តាមអង្គភាពរៀងៗខ្លួន សម្រេចបានជោគជ័យ ជូនថ្នាក់ដឹកនាំ និងសង្គមជាតិ។
សូមបញ្ជាក់ដែរថា ក្នុងនោះលោកស្នងការ បានឧបត្ថម្ភមធ្យោបាយសម្រាប់ធ្វើដំណើរ និងថវិកាមួយចំនួនផងដែរ៕






















