ទេសរដ្ឋមន្ត្រី ថោង ខុន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលនៃការអនុវត្តវិធានការគន្លឹះអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២៥

12-02-2026 16:48

(ភ្នំពេញ)៖ លោក ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ (គ.អ.ទ.ស.) នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានដឹកនាំកិច្ចប្រជុំ បូកសរុបលទ្ធផលនៃការអនុវត្តវិធានការគន្លឹះអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២៥ ដោយមានការចូលរួមពីលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ ព្រមទាំងមានលោក លោកស្រីជាសមាជិក សមាជិកា និងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធសរុបប្រមាណ ១០០នាក់។

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងពិនិត្យលើវឌ្ឍនភាពនៃការអនុវត្ត «វិធានការគន្លឹះអភិវឌ្ឍន៍ទេសចរណ៍ ខេត្តសៀមរាបឆ្នាំ២០២៥» បញ្ហាប្រឈមនានាក្នុងខេត្តសៀមរាប និងកំណត់ទិសដៅយុទ្ធសាស្ត្រថ្មីសម្រាប់ឆ្នាំ២០២៦ ដើម្បីបង្កើនភាពទាក់ទាញវិស័យទេសចរណ៍នៅខេត្តសៀមរាប ក៏ដូចជាការលើកស្ទួយវិស័យទេសចរណ៍កម្ពុជាជារួម។

ឆ្លៀតក្នុងឱកាសនេះលោកទេសរដ្ឋមន្ត្រី ថោង ខុន បានគូសបញ្ជាក់អំពីស្ថានភាពទេសចរណ៍ខេត្តសៀមរាបឆ្នាំ២០២៥ ដោយទទួលបានភ្ញៀវទេសចរសរុបប្រមាណ ៤,២លាននាក់កើនឡើង ៣០,២៨% ធៀបនឹងឆ្នាំ២០២៤ ក្នុងនោះទទួលបានភ្ញៀវទេសចរជាតិចំនួន ៣,២៤លាននាក់ (កើនឡើង ៤៧,៥%) និងភ្ញៀវទេសចរអន្តរជាតិប្រមាណ ៩៥,៥ ម៉ឺននាក់ ថយចុះ -៦,៧% ដែលនេះបង្ហាញថា ស្ថានភាពទេសចរណ៍ខេត្តសៀមរាបពឹងផ្អែកខ្លាំងលើភ្ញៀវទេសចរជាតិ។

ជាការកត់សម្គាល់ទីផ្សារទេសចរណ៍សំខាន់ៗទាំង១០ ដែលមកខេត្តសៀមរាប រួមមាន៖ អាមេរិក, អង់គ្លេស, បារាំង, ចិន, ជប៉ុន, អាល្លឺម៉ង, អូស្ត្រាលី, កូរ៉េខាងត្បូង, ឥណ្ឌា និងអេស្ប៉ាញ។ បន្ថែមពីនេះខេត្តសៀមរាបក៏បានជួបប្រទះនូវបញ្ហាប្រឈមមួយចំនួនផងដែរ ដូចជា ការថយចុះនៃភ្ញៀវទេសចរអន្តរជាតិ ដោយសាររងឥទ្ធិពលពីភាពមិនប្រាកដប្រជានៃភូមិសាស្ត្រនយោបាយ និងបញ្ហាព្រំដែនជាមួយប្រទេសជិតខាង ដែលបានកើតឡើងតាំងពីខែកក្កដា ឆ្នាំ២០២៥ រហូតមក។

លោកប្រធានអង្គប្រជុំ ក៏បានរំលឹកបន្ថែមផងដែរថា រាជរដ្ឋាភិបាលបានដាក់ចេញ «វិធានការគន្លឹះអភិវឌ្ឍន៍ ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២៥» កាលពីខែមីនា ឆ្នាំ២០២៥ ដែលមានវិធានការគន្លឹះចំនួន៧ ដើម្បីប្រែក្លាយបញ្ហាប្រឈមទៅជាឱកាស និងបានដាក់ឱ្យប្រើប្រាស់សូចនាករត្រួតពិនិត្យការអនុវត្តយ៉ាងហ្មត់ចត់។

កិច្ចប្រជុំនេះក៏មានការធ្វើបទឧទ្ទេសនាមដោយលោក ណេប សាមុត ប្រធានលេខាធិការដ្ឋាន គ.អ.ទ.ស. លើរបាយការណ៍លទ្ធផលនៃការអនុវត្តវិធានការគន្លឹះអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២៥, បទឧទ្ទេសនាមរបស់លោក នី ផល្លី រដ្ឋលេខាធិការក្រសួងទេសចរណ៍ អំពី «ចក្ខុវិស័យទេសចរណ៍ខេត្តសៀមរាបឆ្នាំ២០២៦៖ ផែនការនៃគម្រោងរបស់ក្រសួងទេសចរណ៍»។ ជាងនេះទៀត តំណាងអង្គភាពគ្រប់គ្រងគោលដៅទេសចរណ៍ដោយឡែកទាំង៥ ក៏បានធ្វើបទបង្ហាញអំពីវឌ្ឍនភាព ក្នុងនោះ៖ តំបន់បេតិកភណ្ឌអង្គរ, តំបន់ក្រុងសៀមរាប និងតំបន់ទេសចរណ៍ជុំវិញតំបន់ការពារប្រាសាទបន្ទាយស្រី, តំបន់បឹងទន្លេសាប, តំបន់ឧទ្យានជាតិព្រះជ័យវ័រ្មន-នរោត្តម ភ្នំគូលែន និងបទឧទ្ទេសនាមដោយលេខាធិការដ្ឋាននៃ គ.អ.ទ.ស. លើគម្រោងចំនួន០២ គឺ៖ ឯកសារទស្សនាទានស្តីពី ការរៀបចំសង្កាត់ទេសចរណ៍គំរូនៅក្រុងសៀមរាប ” និងគម្រោង “លើកកម្ពស់ភាពទាក់ទាញទេសចរណ៍ សម្រាប់សហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុក” ដើម្បីធ្វើពិពិធកម្មផលិតផលទេសចរណ៍ក្រៅពីប្រាសាទ។

ក្នុងកិច្ចពិភាក្សាលោក សូ វិសិទ្ធី រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក៏បានធ្វើបទបង្ហាញ ពីវឌ្ឍនភាព គម្រោងសាងសង់បង្គោលអង់តែននៅតាមគោលដៅទេសចរណ៍អាទិភាព តំបន់ការពារធម្មជាតិ តំបន់ទេសចរណ៍ដាច់ស្រយាល និងតំបន់រមណីយដ្ឋានក្នុង ខេត្តសៀមរាបផងដែរ។

ជាលទ្ធផលអង្គប្រជុំក៏ថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់ការលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋចិនដែលធ្វើដំណើរពីប្រទេសចិនមកកម្ពុជា ដោយផ្តល់រយៈពេលស្នាក់នៅ ១៤ថ្ងៃ ចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ក្នុងរដូវបៃតង (Green Season)។ អង្គប្រជុំបានវាយតម្លៃថាខេត្តសៀមរាបនឹងបន្តពង្រឹងសមត្ថភាពប្រកួតប្រជែង បន្ថែមទៀត ខណៈដែលមានហេដ្ឋារចនាសម្ព័ន្ធថ្មីៗ (អាកាស-យានដ្ឋានអន្តរជាតិ,ផ្លូវ) ជាទ្រព្យសកម្មយុទ្ធសាស្ត្រ គាំទ្រដល់ការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តសៀមរាប ។ ជារួមអង្គប្រជុំគាំទ្រ និងឯកភាពក្នុងបន្តធ្វើបច្ចុប្បន្នភាពវិធានការគន្លឹះអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២៥ឆ្ពោះទៅឆ្នាំ២០២៨។ ព្រមជាមួយគ្នានេះក្រសួងស្ថាប័ន អាជ្ញាធរពាក់ព័ន្ធ ប្តេជ្ញាបន្តចូលរួមអនុវត្តលើសកម្មភាពដែលពុំទាន់បានអនុវត្តតាមភារៈកិច្ចរៀងៗខ្លួន។

អង្គប្រជុំបានឯកភាពដាក់ចេញនូវទិសដៅអនុវត្តឆ្នាំ២០២៦ និងគោរពស្នើសុំការសម្រេចដ៏ខ្ពង់ខ្ពស់ពីសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីដូចខាងក្រោម៖

ទី១៖ គោរពស្នើសុំការគាំទ្រជាគោលការណ៍ដ៏ខ្ពង់ខ្ពស់លើ«គម្រោងលើកកម្ពស់ភាពទាក់ទាញទេសចរណ៍សហគមន៍ធម្មជាតិកំពង់ភ្លុក» ដើម្បីប្រែក្លាយតំបន់នេះទៅជាគំរូនៃការអភិវឌ្ឍទេសចរណ៍សហគមន៍ផ្សារភ្ជាប់នឹងការអភិរក្ស និងជាការធ្វើពិពិធកម្មគោលដៅក្រៅពីអង្គរ (យោងតាមអង្កេតឆ្នាំ២០១៩៖ ភ្ញៀវទេសចរប្រមាណជា៩៣% ទៅលេងតំបន់អង្គរ, ១២%ទៅលេងឧទ្យានជាតិព្រះជ័យវរ្មន័-នរោត្តម “ភ្នំគូលេន” និងមានរហូតដល់ ៤១% ទៅលេខតំបន់បឹងទន្លេសាប។)

ទី២៖ គោរពស្នើសុំប្រគល់ឯកសារទស្សនាទាន “អភិវឌ្ឍន៍សង្កាត់ទេសចរណ៍គំរូ” ជូនទៅអង្គភាពគ្រប់គ្រងគោលដៅទេសចរណ៍ដោយឡែកក្រុងសៀមរាប ដែលមានរដ្ឋបាលខេត្តសៀមរាបជាប្រធាន ដើម្បីទទួលខុសត្រូវដឹកនាំអនុវត្តផ្ទាល់។

ទី៣៖ ឯកភាពរៀបចំផែនការអនុវត្តបន្តចាប់ផ្តើមពីឆ្នាំ២០២៦ ដើម្បីគាំទ្រការអភិវឌ្ឍទេសចរណ៍សៀមរាប-អង្គរ ក្នុងបរិបទដែលមានការប្រកួតប្រជែងខ្ពស់ និងភាពតានតឹងនៃស្ថានភាពព្រំដែនជាមួយប្រទេសជិតខាង ដែលទាមទារឱ្យមានការដាក់ចេញនូវ «វិធានការគន្លឹះអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ ដំណាក់កាលទី២ (២០២៦-២០២៨)» ក្នុងការអភិវឌ្ឍទេសចរណ៍សៀមរាប-អង្គរ ដោយធ្វើការរំកិលសកម្មភាពការងារពីឆ្នាំ២០២៥ ទៅ២០២៦-២០២៨។ ក្នុងន័យនេះអង្គប្រជុំឯកភាពគោរពសុំការអនុញ្ញាតពីសម្តេចបវរធិបតី ក្នុងការប្រគល់ភារកិច្ចឱ្យ គ.អ.ទ.ស. ដឹកនាំសម្របសម្រួលវិធានការនេះឱ្យស្របតាមស្ថានភាពជាក់ស្តែងនៃទេសចរណ៍ខេត្តសៀមរាប។

ទី៤៖ គ្រប់អង្គភាពគ្រប់គ្រងគោលដៅទេសចរណ៍ដោយឡែក (Sub-DMOs) ត្រូវរៀបចំផែនការការងារ (Work Plan)សម្រាប់ឆ្នាំ២០២៦។ ទន្ទឹមនេះត្រូវជំរុញបន្តការអនុវត្តការងារដែលនៅសេសសល់ដែលបាននិងកំពុងធ្វើ និងមិនទាន់ធ្វើ ដែលមានក្នុងវិធានការគន្លឹះឆ្នាំ២០២៥ និងបន្តអនុវត្តការងារចាំបាច់តាមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់សម្តេចបវរធិបតី ពាក់ព័ន្ធនឹងការអភិវឌ្ឍទេសចរណ៍ នៅខេត្តសៀមរាប ពិសេសនៅតាមគោលដៅអាទិភាពនីមួយៗនៅក្នុងខេត្ត ក្នុងនោះអង្គភាពគ្រប់គ្រងដោយឡែកបឹងទន្លេសាប ត្រូវដាក់ឆ្លងក្រុមប្រឹក្សាគ្រឹះស្ថានអង្គរនូវគម្រោងអភិវឌ្ឍន៍តំបន់ទេសចរណ៍ភ្នំក្រោម និងចុងឃ្នាស និងគោរពស្នើសុំការសម្រេចជាគោលការណ៍ដ៏ខ្ពង់ខ្ពស់ពីសម្តេចបវរធិបតី តាមរយៈ គ.អ.ទ.ស។ ចំពោះអង្គភាពគ្រប់គ្រងដោយឡែកភ្នំគូលែន ក្រសួងបរិស្ថាន និងក្រសួងទេសចរណ៍ត្រូវពន្លឿនបញ្ចប់ឯកសារ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍទេសចរណ៍នៅភ្នំគូលែន៕