មេគយកម្ពុជា៖ ការបិទព្រំដែនជាមួយថៃ មិនបានធ្វើឱ្យកម្ពុជាខ្វះទំនិញ ឬកើនឡើងអត្រាអតិផរណានោះទេ ជាពិសេសប្រេងឥន្ធនៈ (Video inside)

12-02-2026 17:00

(ភ្នំពេញ)៖ បណ្ឌិត គុណ ញឹម រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានលើកឡើងថា ការបិទព្រំដែនផ្លូវគោក ជាមួយប្រទេសថៃ មិនបានធ្វើឱ្យកម្ពុជាខ្វះទំនិញ ឬកើនឡើងអត្រាអតិផរណានោះទេ ជាពិសេសការបិទមិនឱ្យនាំចូលប្រេងឥន្ធនៈពីថៃ។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ស្តីពីកិច្ចប្រជុំបូកសរុបលទ្ធផលការងារគយ និងរដ្ឋាករកម្ពុជា ប្រចាំឆ្នាំ២០២៥ និងលើកទិសដៅឆ្នាំ២០២៦ នៅអគារអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នាព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥។

លោកបណ្ឌិត គុណ ញឹម បានបញ្ជាក់យ៉ាងដូច្នេះថា «ការបិទព្រំដែនផ្លូវគោក ជាមួយប្រទេសថៃ គឺមិនមានអីប៉ះពាល់ធ្ងន់ធ្ងរ ដល់ការផ្គត់ផ្គង់ទំនិញ ក្នុងប្រទេសយើងនោះទេ ជាការពិតទំនិញដែលនាំចូលពីប្រទេសថៃ ធ្លាក់ចុះស្រុតខ្លាំង»

បន្ថែមពីនោះទៀត លោកបណ្ឌិត គុណ ញឹម បានឲ្យដឹងថា កម្ពុជាមិនមានជួបបញ្ហាខ្វះទំនិញ ឬមួយក៏អតិផរណាកើនឡើងខ្ពស់ ដោយសារការបិទព្រំដែនផ្លូវគោក ជាមួយប្រទេសថៃនោះទេ រួមទាំងការហាមឃាត់ទំនិញយុទ្ធសាស្ដ្រ ដូចជាប្រេងឥន្ធនៈជាដើមផងដែរ។

បើតាមលោកបណ្ឌិត គុណ ញឹម, ចំណូលដែលអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាប្រមូលបាន នៅក្នុងឆ្នាំ២០២៥ មានចំនួន ១២ ៧៦០ ៥០៥លានរៀល កើន២១% បើធៀបនឹងឆ្នាំ២០២៤ មានចំនួន ២ ២១៨ ៣៥១លានរៀល ដែលមានភាពល្អប្រសើរ។

ទន្ទឹមគ្នានេះ លោកបណ្ឌិត គុណ ញឹម បានលើកឡើងថា ចំណូលដែលអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រមូលបានលើសផែនការ នៅក្នុងឆ្នាំ២០២៥ វាមិនមែនកើតឡើង ដោយស្វ័យប្រវិត្ដនោះទេ ដោយសារការខិតខំប្រឹងប្រែងរបស់ស្ថាប័នគយ។

សូមជម្រាបថា ទំនិញមានប្រភពដើមពីប្រទេសថៃ ដែលជាប់បម្រាម នាំចូលមកកម្ពុជា​​ រួមមាន បន្លែ និងផ្លែឈើ ប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈ ដែលមានដូចជា៖

១៖ ប្រេងសាំង (Gasoline)
២៖ ប្រេងម៉ាស៊ូត (Diesel)
៣៖ ឧស្ម័នរាវសម្រាប់ដុត (LPG និង LNG)
៤៖ ប្រេងខ្មៅ (Fuel oil) និង
៥៖ ប្រេងសាំងយន្តហោះ (Jet-A1)។

ដោយឡែក មុខទំនិញផ្សេងទៀត ក្រៅពីមុខទំនិញ ខាងលើ មិនមែនជាកម្មវត្ថុ នៃការហាមឃាត់ការនាំចូលទេ៕