អគ្គិសនីកម្ពុជា ជាអ្នកចំណាយលើការប្រើប្រាស់ថាមពលអគ្គសនីរបស់ពលរដ្ឋភៀសសឹក និងចេញខាតលើហេដ្ឋារចនាសម្ព័ន្ធអគ្គិសនី ដែលបំផ្លាញដោយសារទាហានថៃ (Video inside)
12-02-2026 17:34
(ភ្នំពេញ)៖ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានគូសបញ្ជាក់ថា អគ្គិសនីកម្ពុជា ជាអ្នករ៉ាប់រងទាំងអស់ ចំពោះការចំណាយលើថ្លៃប្រើប្រាស់ថាមពលអគ្គិសនី របស់បងប្អូនជនភៀសសឹក ដែលកំពុងស្នាក់នៅមណ្ឌលសុវត្ថិភាព ព្រមទាំងចេញខាតទាំងអស់ លើហេដ្ឋារចនាសម្ព័ន្ធអគ្គិសនី ដែលរងការបំផ្លាញដោយសារទាហានថៃ ឈ្លានពាននៅតាមបណ្តាខេត្តជាប់ព្រំដែន។
ការគូសបញ្ជាក់បែបនេះរបស់លោក កែវ រតនៈ បានធ្វើឡើងនៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់អាជ្ញាធរអគ្គិសនីកម្ពុជា នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។
លោករដ្ឋមន្ត្រី កែវ រតនៈ បានលើកឡើងយ៉ាងដូច្នេះថា៖ «គឺបន្តឱ្យអគ្គិសនីកម្ពុជា ជាអ្នកទទួលចំណាយប្រាក់ថ្លៃប្រើប្រាស់អគ្គិសនី សម្រាប់គ្រប់ជំរំភៀសសឹក ដល់អាជ្ញាធរខេត្តនៅជួរមុខ បានរៀបចំជាកន្លែងប្រមូលផ្តុំ កន្លងមកការប៉ះពាល់ជាមួយថៃ គឺអគ្គិសនីកម្ពុជា ជាអ្នកចេញថ្លៃភ្លើងរួចហើយ មានន័យថាអាជ្ញាធរខេត្ត ដែលទទួលបន្ទុកជួយឧបត្ថម្ភ ដល់បណ្តាលជំរំភៀសសឹក គ្រប់កន្លែងតែធ្វើវិកយបត្រពីសេវាករអគ្គិសនី រួចរុញឱ្យអគ្គិសនីកម្ពុជា ដើម្បីឱ្យអគ្គិសនីកម្ពុជា ជាអ្នកចេញថ្លៃចំណាយ»។
លោករដ្ឋមន្ត្រី កែវ រតនៈ បានបន្តថា នៅក្នុងឆ្នាំ២០២៦ គឺមានប្រជាជនកំពុងរស់នៅក្នុងជំរំភៀសសឹក និងតាមទីតាំងប្រមូលផ្តុំមួយចំនួន ដូច្នេះ ការគោលរបស់រាជរដ្ឋាភិបាល ក្រសួងរ៉ែ និងថាមពល ដែលជាសេនាធិការ គឺអគ្គិសនីកម្ពុជា ត្រូវតែបន្តចេញចំណាយថ្លៃប្រើប្រាស់របសបងប្អូនប្រជាពលរដ្ឋនៅជំរំភៀសសឹកជាបន្តផងដែរ។
«ដាក់កំណត់ឱ្យអគ្គិសនីកម្ពុជា ជាអ្នកចេញសងថ្លៃខូចខាតហេដ្ឋារចនាសម្ព័ន្ធអគ្គិសនីទាំងអស់ របស់សេវាករអគ្គិសនី នៅប៉ែកជួរមុខដែលបានរងការខូចខាតពីការឈ្លានពានរបស់កងទ័ពថៃ, អគ្គិសនីកម្ពុជា ចេញខាតទាំងអស់ជូន។ ចាត់ទុកថា នេះជាការរងគ្រោះនៃការឈ្លានពាន ដូច្នេះ រាជរដ្ឋាភិបាល ជាអ្នកចេញមុខសងការខូចខាតទាំងអស់»។ នេះជាការគូសបញ្ជាក់របស់លោករដ្ឋមន្ត្រី កែវ រតនៈ។
លោករដ្ឋមន្ត្រី កែវ រតនៈ បានលើកឡើងថា យន្តការនៃការអនុវត្ត គឺសំណើរនៃការស្នើសុំប៉ះពាល់នៃការខូចខាតហេដ្ឋារចនាសម្ព័ន្ធអគ្គិសនី ត្រូវបានរុញមកមូលនិធិអគ្គិសនីជនបទ តាមរយៈការសហការរបស់អាជ្ញាធរអគ្គិសនីកម្ពុជា ត្រូវពិនិត្យមើលបរិមាណចំនួននៃការប៉ះប៉ូវ និងសងនូវការខូចខាត ដើម្បីធ្វើយ៉ាងណាដោះស្រាយបញ្ហានេះឱ្យទាន់ពេលវេលា។
លោករដ្ឋមន្ត្រី កែវ រតនៈ បានឱ្យដឹងយ៉ាងដូច្នេះថា៖ «យើងជាអ្នកភ្លើង សេវាករអគ្គិសនីទាំងអស់ ប្រហែលបានដឹងហើយខូចខាតប៉ុន្មាន? បើគិតទៅមិនក្រោម ៥ ទៅ ៦លានដុល្លារទេ សេវាករឯកជន ដែលខូចខាតពីការបំផ្លាញរបស់ថៃ នៅជួរមុខនេះប្រហែល ៤លានដុល្លារ EDC អគ្គិសនីកម្ពុជា ត្រូវចេញសង ហើយ EDC ខ្លួនឯងក៏មានការខូចខាតដែល អត់មានក្រោម ៥លាន សរុបទៅទាំងអស់គ្នា»៕





























