សម្ដេចរដ្ឋសភាធិការធិបតី ឃួន សុដារី ផ្ញើលិខិតរំលែកទុក្ខជូនរដ្ឋសភាហ្វីលីពីន ចំពោះមរណភាព អតីតប្រធានរដ្ឋសភាហ្វីលីពីន លោក Jose de Venecia Jr. ក្នុងជន្មាយុ ៨៩ឆ្នាំ
12-02-2026 19:07
(ភ្នំពេញ)៖ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ បានផ្ញើលិខិតរំលែកទុក្ខដ៏ក្រៀមក្រំអំពីមរណភាពរបស់ លោក ចូសេ ដឺ វេណេសៀ ជេអា (Jose de Venecia Jr.) អតីតប្រធានរដ្ឋសភានៃសាធារណរដ្ឋហ្វីលីពីន កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងជន្មាយុ ៨៩ឆ្នាំ តាមរយៈ លោក ហ្វូស្ទីណូ បូជី ឌី ទី៣ (Faustino Bojie Dy III) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋហ្វីលីពីន។
មរណភាពរបស់ លោក ចូសេ ដឺ វេណេសៀ ជេអា គឺជាការបាត់បង់នូវថ្នាក់ដឹកនាំដ៏ឆ្នើម និងប្រកបដោយ ចក្ខុវិស័យវែងឆ្ងាយម្នាក់ ដែលបានលះបង់ពេញមួយជីវិតរបស់លោក ដើម្បីលើកកម្ពស់សន្តិភាព លទ្ធិប្រជាធិបតេយ្យ សេរីភាព និងវិបុលភាព មិនត្រឹមតែសម្រាប់ប្រជាជនហ្វីលីពីនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់ប្រជាជនក្នុងតំបន់ និងលើសកលលោកថែមទៀតផង។
ដោយធ្លាប់បានធ្វើប្រធានរដ្ឋសភាហ្វីលីពីន ប្រធានអង្គការអន្តរសភាអាស៊ាន (AIPO) ចំនួនពីរលើក ក្នុងឆ្នាំ១៩៩៤ និងឆ្នាំ២០០៦ ព្រមទាំងជាស្ថាបនិកនៃសន្និសីទអន្តរជាតិនៃបណ្តាគណបក្ស នយោបាយអាស៊ី (ICAPP) និងជាតួអង្គដ៏សំខាន់ក្នុងវេទិកាអន្តរជាតិជាច្រើនទៀត រួមមាន៖ សមាគមសភាអាស៊ី ដើម្បីសន្តិភាព (AAPP) សភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) និងសន្និសីទប្រធានសភានៃ អន្តរសភា (ISC) លោក បានរួមចំណែកយ៉ាងធំធេង និងប្រកបដោយតម្លៃមិនអាចកាត់ថ្លៃបាន ដល់សន្តិភាព និងវិបុលភាពសម្រាប់មនុស្សជាតិនៅក្នុងតំបន់ និងលើសកលលោក។ មរតកនៃឧត្តមគតិ ការលះបង់ បញ្ញាញាណ និងការបម្រើជាតិរបស់ ឯកឧត្តម នឹងបន្តជាប្រភពនៃការបំផុសគំនិត និងកម្លាំងចិត្តដល់យើងទាំងអស់គ្នា និងថ្នាក់ ដឹកនាំជំនាន់ក្រោយ។
ក្នុងនាមរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមខ្លួនសម្ដេចផ្ទាល់ សម្ដេចសូមចូលរួមរំលែកមរណទុក្ខដ៏ ក្រៀមក្រំបំផុតជូនចំពោះ រដ្ឋសភា រដ្ឋាភិបាល និងប្រជាជនហ្វីលីពីនទាំងអស់ ជាពិសេសក្រុមគ្រួសារ នៃសព ចំពោះការបាត់បង់ដ៏ធំធេងនេះ។ សូមបួងសួងឱ្យដួងវិញ្ញាណក្ខន្ធ លោក បានទៅកាន់ឋានសុគតិភពកុំបី ឃ្លៀងឃ្លាតឡើយ៕





