រាជបណ្ឌិត្យសភាកម្ពុជា បើកសិក្ខាសាលាស្ដីពី តួនាទីវិស័យវិស្វកម្មបរិស្ថានក្នុងសង្គម និងការអភិវឌ្ឍប្រកបដោយចីរភាព
12-02-2026 19:17
(ភ្នំពេញ)៖ រាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានបើកសិក្ខាសាលាស្ដីពី តួនាទីវិស័យវិស្វកម្មបរិស្ថានក្នុងសង្គម និងការអភិវឌ្ឍប្រកបដោយចីរភាព ដែលរៀបចំដោយ នាយកដ្ឋានមន្ទីរពិសោធន៍ វិទ្យាស្ថានជីវសាស្ត្រ វេជ្ជសាស្ត្រ និងកសិកម្ម នៃរាជបណ្ឌិត្យសភាកម្ពុជា សាលទន្លេសាប នៃអគារខេមរវិទូ។ ពិធីនេះ បានធ្វើឡើងក្រោមអធិបតីភាព លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជា ព្រមទាំងលោកគ្រូ អ្នកគ្រូ និងសិស្សនិស្សិតជាច្រើនរូប។
នាឱកាសនោះដែរ លោកបណ្ឌិតសភាចារ្យ សុខ ទូច បានលើកឡើងថា សិក្ខាសាលានេះ មានគោលបំណងលើកកម្ពស់ការអនុវត្ដក្នុងការស្រាវជ្រាវ និងនាវានុវត្ដន៍វិស្វកម្មបរិស្ថាន ដើម្បីគ្រប់គ្រងគុណភាពទឹក ប្រព្រឹត្តកម្មទឹកកខ្វក់ ប្រព័ន្ធបម្លែងសំណល់ឱ្យក្លាយទៅជាថាមពល និងការកែលម្អគុណភាពដី ដើម្បីបង្កើនអត្ថប្រយោជន៍សម្រាប់សង្គមជាតិ និងដើម្បីផលិតកម្មក្នុងស្រុក បង្កើនធនធានមនុស្សផ្នែកបច្ចេកទេសតាមរយៈការបែងចែកបទពិសោធន៍ និងដំណោះស្រាយ ព្រមទាំងការអនុវត្ដន៍ប្រកបដោយចីរភាព។
លោកបណ្ឌិតសភាចារ្យ បានលើកឡើងថា វិស័យកសិកម្ម នាខែប្រាំងមានផលប៉ះពាល់តិច ជាងខែវស្សា ដោយសារភ្លៀងនាំចូលមក ប៉ុន្ដែយើងត្រូវគិតថា ស្មើគ្នា ហើយនៅជុំវិញបឹងទន្លេសាប គឺប្រភេទនៃការរស់បើរក្សាឱ្យបានល្អ នឹងទទួលបានផលដោយងាយ។ ខ្មែរពីមុន ដើម្បីធ្វើជី សម្លាប់សត្វល្អិត គឺយកថ្នាំ ដែលដាំនៅតាមបណ្ដាយទន្លេមេគង្គ យកមកត្រាំជាមួយទឹកនោម ដើម្បីសម្លាប់សត្វល្អិតផងដែរ។ ហើយការបង្កើតជាតិរាជបណ្ឌិត្យសភាកម្ពុជា តេជោសែនឬស្សីត្រឹប ដើម្បីរក្សាព្រៃឈើ រក្សាសត្វ រកការងារឱ្យមនុស្សធ្វើ កុំឱ្យកាប់ឈើ ឬការបរបាញ់សត្វជាដើម។
លោកបានជឿជាក់ថា អង្គសិក្ខាសិលានេះពិតជាមានសារៈសំខាន់ណាស់ ដែលនិយាយអំពី «វិស័យវិស្វកម្មបរិស្ថានក្នុងសង្គម និងការអភិវឌ្ឍប្រកបដោយចីរភាព» គ្មាននរណាមួយ ដែលមិនអាចរស់ដោយគ្មានបរិស្ថាននោះទេ បើអ្នកមិនថែរក្សាបរិស្ថានទេ ធម្មជាតិនឹងឆ្លើយតបមកកាន់យើងវិញ។
ជាមួយគ្នានេះ លោក យ៉ង់ ពៅ បានបន្ថែមថា វិស្វកម្មបរិស្ថានក្នុងសង្គម និងការអភិវឌ្ឍប្រកបដោយចីរភាព មិនមែនត្រឹមតែចែករំលែកចំណេះដឹងប៉ុណ្ណោះទេ វានឹងក្លាយជាថ្នាល់បណ្ដុះគំនិត សម្រាប់អ្នកស្រាវជ្រាវវ័យក្មេង និងនិស្សិតទាំងអស់ ក្នុងការឈានទៅបង្កើតនូវនាវានុវត្ដន៍ថ្មី ដើម្បីកសាងកម្ពុជាបៃតង ហើយយើងទាំងអស់គ្នាមានតួនាទីក្នុងការកែប្រែជោគវាសនា បរិស្ថានតាមរយៈការផ្លាស់ប្ដូរអាកប្បកិរិយា និងការប្រើប្រាស់វិទ្យាសាស្រ្ដមូលដ្ឋានផងដែរ៕



















