រដ្ឋមន្រ្តីសុខាភិបាល ក្រើនរម្លឹកដល់មន្ដ្រីក្រោមឱវាទថា «គ្មានគុណភាពឯណា បានមកពីសេវាដែលគ្មានសុវត្ថិភាពនោះទេ» ដូច្នេះត្រូវធ្វើការងារជាក្រុមដើម្បីសុវត្ថិភាពអ្នកជំងឺយ៉ាងពិតប្រាកដ
12-02-2026 19:29
(ភ្នំពេញ)៖ លោកសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្ដីក្រសួងសុខាភិបាល បានក្រើនរម្លឹកជាថ្មីដល់ថ្នាក់ដឹកនាំ មន្ដ្រី បុគ្គលិក ក្រុមគ្រូពេទ្យទាំងអស់ថា «គ្មានគុណភាពឯណា បានមកពីសេវាដែលគ្មានសុវត្ថិភាពនោះទេ»។ សុវត្ថិភាពអ្នកជំងឺមិនមែនជាការងារបន្ថែមរបស់យើងនោះទេ វាគឺជាមូលដ្ឋានគ្រឹះនៃការថែទាំសំដៅគុណភាព ដែលទាមទារឱ្យយើងទាំងអស់គ្នា បន្ដរួមគ្នាធ្វើការងាររួមគ្នាជាក្រុម ដើម្បីកាន់តែផ្ដល់ភាពល្អប្រសើរក្នុងការបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋ។
ការថ្លែងយ៉ាងដូច្នេះរបស់លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និសីទវេជ្ជសាស្ត្រ សល្យសាស្រ្តប្រចាំឆ្នាំ លើកទី២៨ និងសិក្ខាសាលាវិទ្យាសាស្ត្រថែទាំ លើកទី១៥ ក្រោមប្រធានបទ៖ «ការអនុវត្តពហុជំនាញនៃវិទ្យាសាស្រ្តប្រព័ន្ធប្រសាទ» នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦។
លោកសាស្រ្តាចារ្យរដ្ឋមន្រ្តីបានថ្លែងបន្ដទៀតថា សុវត្ថិភាពអ្នកជំងឺ គឺជាការងារជាប្រព័ន្ធមួយ ដែលចាប់ផ្តើមពីថ្នាក់ដឹកនាំរបស់មន្ទីរពេទ្យគ្រប់កម្រិត ក្នុងការបណ្តុះភាពជាអ្នកដឹកនាំ កសាងវប្បធម៌សុវត្ថិភាព ជំរុញឱ្យបុគ្គលិកចូលរួមមតិយោបល់ ការកាត់បន្ថយកំហុសវេជ្ជសាស្ត្រតាមរយៈ ការអនុវត្តគោលការណ៍ណែនាំ ពិធីសារថែទាំព្យាបាល និងការទទួលខុសត្រូវលើតួនាទីរបស់អ្នកវិជ្ជាជីវៈ ក្នុងការរក្សាសុវត្ថិភាពអ្នកជំងឺ។ លោកសាស្ត្រាចារ្យរដ្ឋមន្រ្តីបានគូសរំលេចទៀតថា «ការសាមគ្គីរួបរួមគ្នាជាក្រុមក្នុងរូបភាពជាតួអង្គវេជ្ជសាស្រ្តតែមួយ គឺបង្កើតបានកម្លាំងមួយដ៏ធំរឹងមាំ ដើម្បីធ្វើឱ្យវិជ្ជាជីវៈនីមួយៗមានវឌ្ឍនភាពជានិរន្តរ៍»។
លោកសាស្រ្តាចារ្យរដ្ឋមន្រ្តីបានគូសរំលេចទៀតថា តាមរយៈការជួបជុំគ្នានាពេលនេះ អ្នកចូលរួមនឹងទទួលបាននូវបទពិសោធន៍ល្អៗ ដើម្បីយកទៅអនុវត្ត ក្នុងការពិនិត្យ ព្យាបាលអ្នកជំងឺប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និងសមធម៌ ស្របតាមផែនការយុទ្ធសាស្រ្តគន្លឹះ ៩ចំណុច និងអាទិភាព ៣ចំណុច និងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ ស្វាហាប់ និងពោរពេញដោយសមត្ថភាពរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
ទន្ទឹមនឹងនេះលោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់ការណែនាំ ៥ចំណុច សម្រាប់ជាចំណេះដឹង និងបទពិសោធន៍ក៏ជាសញ្ញាបង្ហាញពីការរួបរួមសាមគ្គីគ្នា របស់ថ្នាក់ដឹកនាំ ក្រុមគ្រូពេទ្យ និងបុគ្គលិកក្នុងការទទួលខុសត្រូវ ដើម្បីធ្វើឱ្យប្រព័ន្ធសុខាភិបាលកម្ពុជាអភិវឌ្ឍឆ្ពោះទៅមុខ ដូចជា៖
១៖ លើកកម្ពស់គុណភាព និងសុវត្ថិភាពអ្នកជំងឺ ដោយត្រូវបន្តអនុវត្តគោលការណ៍ ស្តីពីសុវត្ថិភាពអ្នកជំងឺ ការគ្រប់គ្រងហានិភ័យ ការប្រើប្រាស់ថ្នាំ គោរពវិជ្ជាជីវៈ ដោយដាក់អ្នកជំងឺជាគោលដៅស្នូល
២៖ ត្រូវបន្តពង្រឹងសមត្ថភាពវិជ្ជាជីវៈវេជ្ជសាស្រ្តបន្ថែមគ្រប់កម្រិត និងគ្រប់ជំនាញឯកទេស ជំនាញថ្មីៗ ប្រកបដោយនវានុវត្តន៍ តាមរយៈការបណ្តុះបណ្តាលនានាទាំងក្នុង និងក្រៅប្រទេស និងបន្តជួយបណ្តុះបណ្តាលដល់ក្រុមគ្រូពេទ្យ និងនិស្សិតដែលជាអ្នកបន្តវេនទៅថ្ងៃអនាគត។
៣៖ ត្រូវយកចិត្តទុកដាក់ លើកកម្ពស់ការបម្រើសេវាជូនប្រជាពលរដ្ឋ និងដោយភាពទន់ភ្លន់ ឆ្លើយតបបានទាន់ពេលវេលា និងស្ថានការណ៍ប្រកាន់ខ្ជាប់ជានិច្ចនូវក្រមសីលធម៌វិជ្ជាជីវៈវេជ្ជសាស្ត្រ ធ្វើយ៉ាងណាឱ្យកាន់តែមានភាពជិតស្និទ្ន ការអាណិតស្រឡាញ់ ការគោរពសិទ្ធិ និងសេចក្តីថ្លៃថ្នូររវាងគ្រូពេទ្យជាអ្នកបម្រើសេវាផ្ទាល់ និងបងប្អូនអ្នកជំងឺ សាច់ញាត្តិ មិត្តភក្តិទាំងឡាយដែលមកទទួលសេវា ដើម្បីទទួលបានការជឿទុកចិត្តពីប្រជាពលរដ្ឋបន្ថែមទៀត។
៤៖ បន្តបង្កើនការផ្តល់អាទិភាពដល់អ្នកជំងឺចាស់ជរា ពិការភាព អ្នកជំងឺខ្វះខ្វាតផ្សេងៗ ធ្វើយ៉ាងណាបង្កលក្ខណៈបានទទួលសេវាថែទាំព្យាបាល ឆ្លើយតបទៅនឹងស្ថានភាពជំងឺជាក់ស្តែង និងផ្តល់ការពន្យល់ទូលំទូលាយ និងច្បាស់លាស់។
៥៖ ត្រូវពង្រឹងភាពជាអ្នកដឹកនាំផ្នែកគិលានុបដ្ឋាក និងឆ្មប ដែលជាដៃគូដ៏សំខាន់ក្នុងការសម្រេចគោលដៅសុវត្ថិភាពអ្នកជំងឺ។
សូមជម្រាបថាសន្និសីទវេជ្ជសាស្ត្រ សល្យសាស្រ្តប្រចាំឆ្នាំ លើកទី២៨ និងសិក្ខាសាលាវិទ្យាសាស្ត្រថែទាំ លើកទី១៥នេះ មានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ លោក លោកស្រី ប្រធានមន្ទីរពេទ្យជាតិ សាកលវិទ្យាល័យនានា ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ព្រមទាំងមន្រ្តីរាជការ និងបុគ្គលិកសុខាភិបាលទាំងអស់ នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដែលចូលរួមផ្ទាល់ ចំនួន ២៤២នាក់ និងសមាសភាពតាមប្រព័ន្ធអនឡាញ Zoom ជាមន្រ្តី បុគ្គលិកសុខាភិបាល មន្ទីរពេទ្យសម្ព័ន្ធមេត្រីភាពខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ និងកំពង់ធំ សរុប ៦០៤នាក់៕
































