មន្ត្រីជាន់ខ្ពស់ក្រសងអភិវឌ្ឍន៍ជនបទ ៖ គោលនយោបាយជាតិស្តីពីការអភិវឌ្ឍជនបទ ឆ្នាំ២០២៥-២០៣៥ និងធ្វើឱ្យប្រជាជន នៅតំបន់ជនបទមានជីវភាពរស់នៅសមរម្យ

12-02-2026 21:38

(ភ្នំពេញ)៖ លោកស្រី ហូ សុវណ្ណិកា រដ្ឋលេខាធិការក្រសងអភិវឌ្ឍន៍ជនបទ បានថ្លែងបញ្ជាក់ថា គោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍជនបទ ឆ្នាំ២០២៥-២០៣៥ និងធ្វើឱ្យប្រជាជននៅតំបន់ជនបទមានជីវភាពរស់នៅសមរម្យ ប្រកបដោយភាពធន់ មានសុខភាពមាំមួន រស់នៅក្នុងបរិស្ថានល្អ ប្រកបដោយចីរភាព និងមានសេចក្ដីថ្លៃថ្នូរ ដែលនឹងរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនកម្ពុជា និងជួយជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

លោកស្រី ហូ សុវណ្ណិកា បានបញ្ជាក់ដូចនេះរសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ នាឱកាសតំណាងលោក ឆាយ ឬទ្ធិសែន រដ្ឋមន្ត្រីក្រសងអភិវឌ្ឍន៍ជនបទអញ្ជេីញជាអធិបតី រួមជាមួយលោកស្រី តិមា វិច្ឆិកាល អភិបាលរង តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍជនបទ ឆ្នាំ២០២៥-២០៣៥ នៅសាលារាជធានីភ្នំពេញ ។

លោកស្រី ហូ សុវណ្ណិកា បានឱ្យដឹងទៀតថា គោលនយោ បាយជាតិ ស្តីពី ការអភិវឌ្ឍជនបទ ឆ្នាំ២០២៥-២០៣៥ មានចក្ខុវិស័យ «កសាងសង្គមជនបទ កម្ពុជាឱ្យមានវិបុលភាព ប្រកបដោយបរិយាបន្ន សមធម៌ និងចីរភាព» ។

គោលនយោបាយនេះ កំណត់គោលដៅអភិវឌ្ឍន៍ជនបទ ដោយផ្តោតទៅលើភូមិសាស្ត្រផ្សេងៗគ្នានៃប្រទេសកម្ពុជា ឱ្យសម្រេចបានលទ្ធផល ប្រកបដោយតុល្យភាព ភាពធន់ និងបរិយាបន្ន ចំនួន៤គឺ (១) តំបន់ជនបទមាន ហេដ្ឋារចនាសម្ព័ន្ធប្រទាក់ក្រឡាគ្នា (២) ប្រជាជននៅតំបន់ជនបទមានសុខភាពល្អនិងអាយុសង្ឃឹមរស់វង (៣) ប្រជាជនរស់នៅក្នុងភូមិឋានដែលមានភាពសុខក្សេមក្សាន្ត និងមានបរិស្ថានល្អ (៤) ប្រជាជននៅតំបន់ ជនបទមានកំណើនប្រាក់ចំណូលប្រកបដោយចីរភាព។

លោកស្រីរដ្ឋលេខាធិការបានបន្តថា គោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍជនបទ ឆ្នាំ២០២៥-២០៣៥ បានកំណត់យុទ្ធសាស្ត្រសំខាន់ៗ ចំនួន៥ ដែលត្រូវប្រែក្លាយទៅជាកម្មវិធីអាទិភាពចំនួន៥ មានដូចជា៖ ការអភិវឌ្ឍ និងថែទាំហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ជនបទប្រកបដោយភាពធន់, ការផ្គត់ផ្គង់ទឹកស្អាត និងលេីកកម្ពស់អនាម័យជនបទទាំងកម្រិតមូលដ្ឋាន និងកម្រិតសុវត្ថិភាពប្រកបដោយភាពធន់ និងបរិយាបន្ន, ការអភិវឌ្ឍសហគមន៍ជនបទ ជាពិសេសជំរុញការអភិវឌ្ឍចម្រុះនិងបន្តការអនុវត្ត ចលនាភូមិមួយផលិតផលមួយ និងចលនាភូមិគំរូប្រកបដោយភាពធន់និងបរិយាបន្ន ,ការបង្កើនប្រាក់ចំណូលគ្រួសារនៅតំបន់ជនបទប្រកបដោយចីរភាពដោយ ធ្វើពិពិធកម្មសេដ្ឋកិច្ចគ្រួសារ មុខរបរនិងនវានុវត្តន៍ការងារ, ការលេីកកម្ពស់អភិបាលកិច្ច ឌីជីថល និងកិច្ចសហប្រតិបត្តិការ ។

លោកស្រីសង្ឃឹមយ៉ាងមុតមាំថា ក្រោយបញ្ចប់កិច្ចប្រជុំផ្សព្វផ្សាយនាពេលនេះ ក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍ និងអង្គការមិនមែនរដ្ឋាភិបាល ព្រមទាំងតួអង្គពាក់ព័ន្ធទាំងអស់ នឹងចូលរួមសហការគ្នា ដើម្បីអនុវត្តគោលនយោបាយនេះ ទៅតាមតួនាទី ភារកិច្ច ក្នុងដែនសមត្ថកិច្ចរៀងៗខ្លួន សម្រេចឱ្យបាននូវលទ្ធផលតាមចក្ខុវិស័យនៃគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍជនបទ ឆ្នាំ២០២៥-២០៣៥ របស់រាជរដ្ឋាភិបាល។

នាឱកាសនោះដែរលោកស្រី តិមា វិច្ឆិកាល បានឱ្យដឹងថា កិច្ចការអភិវឌ្ឍន៍ជនបទ គឺផ្តោតលើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ការគិតគូរពីអនាម័យ ទឹកស្អាត សុខភាពសាធារណៈ ការផ្តល់ឱកាសទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈ បង្កើតមុខរបរ បង្កើនចំណូលដល់ប្រជាពលរដ្ឋ ដែលរស់នៅទៅជាយក្រុង ឬជនបទ។

លោកស្រីអភិបាលរង បានឱ្យដឹងថា ភ្នំពេញ ដំបូងឡេីយបានផ្តេីមចេញពីខណ្ឌចំនួន៤ប៉ុណ្ណោះ ខណៈភាគច្រេីន គឺអាចរាប់បានថា ជាតំបន់ជនបទ រហូតមកដល់បច្ចុប្បន្ននេះ ដោយកត្តានៃសុខសន្តិភាព របស់ព្រះរាជាណាចក្រកម្ពុជា រាជធានីភ្នំពេញ បានពង្រេីកខ្លួនពី ៤ខណ្ឌ រហូតមកដល់ចំនួន១៤ ខណ្ឌ ក្លាយជាទីក្រុងមួយដ៌សុីវិល័យ និងបានទទួលស្គាល់ទាំងជាតិ និងអន្តរជាតិ។

លោកស្រីសង្ឃឹមថា កិច្ចប្រជុំផ្សព្វផ្សាយពី គោលនយោបាយជាតិស្តីពី ការអភិវឌ្ឍន៍ជនបទឆ្នាំ២០២៥-២០៣៥ ពិតជាមានសារសំខាន់ ដែលនឹងជួយលើកកម្ពស់ការយល់ដឹងអំពីអត្ថប្រយោជន៍ នៃការអភិវឌ្ឍន៍ជនបទនៅទីក្រុង ពង្រឹងសមត្ថភាពអាជ្ញាធរថ្នាក់ក្រោមជាតិ ឲ្យកាន់តែល្អប្រសើរតាមរយៈការយល់កាន់តែច្បាស់នូវចក្ខុវិស័យ គោលបំណង និងកម្មវិធីនយោបាយ ក្នុងវិស័យអភិវឌ្ឍន៍ជនបទនេះ៕