ខ្យល់ពុលនៅក្រុងបាងកក៖ ថៃ បន្តបៀមឈាមព្រួសដាក់កម្ពុជា (Video inside)
12-02-2026 23:12
(ភ្នំពេញ)៖ ក្រុងបាងកក ប្រទេសថៃ ត្រូវបានរាយការណ៍ទទួលរងការវាយប្រហារដោយខ្យល់ពុល PM2.5 ក្នុងកម្រិតធ្ងន់ធ្ងរជារៀងរាល់ឆ្នាំ។ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ដើមខែកុម្ភៈ ឆ្នាំ២០២៦នេះ មានសេចក្តីរាយការណ៍ជាច្រើនពីការកើនឡើងកម្រិតខ្យល់ពុល PM2.5 នៅក្នុងក្រុងបាងកក ហើយសារក្រើនរំលឹកពីការប្រុងប្រយ័ត្នចំពោះផលប៉ះពាល់ផ្នែកសុខភាព ត្រូវបានផ្សព្វផ្សាយជាបន្តបន្ទាប់ទៅកាន់ប្រជាពលរដ្ឋរស់នៅក្រុងបាងកកផងដែរ។
ទន្ទឹមការកើនឡើងក្នុងកម្រិតធ្ងន់ធ្ងរនៃខ្យល់ពុលនៅក្រុងបាងកក គេកត់សម្គាល់ឃើញថា អាជ្ញាធរជំនាញរបស់ថៃ និងសារព័ត៌មានរបស់ថៃ តែងតែផ្សាយដោយទាញភ្ជាប់បញ្ហាខ្យល់ពុលនៅក្រុងបាងកក ជាមួយប្រភពដែលផ្តើមចេញពីប្រទេសកម្ពុជា។ បញ្ហានេះក៏ក្លាយជាទៅជាការតស៊ូមតិជាបន្តបន្ទាប់ពីសំណាក់មន្ត្រីមានសមត្ថកិច្ចរបស់កម្ពុជាផងដែរ។
មិនខុសពីទម្លាប់នៃការចោទដ៏អាក្រក់ដូចនឹងរាល់ឆ្នាំដែរនោះ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ កាសែតបាងកកប៉ុស្តិ៍ ប្រទេសថៃ ដែលបិទមិនឱ្យបើកចេញនៅប្រទេសកម្ពុជានោះ បានបន្តដកស្រង់មន្ត្រីជាន់ខ្ពស់របស់ខ្លួន បើកការចោទប្រកាន់ដោយគ្មានមូលដ្ឋានមកលើប្រទេសកម្ពុជាថា ជាប្រភពនាំឱ្យកម្រិតខ្យល់ពុលក្នុងក្រុងបាងកកមានការកើនឡើងខ្ពស់។
ពីខាងកម្ពុជាឯណេះវិញ ជារៀងរាល់ថ្ងៃ ក្រសួងបរិស្ថាន តែងបានចេញផ្សាយជូនព័ត៌មានដល់ប្រជាពលរដ្ឋថា គុណភាពខ្យល់ស្ថិតក្នុងកម្រិតមានសុវត្ថិភាព បើទោះបីខេត្តខ្លះមានការប្រែប្រួលគុណភាពខ្យល់តែមិនទាន់ឈានដល់កម្រិតគំរាមកំហែងដល់សុខភាពប្រជាពលរដ្ឋនោះឡើយ។
បើគុណភាពខ្យល់នៅកម្ពុជាស្ថិតក្នុងកម្រិតល្អប្រសើរនៅឡើយ តើវាអាចបង្កការគំរាមកំហែងដល់ក្រុងបាងកកចម្ងាយជាច្រើនរយគីឡូម៉ែត្របានយ៉ាងដូចម្តេច? តើនេះជាការចេតនាអាក្រក់របស់ថៃ បៀមឈាមព្រួសដាក់កម្ពុជាក្នុងរឿងបំពុលគុណភាពខ្យល់ឬយ៉ាងណា?
ដើម្បីស្វែងរកចម្លើយទៅលើសំណួរនេះ សូមលើកយកហេតុផលផ្អែកលើលក្ខណៈបច្ចេកទេសមួយចំនួនមកបង្ហាញដើម្បីជាការពិចារណា ជាពិសេសសម្រាប់មន្ត្រី និងអ្នកសារព័ត៌មានបាងកកប៉ុស្តិ៍របស់ថៃ។
ភាគល្អិតនិចល ដែលគេហៅថា PM2.5 គឺជាភាគល្អិតក្នុងខ្យល់ដែលមានអង្កត់ផ្ចិតតូចជាង ឬស្មើ 2.5 មីក្រូម៉ែត្រ ដែលតូចជាងសក់មនុស្សប្រហែល៣០ដង។ ដោយសារតែវាតូចខ្លាំង ភាគល្អិតទាំងនេះអាចចូលជ្រៅទៅក្នុងសួត ហើយអាចច្រៀតចូលទៅក្នុងសរសៃឈាម បង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់សុខភាពមនុស្ស។
កម្រិតខ្យល់ពុល PM2.5 ត្រូវបានគេសិក្សារកឃើញថា បណ្តាលមកពីប្រភពចម្បងៗមួយចំនួនរួមមាន វិស័យដឹកជញ្ជូន, សកម្មភាពឧស្សាហកម្ម, ការដុតសំរាម និងសំណល់ដោយចំហរ, ការប្រើប្រាស់ថាមពលក្នុងគ្រួសារ និងកត្តាផ្សេងៗទៀត។
ក្នុងវិស័យដឹកជញ្ជូនផ្អែកលើទិន្នន័យឆ្នាំ២០២៣ បានបង្ហាញថា ប្រទេសថៃ មានយានយន្តដែលបានចុះបញ្ជីក្រោមច្បាប់ស្តីពីយានយន្តរួមមាន ម៉ូតូចំនួន ២២.៥លានគ្រឿង រថយន្តឯកជនចំនួន ១១.៨លានគ្រឿង រថយន្តដឹកទំនិញឯកជនចំនួន ៧.១លានគ្រឿង ត្រាក់ទ័រចំនួនជាង ៦៤ម៉ឺនគ្រឿង និងរថយន្តឯកជនចំនួនជិត ៤៥ម៉ឺនគ្រឿង។
សម្រាប់សកម្មភាពឧស្សាហកម្មវិញ កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦កន្លងទៅថ្មីៗនេះ កាសែតបាងកកប៉ុស្តិ៍ ទើបនឹងធ្វើសេចក្តីរាយការណ៍ពីវិធានការរបស់នាយកដ្ឋានត្រួតពិនិត្យការបំពុល (PCD) បង្កើនការអនុវត្តច្បាប់ទូទាំងប្រទេសថៃ ដើម្បីទប់ស្កាត់ការបំពុលឧស្សាហកម្ម និងកាត់បន្ថយការបំភាយឧស្ម័ន PM2.5។
កាសែតបាងកកប៉ុស្តិ៍ បានរាយការណ៍បន្តដោយដកស្រង់សម្តីលោក Surin Worakijthamrong អគ្គនាយក PCD បានលើកឡើងថា រដ្ឋាភិបាលថៃ បានណែនាំឱ្យពង្រឹងវិធានការបង្ការ គ្រប់គ្រង និងត្រួតពិនិត្យចំពោះការបំភាយឧស្ម័ន PM2.5 ពីប្រភពសំខាន់ៗ រួមទាំងវិស័យកសិកម្ម ដឹកជញ្ជូន និងឧស្សាហកម្ម។ ក្នុងនោះរោងចក្រជាច្រើនប្រភេទបញ្ចេញភាគល្អិតចូលទៅក្នុងបរិយាកាស ហើយជាប្រភពបំពុលខ្យល់ PM2.5 យ៉ាងខ្លាំងក្លា។
តាមរយៈទិន្នន័យយានយន្តដែលបានលើកមកបង្ហាញ និងសម្តីមន្ត្រីជំនាញបានដកស្រង់មកផ្សាយនេះ វាគ្រប់គ្រាន់ណាស់ទៅហើយបង្ហាញថា កម្រិតខ្យល់ពុល PM2.5 ដ៏ធ្ងន់ធ្ងរនៅក្រុងបាងកក គឺបង្កឡើងដោយសកម្មភាពនានាដោយថៃខ្លួនឯង មិនគួរបៀមឈាមព្រួសដាក់កម្ពុជានោះទេ។
បើការលើកហេតុផលមួយចំនួនដូចខាងលើមិនទាន់គ្រប់គ្រាន់ឱ្យមន្ត្រី និងអ្នកសារព័ត៌មានបាងកកប៉ុស្តិ៍របស់ថៃ អាចទទួលយកបានទេនោះ? យើងសូមលើកនូវលក្ខណៈបច្ចេកទេសមួយទៀតមកបង្ហាញ និងជាការរៀនសូត្រ គឺការបក់បោកនៃខ្យល់។ ការលើកបង្ហាញពីការបក់បោកនៃខ្យល់នេះ ព្រោះថាបើប្រភពបង្កឱ្យខ្យល់ពុលនៅក្រុងបាងកកបណ្តាលពីភ្លើងឆេះនៅកម្ពុជា គឺត្រូវផ្អែកលើស្ថានភាពនៃខ្យល់បក់។ បើទិសខ្យល់មិនបក់ពីកម្ពុជាទៅបាងកកទេនោះ វាមិនអាចនាំលំអង ឬភាគល្អិតតូចៗនេះទៅដល់ក្រុងបាងកក ដែលជាជង្រុកនៃការបំពុលបរិស្ថានបាននោះឡើយ។
+ បរិបទអាកាសធាតុបច្ចុប្បន្ន
លំនាំអាកាសធាតុតាមរដូវនៅតំបន់អាស៊ីអាគ្នេយ៍លើដីគោក ទទួលឥទ្ធិពលយ៉ាងខ្លាំងពីខ្យល់មូសុងភាគឦសាន ក្នុងអំឡុងរដូវប្រាំង។ ការវាយតម្លៃក្នុងតំបន់បង្ហាញថា ខ្យល់ដែលមានឥទ្ធិពលក្នុងអំឡុងពេលនេះ ជាទូទៅហូរពីភាគឦសាន ឬភាគជើង ទៅភាគត្បូង ឬភាគនិរតី នៅលើតំបន់មេគង្គ។
ក្រោមលក្ខខណ្ឌបែបនេះ ម៉ាសខ្យល់ភាគច្រើននឹងផ្លាស់ទីទៅភាគត្បូង ឬឆ្ងាយពីតំបន់កណ្ដាលនៃប្រទេសថៃ ជាជាងផ្លាស់ទីទៅកាន់ទីក្រុងបាងកកពីតំបន់ដែលស្ថិតនៅភាគអាគ្នេយ៍។ នៅពេលលំហូរខ្យល់មានទិសដៅចម្បងពីជើងទៅត្បូង ផ្លូវនៃការផ្ទេរមូលធាតុបំពុលពីកម្ពុជាទៅកាន់ទីក្រុងបាងកក គឺមិនអាចទៅរួចនោះឡើយ។
+ គោលការណ៍នៃការផ្ទេរនៅក្នុងបរិយាកាស
ភាគល្អិតក្នុងខ្យល់ ដូចជា PM2.5 និងអ័ព្ទអាកាស ត្រូវបានផ្ទេរជាចម្បងតាមរយៈការ ផ្លាស់ទីរបស់ម៉ាសខ្យល់។ ការសិក្សាវិទ្យាសាស្ត្របញ្ជាក់ថា អ័ព្ទអាកាសឆ្លងដែនអាចកើតមានបាន នៅពេលប្រភពបញ្ចេញមូលធាតុបំពុលមានភាពបន្តបន្ទាប់ និងស្របជាមួយទិសដៅខ្យល់ និងលក្ខខណ្ឌអាកាសធាតុដែលអនុគ្រោះ។
ទោះជាយ៉ាងណា ការផ្ទេរចម្ងាយឆ្ងាយ អាស្រ័យយ៉ាងសំខាន់លើ៖ ទិសដៅ និងល្បឿន ខ្យល់ដែលមានឥទ្ធិពល, ស្ថិរភាពបរិយាកាស និងលក្ខខណ្ឌនៃការលាយបញ្ចូលខ្យល់,
លក្ខណៈភូមិសាស្ត្រក្នុងតំបន់ និងការស្របគ្នារវាងទីតាំងប្រភពបំពុល និងតំបន់ទទួល ឥទ្ធិពលតាមទិសខ្យល់។
នៅពេលទិសដៅខ្យល់មិនស្របទៅនឹងផ្លូវរវាងប្រភព និងតំបន់ទទួលផលប៉ះពាល់នោះលទ្ធភាពនៃការផ្ទេរមូលធាតុបំពុលឆ្លងចម្ងាយឆ្ងាយ នឹងថយចុះយ៉ាងខ្លាំង។
+ ការវាយតម្លៃក្រោមទិសដៅខ្យល់បច្ចុប្បន្ន
ផ្អែកលើលំហូរខ្យល់ពីជើងទៅត្បូង ដែលកំពុងមានឥទ្ធិពលនៅក្នុងតំបន់បច្ចុប្បន្ននេះ ម៉ាសខ្យល់ភាគច្រើននឹងផ្លាស់ទីឆ្ងាយពីទីក្រុងបាងកក ជាជាងផ្លាស់ទីពីទឹកដីកម្ពុជាទៅកាន់ទីក្រុងនេះ។ ផ្សែង ឬអ័ព្ទអាកាសដែលកើតឡើងនៅកម្ពុជា នឹងមានលទ្ធភាពរាលដាលនៅក្នុងតំបន់ជិតខាង ឬទៅភាគត្បូង ជាងធ្វើដំណើរទៅភាគពាយ័ព្យឆ្ពោះទៅទីក្រុងបាងកក។
បន្ថែមពីលើនេះចម្ងាយភូមិសាស្ត្ររវាងតំបន់ចំណុចក្តៅសំខាន់ៗ និងទីក្រុងបាងកក ក៏ជួយកាត់បន្ថយលទ្ធភាពនៃឥទ្ធិពលដោយផ្ទាល់ ក្រោមលក្ខខណ្ឌខ្យល់បែបនេះផងដែរ។
ដូច្នេះពីទស្សនៈអាកាសធាតុវិទ្យា អាចសន្និដ្ឋានបានថា ក្រោមទិសដៅខ្យល់បច្ចុប្បន្ន ភាពបំពុលខ្យល់នៅទីក្រុងបាងកក មិនសូវមានលទ្ធភាពបណ្តាលមកពីចំណុចក្តៅនៅប្រទេសកម្ពុជាទេ។
ផ្អែកតាមហេតុផលបច្ចេកទេសអាកាសធាតុខាងលើនេះ បង្ហាញថា បើកម្ពុជា មានអ័ព្ទអាកាស ឬភាពបំពុលខ្យល់មែននោះ គឺមិនមានលទ្ធភាពបង្កឱ្យមានភាពបំពុលខ្យល់នៅទីក្រុងបាងកកនោះឡើយ។ ដូច្នេះមន្ត្រីជាន់ខ្ពស់របស់ថៃ ដែលកាសែតបាងកកប៉ុស្តិ៍ បានដកស្រង់មកផ្សាយ ក៏ដូចជាអ្នកកាសែតបាងកកប៉ុស្តិ៍ខ្លួនឯងគួរសិក្សារៀនសូត្រឡើងវិញ មិនគួរទម្លាប់អាក្រក់យកបញ្ហាក្នុងប្រទេសខ្លួនមកទម្លាក់ឱ្យប្រទេសជាអ្នកជិតខាងល្អ ដូចជាកម្ពុជានោះឡើយ៕








