រំលឹកដល់អតីតពលករមកពីថៃ ចុងសប្តាហ៍នេះ! ក្រសួងការងារ នឹងបើកវេទិកាការងារចំនួន ៤កន្លែងបន្ថែមទៀត នៅខេត្តក្រចេះ និងកំពង់ធំ ជាមួយឱកាសការងាររាប់ម៉ឺនកន្លែង
13-02-2026 10:17
(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងបន្តបើកវេទិកាការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី១៤-១៥ ខែកុម្ភៈ ចុងសប្តាហ៍នេះចំនួន៤ទីតាំង នៅក្នុងខេត្តក្រចេះ និងកំពង់ធំ ដើម្បីផ្សព្វផ្សាយស្តីពីឱកាសការងារ ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម ទៅដល់អតីតពលករមកពីប្រទេសថៃ ក៏ដូចជាប្រជាពលរដ្ឋនៅមូលដ្ឋាន។
លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា នៅថ្ងៃសៅរ៍ ទី១៤ ខែកុម្ភៈស្អែកនេះ ក្រសួងនឹងរៀបចំវេទិកាចំនួន ២ទីតាំងជាបន្តនៅក្នុងបរិវេណសាលាស្រុកស្នួល ស្រុកស្នួល ខេត្តក្រចេះ និងនៅបរិវេណសាលាស្រុកប្រាសាទបល័្លង្ក ស្រុកប្រាសាទបល្ល័ង្ក របស់ខេត្តកំពង់ធំ។ ចំណែកឯនៅថ្ងៃអាទិត្យ ទី១៥ ខែកុម្ភៈវិញ ក្រសួងនឹងរៀបចំវេទិកានៅក្នុងបរិវេណសាលាស្រុកឆ្លូង ក្នុងស្រុកឆ្លូង ខេត្តក្រចេះ និងនៅបរិវេណសាលាស្រុកស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ។
អ្នកនាំពាក្យរូបនេះបានគូសបញ្ជាក់ថា៖ «ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA)នៃក្រសួងការងារ បានបន្តយុទ្ធនាការផ្តល់ឱកាសការងារ ជូនបងប្អូនអតីតពលកររបស់យើងនិងប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យទទួលបានការងារសមរម្យ លក្ខខណ្ឌល្អ និងអត្ថប្រយោជន៍សង្គមយ៉ាងច្រើនសម្បូរបែប ដោយបងប្អូនមិនចាំបាច់ឆ្លងដែនដោយប្រថុយប្រថានឡើយ ខណៈដែលការងារក្នុងស្រុកមានច្រើន និងការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាល»។
សូមរលឹកថា ដោយសារតែជម្លោះព្រំដែនរវាង កម្ពុជា និងថៃ ប្រជាពលរដ្ឋខ្មែរប្រមាណជាង៩៥ម៉ឺននាក់ បានវិលមកស្រុកកំណើតវិញ ក្នុងនោះពលករប្រមាណ៨៥ម៉ឺននាក់ កុមារប្រមាណ៥-៦ម៉ឺននាក់ និងមនុស្សដែលមានអាយុចាប់ពី៤៥ឆ្នាំ ឡើងមានចំនួន២៥ម៉ឺននាក់។
បើតាមការបញ្ជាក់ពី អ្នកនាំពាក្យនៃក្រសួងការងារដដែល គិតចាប់តាំងពីខែមិថុនាឆ្នាំ២០២៥មក ក្រសួងការងារ ដែលជាសេនាធិការជូនរាជរដ្ឋាភិបាលកម្ពុជា បានរៀបចំវេទិកាចំនួន៥៨៩លើករួចមកហើយដើម្បីផ្សព្វផ្សាយដល់អតីតពលករដែលត្រឡប់ពីប្រទេសថៃនូវឱកាសការងារ ជំនាញនៃការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម(ប.ស.ស.) ហើយក្នុងនោះ ពលករប្រមាណជាង៦២ម៉ឺននាក់ ទទួលបានឱកាសការងារធ្វើក្នុងស្រុក ខណៈដែលតាមរយៈយន្តការក្រសួងមានចំនួនជាង៣១ម៉ឺននាក់។
ជាមួយគ្នានេះ លោក ស៊ុន មេសា បានអំពាវនាវសាជាថ្មីទៅដល់អតីតពលករដែលមកពីប្រទេសថៃ និងប្រជាពលរដ្ឋនៅមូលដ្ឋាន ជាពិសេសខេត្តជាប់ព្រំដែន ពិចារណារកឱកាសការងារក្នុងស្រុកដែលមានប្រាក់ឈ្នួលប្រហាក់ប្រហែលគ្នា អត្ថប្រយោជន៍សង្គមច្រើនជាង សុវត្ថិភាព និងចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិរបស់ខ្លួន៕














