ឯកអគ្គរដ្ឋទូត៖ ភាពយន្តឥណ្ឌូណេស៉ី ជាប់លេខ៣ ជាភាពយន្តដែលចាក់បញ្ចាំងច្រើនបំផុត នៅកម្ពុជា
13-02-2026 10:34
(ភ្នំពេញ)៖ ភាពយន្តរបស់ឥណ្ឌូណេស៉ី បានជាប់ចំណាត់ថ្នាក់លេខ៣ ក្លាយជាភាពយន្តដែលមានការចាក់បញ្ចាំងច្រើនបំផុត នៅរោងភាពយន្តកម្ពុជា។ នេះបើតាមការបញ្ជាក់របស់លោកបណ្ឌិត Santo Darmosumarto ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋឥណ្ឌូណេស៊ី។
លោកថ្លែងបែបនេះ នាល្ងាចថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ នៅរោងភាពយន្ត លេជេន សាខាអូឡាំព្យា ក្នុងឱកាសលោក និងលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អញ្ជើញជាអធិបតីក្នុងពិធីចាក់បញ្ចាំងភាពយន្តឥណ្ឌូណេស៊ីនៅកម្ពុជារឿង «Boundless Love» ដើម្បីជំរុញលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិស័យវប្បធម៌ ពិសេសវិស័យភាពយន្តរវាងប្រទេសទាំងពីរ។
នាឱកាសនោះ លោកបណ្ឌិត Santo Darmosumarto បានលើកឡើងថា ភាពយន្តគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងការទូតសេដ្ឋកិច្ច និងសង្គមវប្បធម៌របស់ឥណ្ឌូនេស៊ីនៅកម្ពុជា។ វាគឺជាស្ពានដ៏សំខាន់មួយដែលតភ្ជាប់ប្រជាជនទាំងពីររបស់យើងជាមួយគ្នា។
លោកបណ្ឌិត Santo Darmosumarto បានបន្តថា រឿងនៅយប់នេះ «Boundless Love» បានផលិតនៅឆ្នាំ២០១៩ គឺជាកិច្ចសហការរវាងឥណ្ឌូនេស៊ី និងចិន គាំទ្រដោយដៃគូច្នៃប្រឌិតមកពីប្រទេសទាំងពីរ។ ភាពយន្តនេះជាឧទាហរណ៍អំពីរបៀបដែលអន្តរកម្មទ្វេភាគី អាចនាំឱ្យមានស្នាដៃសិល្បៈដែលមានអត្ថន័យ និងពង្រឹងឧស្សាហកម្មច្នៃប្រឌិត។
«នៅប្រទេសកម្ពុជា ខ្ញុំមានសេចក្តីរីករាយដែលបានឃើញខ្សែភាពយន្តឥណ្ឌូនេស៊ីមានការពេញនិយមយ៉ាងខ្លាំង។ យោងតាមនាយកដ្ឋានភាពយន្ត និងវប្បធម៌ចម្រុះកម្ពុជា នៅឆ្នាំ២០២៥ ភាពយន្តឥណ្ឌូនេស៊ី គឺជាភាពយន្តដែលមានការចាក់បញ្ចាំងច្រើនជាងគេលំដាប់ទី៣ ក្នុងចំណោមភាពយន្តរបស់កម្ពុជា បន្ទាប់ពីផលិតកម្មហូលីវូដ និងផលិតកម្មខ្មែរក្នុងស្រុក»។ នេះបើតាមលោកបណ្ឌិត Santo Darmosumarto។
លោកបណ្ឌិត Santo Darmosumarto ជឿថាប្រជាជនកម្ពុជាភាគច្រើនស្គាល់ខ្សែភាពយន្តភ័យរន្ធត់របស់ឥណ្ឌូនេស៊ី (រឿងខ្មោច) ប៉ុន្តែនៅយប់នេះ យើងបង្ហាញខ្សែភាពយន្តប្រភេទផ្សេង។ យើងចង់បង្ហាញថាឧស្សាហកម្មភាពយន្តរបស់ឥណ្ឌូនេស៊ី មានភាពសម្បូរបែប។ យើងសង្ឃឹមថា តាមរយៈការមើលភាពយន្តឥណ្ឌូនេស៊ី ប្រជាជនកម្ពុជានឹងយល់កាន់តែច្បាស់ និងស៉ីជម្រៅពីប្រទេសឥណ្ឌូណេស៉ី ហើយយើងសង្ឃឹមថាបទពិសោធន៍នេះ នឹងលើកទឹកចិត្តឱ្យមានឱកាសសម្រាប់កិច្ចសហប្រតិបត្តិការ។
លោកបណ្ឌិត Santo Darmosumarto ក៏បានលើកឡើងបន្ថែមថា «ការកើនឡើងនៃចំណាប់អារម្មណ៍លើខ្សែភាពយន្តឥណ្ឌូនេស៊ីនៅទីនេះផ្តល់នូវមូលដ្ឋានគ្រឹះដ៏ល្អសម្រាប់ការសហការកាន់តែស៊ីជម្រៅ ដូចជាការផលិតភាពយន្តរួមគ្នា ការផ្លាស់ប្តូរមាតិកា និងការកសាងសមត្ថភាពវិជ្ជាជីវៈ។ យើងបានរៀបចំវគ្គចែករំលែកមួយរវាងអ្នកជំនាញភាពយន្តឥណ្ឌូនេស៊ី និងកម្ពុជា ដើម្បីស្វែងយល់ពីលទ្ធភាពទាំងនេះ។ ខ្ញុំមានទំនុកចិត្តថាកិច្ចសន្ទនានេះនឹងនាំឱ្យមានភាពជាដៃគូជាក់ស្តែងនាពេលខាងមុខ»។
សូមជម្រាបថា ពិធីចាក់បញ្ចាំងភាពយន្តឥណ្ឌូណេស៊ីនៅកម្ពុជារឿង «Boundless Love» មានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័ន ឯកអគ្គរាជទូត រដ្ឋទូត ផលិតករ សិល្បករ និងភ្ញៀវជាតិ អន្តរជាតិ ប្រមាណជាង ២០០នាក់។
ក្នុងឱកាសនោះ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា បានសម្តែងនូវសេចក្តីរីករាយដែលឃើញវត្តមានភាពយន្តឥណ្ឌូណេស៊ី ទទួលបានគាំទ្រពីសំណាក់ទស្សនិកជនជននៅកម្ពុជា ដោយសារតែភាពស្រដៀងគ្នានៃវប្បធម៌ និងពណ៌សម្បុរនៃជាតិសាសន៍យើងទាំងពីរ។
លោកស្រី បានសង្ឃឹមនិងជឿជាក់ថា តាមរយៈសកម្មភាពនៃការផ្លាស់ប្ដូរវប្បធម៌នេះ នឹងអាចជួយជំរុញនិងនាំយកភាពយន្តខ្មែរទៅបញ្ចាំងនៅក្នុងរោងភាពយន្តឥណ្ឌូណេស៊ី ព្រមទាំងបង្កើតឱកាសនៃកិច្ចសហការ និងជំរុញការផលិតភាពយន្តរួមគ្នារវាងផលិតករភាពយន្តកម្ពុជា និងឥណ្ឌូណេស៊ីនាពេលអនាគត៕





















