Elon Musk ប្រកាសមហិច្ឆតាថ្មី៖ «លំហអាកាស» នឹងក្លាយជាផ្ទះរបស់ AI ក្នុងរយៈពេល ៣៦ ខែទៀត ដើម្បីដោះស្រាយវិបត្តិថាមពលលើផែនដី (Video inside)
13-02-2026 12:49
(បរទេស)៖ មហាសេដ្ឋីលំដាប់ពិភពលោក លោក Elon Musk បានធ្វើការទស្សន៍ទាយដ៏រំជើបរំជួលបំផុតមួយក្នុងកម្មវិធី Dwarkesh Podcast កាលពីសប្តាហ៍មុន ដោយលោកបានអះអាងថា ក្នុងរយៈពេលតែ ៣៦ ខែ (ឬអាចលឿនជាងនេះត្រឹម ៣០ ខែ) មជ្ឈមណ្ឌលទិន្នន័យ AI (AI Data Centers) នឹងត្រូវផ្លាស់ទីទៅកាន់គន្លងតារាវិថី ព្រោះវាជាជម្រើសដែលមានសេដ្ឋកិច្ច និងប្រសិទ្ធភាពបំផុត។
លោក Musk បានបញ្ជាក់ថា មូលហេតុចម្បងដែលត្រូវយក AI ទៅដាក់លើមេឃ គឺដោយសារតែ «ការផ្គត់ផ្គង់អគ្គិសនីនៅលើផែនដី មិនអាចដើរទាន់ការរីកចម្រើនរបស់ AI បានទេ»។
ហេតុអ្វីបានជាត្រូវយក AI ទៅដាក់លើមេឃ? តាមរយៈការវិភាគរបស់លោក Elon Musk លំហអាកាសផ្ដល់នូវអត្ថប្រយោជន៍លើសលប់ ដែលផែនដីមិនអាចធ្វើបាន ដូចជាថាមពលព្រះអាទិត្យ ២៤ ម៉ោងលើ ២៤ ម៉ោង។ នៅលើអវកាស គ្មានបរិយាកាសបាំង គ្មានពពក និងគ្មានពេលយប់ (បើយើងដាក់ក្នុងគន្លងត្រូវ)។ ផ្ទាំងសូឡាមួយផ្ទាំងផលិតអគ្គិសនីបានខ្លាំងជាងលើដីដល់ទៅ ៥ ដង ហើយមិនចាំបាច់ប្រើអាគុយសម្រាប់ផ្ទុកថាមពលទុកប្រើពេលយប់ឡើយ។ មួយវិញទៀត ការបញ្ជូនកម្ដៅចេញពី Data Center គឺជាបញ្ហាធំនៅលើដី ប៉ុន្តែក្នុងលំហអាកាសដែលមានសីតុណ្ហភាពត្រជាក់ខ្លាំង និងបច្ចេកវិទ្យាបញ្ចេញកម្ដៅថ្មី (Heat Dissipation) វានឹងជួយកាត់បន្ថយការចំណាយលើប្រព័ន្ធត្រជាក់។ តាមរយៈរ៉ុក្កែត Starship របស់ SpaceX ដែលអាចបង្ហោះបានរាប់ពាន់ដងក្នុងមួយឆ្នាំ ការដឹកជញ្ជូនសម្ភារៈទៅកាន់អវកាសនឹងមានតម្លៃថោកបំផុតក្នុងប្រវត្តិសាស្ត្រ។
ដើម្បីសម្រេចគោលដៅនេះ លោក Musk បានធ្វើការផ្លាស់ប្តូរយុទ្ធសាស្ត្រដ៏សំខាន់។ ទី១គឺ ការរួមបញ្ចូលគ្នា SpaceX និងក្រុមហ៊ុន AI របស់លោក ដោយ xAI បានបញ្ចប់ការច្របាច់បញ្ចូលគ្នាជាផ្លូវការនៅចុងខែមករា ឆ្នាំ ២០២៦ ក្នុងតម្លៃក្រុមហ៊ុនសរុបប្រមាណ ១.២៥ ទ្រីលានដុល្លារ។ ទី២គឺ មជ្ឈមណ្ឌលទិន្នន័យលើគន្លងតារា។ SpaceX បានដាក់ពាក្យស្នើសុំទៅ FCC ដើម្បីបង្ហោះផ្កាយរណបដែលបំពាក់ដោយ GPUs ជំនាន់ថ្មី ដើម្បីបង្កើតជា «ខួរក្បាល AI» ដែលមានសមត្ថភាពខ្លាំងជាងគេបំផុតលើលោក។
ទោះបីជាវាជាគំនិតច្នៃប្រឌិតខ្ពស់ ប៉ុន្តែអ្នកជំនាញខ្លះនៅតែមានការមន្ទិលសង្ស័យ។ បញ្ហាធំគឺការជួសជុល GPUs នៅពេលវាខូចក្នុងលំហអាកាស។ ប៉ុន្តែលោក Musk បានតបថា បើវាឆ្លងផុតដំណាក់កាលសាកល្បងដំបូង វានឹងដំណើរការបានយូរដោយមិនបាច់ជួសជុល៕




