អាជ្ញាធរជាតិអប្សរា រៀបចំសិក្ខាសាលា ស្តីពី «ទឹក និងប្រាសាទ» តាមរយៈគម្រោងគ្រប់គ្រងទឹកអង្គរ
13-02-2026 12:45
(សៀមរាប)៖ តាមរយៈគម្រោងគ្រប់គ្រងទឹកអង្គរ ប្រកបដោយប្រសិទ្ធភាព និងចីរភាព ដើម្បីធន់នឹងការប្រែប្រួលអាកាសធាតុ និងសង្គម-សេដ្ឋកិច្ច (AWR) ដែលជាកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសណូវែលហ្សេឡង់ (New Zealand) អាជ្ញាធរជាតិអប្សរា នៅរសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ បានរៀបចំសិក្ខាសាលាស្តីពី «ទឹក និងប្រាសាទ» ជូននិងប្រគេនទៅដល់ព្រះសង្ឃ និងពុទ្ធបរិស័ទនៅតំបន់រមណីយដ្ឋានអង្គរ ចំនួន៤៥អង្គនិងនាក់ នៅក្នុងបរិវេណវត្តគោកធ្លក សង្កាត់គោកចក ក្រុងសៀមរាប។
ពិធីនេះ មានការនិមន្តចូលរួមជាព្រះអធិបតី ពីសំណាក់ព្រះសុមង្គលសិលាចារ្យ ជុំ គឹមឡេង ព្រះមេគណខេត្តសៀមរាប និងជាព្រះប្រធានក្រុមប្រឹក្សាកិច្ចការវត្តអារាម នៅក្នុងតំបន់ឧទ្យានអង្គរ មន្ត្រីសង្ឃ ព្រះសង្ឃ និងការចូលរួមពីតំណាងអាជ្ញាធរជាតិអប្សរា អង្គការពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍ រួមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។
សិក្ខាសាលានេះ មានគោលបំណងក្នុងការបញ្ជ្រាប និងលើកកម្ពស់ការយល់ដឹង ឱ្យដល់ព្រះសង្ឃ អាចារ្យ គណៈកម្មការវត្ត និងពុទ្ធបរិស័ទចំណុះជើងវត្ត អំពីសារៈសំខាន់ នៃទឹកចំពោះប្រាង្គប្រាសាទ និងបង្កើនការចូលរួមក្នុងការថែរក្សាប្រភពទឹក ប្រើប្រាស់ទឹកដោយសន្សំសំចៃ ដើម្បីជាការរួមចំណែកថែរក្សា និងអភិរក្សរមណីយដ្ឋានអង្គរ បេតិកភណ្ឌពិភពលោក ឱ្យកាន់តែប្រសើរ និងបានគង់វង្សយូរអង្វែងតទៅទៀត៕























