មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម ណែនាំមន្ត្រីពាក់ព័ន្ធ ជំរុញការតភ្ជាប់ទីផ្សារ និងបង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋ ស្របតាមគោលនយោបាយរាជរដ្ឋាភិបាល
13-02-2026 14:19
(ព្រៃវែង)៖ លោក ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណែនាំមន្ត្រីពាក់ព័ន្ធត្រូវជំរុញការតភ្ជាប់ទីផ្សារ និងបង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋស្របតាមគោលនយោបាយរាជរដ្ឋាភិបាល។
ការថ្លែងលើកឡើងរបស់លោក ហាស់ សារ៉េត បែបនេះក្នុងឱកាសដែលលោកតំណាងលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦។
កិច្ចប្រជុំនេះក៏មានការចូលរួមពីថ្នាក់ដឹកនាំក្រសួង, លោក ហែម ពិសិដ្ឋ អភិបាលរងខេត្ត តំណាងលោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង, លោក លោកស្រីថ្នាក់ដឹកនាំមន្ទីរ មន្ត្រីរាជការក្រោមឱវាទមន្ទីរ អភិបាល អភិបាលរង ក្រុងស្រុក ប្រធានការិយាល័យកសិកម្មធនធានធម្មជាតិស្រុក និងមន្ត្រីកសិកម្មឃុំ តំណាងអង្គការដៃគូរ វិស័យឯកជនចំនួន១៤៥នាក់ផងដែរ។
ក្នុងឱកាសនោះលោក ហាស់ សារ៉េត ផ្តាំផ្ញើមន្ទីរកសិកម្មខេត្តព្រៃវែង ត្រូវបន្តពង្រឹងការផ្តល់សេវាបច្ចេកទេសជូនកសិករឱ្យកាន់តែមានប្រសិទ្ធភាព និងទាន់ពេលវេលា និងត្រៀមលក្ខណៈឆ្លើយតបទៅនឹងការប្រែប្រួល អាកាសធាតុផងដែរ។
លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្មខេត្តព្រៃវែង បានលើកឡើងថា ខេត្តព្រៃវែងនៅតែបន្តរក្សាតំណែងជា «ជង្រុកស្រូវ» យ៉ាងរឹងមាំ។ ជាក់ស្ដែងសមិទ្ធផលដែលមន្ទីរកសិកម្មសម្រេចបានក្នុងឆ្នាំ២០២៥កន្លងទៅរួមមាន៖
*ផលិតកម្មស្រូវបានអនុវត្តដាំដុះលើផ្ទៃដីជាង ៤៦ម៉ឺនហិកតា ទទួលបានបរិមាណផលជិត ២លានតោន ក្រៅកាត់១៣%សម្រាប់ទុកពូជ ចិញ្ចឹមសត្វ នឹងហូប ចុក តុល្យភាពស្បៀងស្រូវនៅសល់សម្រាប់លក់ទៅតាមបណ្ដារោងម៉ាស៊ីន ក្នុងស្រុក និងលក់ទៅប្រទេសវៀតណាមឆ្នាំ២០២៥កន្លងទៅនេះ។
លោកបានបន្តថា តាមរយៈកិច្ចសហការរវាងគយ និងរដ្ឋាករ បានតក់តា្រស្ថិតិស្រូវនាំចេញទៅប្រទេសវៀតណាមបានជិត ៤លានតោន រួមទាំងស្រូវឆ្លងកាត់ គិតជាទឹកប្រាក់ប្រមាណ៦៤០លានដុល្លារ។ ការនាំចេញផ្លែស្វាយស្រស់ នាំចេញបានជិត២ម៉ឺនតោនទទួលបានចំណូល៣០លានដុល្លារ។
លោកបានបន្ថែមថា ចំពោះវិស័យជលផល ផលត្រីសរុបជាង ៥ម៉ឺនតោន ចំណូលពីវិស័យសត្វ គោ ក្របី ជ្រូក មាន់ទា មានចំណូលជាង២៥លានដុល្លារ។ ការងារសហគមន៍អភិវឌ្ឍន៍កសិកម្ម ខេត្តព្រៃវែងមានចំនួន ១៤២សហគមន៍ ជាមួយដើមទុនប្រមាណ ៧,២លានដុល្លារ។
សូមបញ្ជាក់ថា ជាការឆ្លើយតបនិងលទ្ធផលដែលសម្រេចបាន, លោក ហាស់ សារ៉េត បានផ្ដល់លិខិតសរសើរជូនដល់អង្គភាពនិងមន្រ្តីដែលមានស្នាដៃល្អ ដើម្បីជាការលើកទឹកចិត្តក្នុងការបន្តបេសកកម្មបម្រើវិស័យកសិកម្ម ឱ្យកាន់តែរីកចម្រើនថែមទៀត៕





















