អភិបាលក្រុងរុនតាឯកតេជោសែន ដឹកនាំកម្លាំងចម្រុះ និងសិស្សានុសិស្ស សម្អាតបរិស្ថាននៅតាមដងផ្លូវជាតិលេខ៦៧ ដើម្បីលើកកម្ពស់សោភ័ណភាពក្រុង

13-02-2026 14:21

(សៀមរាប)៖ លោក អ៊ឹង សុភ័ណ អភិបាលក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប នៅរសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ បានដឹកនាំកម្លាំងចម្រុះ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរិទ្ធិ និងយុវជនគណបក្សប្រជាជនកម្ពុជា ធ្វើយុទ្ធនាការសម្អាតបរិស្ថាននៅតាមដងផ្លូវជាតិលេខ៦៧ ចាប់ពីព្រំប្រទល់ស្រុកប្រាសាទបាគង រហូតដល់ព្រំប្រទល់ស្រុកបន្ទាយស្រី។

ក្នុងឱកាសនោះ លោក អ៊ឹង សុភ័ណ បានឱ្យដឹងថា គោលបំណងសំខាន់នៃយុទ្ធនាការនេះ គឺដើម្បីបណ្ដុះស្មារតីស្រឡាញ់បរិស្ថាន បំផុសគំនិតឱ្យប្រជាពលរដ្ឋ និងយុវជនចេះស្រឡាញ់ និងថែរក្សាអនាម័យក្នុងមូលដ្ឋាន។

លោកបន្តថា ត្រូវផ្សព្វផ្សាយយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើប្រាស់ថង់ប្លាស្ទិក» ឱ្យកាន់តែរីកសុសសាយ។ ជាពិសេស ជួយលើកកម្ពស់សោភ័ណភាព តាមរយៈការរៀបចំដងផ្លូវសាធារណៈឱ្យមានរបៀបរៀបរយ ដើម្បីទាក់ទាញភ្ញៀវទេសចរ និងផាសុកភាពរស់នៅផងដែរ។

លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកធ្វើដំណើរទាំងអស់ សូមបញ្ឈប់ការបោះចោលសំរាមពាសវាលពាសកាលតាមដងផ្លូវ និងទីសាធារណៈ។ ការចូលរួមរបស់បងប្អូន គឺជាគំរូដ៏ល្អសម្រាប់សង្គមជាតិ ព្រោះបរិស្ថានស្អាត នាំមកនូវសុខភាពល្អ និងសុភមង្គលក្នុងគ្រួសារ។

ជាមួយនេះ លោកបញ្ជាក់ថា យុទ្ធនាការនេះ មិនត្រឹមតែជាការសម្អាតប៉ុណ្ណោះទេ ប៉ុន្តែក៏ជាសារដាស់តឿនដល់គ្រប់មជ្ឈដ្ឋាន ឱ្យងាកមកចាប់អារម្មណ៍លើការគ្រប់គ្រងសំណល់ និងរួមគ្នាធ្វើឱ្យក្រុងរុនតាឯកតេជោសែន ក្លាយជាក្រុងដែលស្អាត និងមានបរិស្ថានបៃតងជានិរន្តរ៍៕