រដ្ឋបាលខេត្តកំពង់ចាម បើកកិច្ចប្រជុំបង្កើតគណៈកម្មការ ដើម្បីដឹកនាំរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ២០២៦
13-02-2026 14:20
(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីបង្កើតគណៈកម្មការដឹកនាំរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ២០២៦។
លោកអភិបាលខេត្ត បានថ្លែងថា កិច្ចប្រជុំនេះគឺជាការត្រៀមពីចម្ងាយ ក្នុងការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តកំពង់ចាម ដើម្បីអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នៅក្នុងខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ ។
អភិបាលខេត្ត បានបញ្ជាក់ថា ក្នុងកិច្ចប្រជុំនេះបន្ទាប់ពីឆ្លងយោបល់ក្នុងសេចក្តីព្រាងសម្រេច អង្គប្រជុំត្រូវពិភាក្សាគ្នា ដើម្បីកំណត់បំណែងចែកភារកិច្ច ដោយចាប់ផ្ដើមរៀបចំមុនពេលព្រឹត្តិការណ៍ ក្នុងពេលព្រឹត្តិការណ៍ និងក្រោយពេលព្រឹត្តិការណ៍ ទាំង៣ដំណាក់កាលនេះ ដែលយើងត្រូវគិតគូរចាប់តាំងពីការសមសាកល្បង មានដូចជា ការសម្ដែង ការដង្ហែក្បួន ពិធីបើក ពិធីបិទ ការរក្សាសន្តិសុខសណ្ដាប់ធ្នាប់ បូករួមទាំងការងារបរិស្ថានអនាម័យជាដើម និងក្រោយពេលព្រឹត្តិការណ៍ យើងត្រូវគិតគូររៀបចំ កែលម្អនូវចំណុចណាដែលមានបញ្ហាខ្វះខាត ឬក៏មានការខូចខាតអ្វីមួយ ដើម្បីជាបទពិសោធន៍ក្នុងការរៀបចំ នាឱកាសបុណ្យជាតិនាពេលខាងមុខៗ ទៀតផងដែរ៕









