រដ្ឋបាលខត្តតាកែវ៖ ទីតាំងអគារ Online Scams «សុភមិត្តរ៉េស៊ីដិន» នៅស្រុកបាទី ត្រូវបានបិទ និងពេលនេះជាកន្លែងឃុំខ្លួនបណ្តោះអាសន្នជនបរទេស ដើម្បីត្រៀមបណ្តេញចេញពីកម្ពុជា

13-02-2026 14:32

(តាកែវ)៖ រដ្ឋបាលខេត្តតាកែវ បានជូនដំណឹងថា ទីតាំងអគាររបស់ក្រុមហ៊ុនឈ្មោះ «សុភមិត្តរ៉េស៊ីដិន ឯ.ក» ស្ថិតនៅក្បាលដីលេខ១០២ ផ្លូវលំ ភូមិត្រយឹងខ្ពស់ ឃុំលំពង់ ស្រុកបាទី មានផ្ទៃដីចំនួន ៥ហិកតា ឃ្លាំង០១ និងអគារចំនួន ១៣ខ្នង ស្មើនឹង ៣៤៨បន្ទប់ ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត សហការជាមួយគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) សម្រេចបិទទីតាំងនេះ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥។

ពេលចុះបិទនោះដឹកនាំដោយនាយឧត្តមសេនីយ៍ ជួន សុវណ្ណ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអនុប្រធានលេខាធិការដ្ឋានប្រចាំការ គ.ប.ឆ.ប ព្រមទាំងមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន និងកងកម្លាំងប្រដាប់អាវុធពាក់ព័ន្ធ ក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តផងដែរ។

បច្ចុប្បន្នទីតាំងខាងលើ ត្រូវបានរាជរដ្ឋាភិបាលសម្រេចប្រគល់ជូនក្រសួងមហាផ្ទៃ ទុកប្រើប្រាស់ជាអគារសម្រាប់ឃុំខ្លួនបណ្តោះអាសន្នជនបរទេស ដើម្បីត្រៀមបណ្តេញចេញពីកម្ពុជា ស្ថិតក្រោមការគ្រប់គ្រងរបស់អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ។ នេះជាការបញ្ជាក់បន្ថែមរប​ស់រដ្ឋបាលខេត្តតាកែវ៕