រដ្ឋបាលខេត្តពោធិ៍សាត់ បំភ្លឺករណីហៅយុវជនតំបន់ថ្មដាណែនាំ ក្រោយធ្វើសកម្មភាពនៅតំបន់ដែលមានជម្លោះជាមួយថៃ

13-02-2026 14:37

(ពោធិ៍សាត់)៖ រដ្ឋបាលខេត្តពោធិ៍សាត់ បានចេញសេចក្ដីបំភ្លឺព័ត៌មាន បន្ទាប់ពីមានការចុះផ្សាយករណីហៅយុវជនតំបន់ថ្មដាដកបន្លាលួស នៅតំបន់មានជម្លោះទៅអប់រំណែនាំ។ នេះបើតាមសេចក្ដីបំភ្លឺដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦។

ពាក់ព័ន្ធការចុះផ្សាយខាងលើនេះ រដ្ឋបាលខេត្តពោធិ៍សាត់ បានពន្យល់យ៉ាងដូច្នេះថា៖

*១៖ ប៉ុន្មានថ្ងៃមុននេះ នៅទីតាំងផ្លូវបំបែកទៅខេត្តកោះកុងស្ថិតនៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ពិតជាមានភាគីថៃបានរាយបន្លាលួសប្រាកដមែន
*២៖ ដោយប្រកាន់ភ្ជាប់នូវគោលការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី សមត្ថកិច្ចរបស់ភាគីកម្ពុជា បានធ្វើការជួបពិភាក្សាជាមួយសមត្ថកិច្ចរបស់ភាគីថៃ កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ ដើម្បីរកដំណោះស្រាយ ហើយជាលទ្ធផលសមត្ថកិច្ចរបស់ភាគីថៃយល់ព្រម នឹងរុះរើបន្លាលួសនោះចេញវិញនៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦
*៣៖ ស្របពេលដែលសមត្ថកិច្ចរបស់ភាគីថៃរៀបចំចាត់ចែងក្នុងការរុះរើស្របតាមស្មារតី នៃការពិភាក្សាខាងលើ ក៏មានពួកយុវជនមកធ្វើការរុះរើដែលមានចរិតជាការសម្តែងយករូបភាពផ្សព្វផ្សាយមួយភ្លែត ក្នុងគោលដៅណាមួយតែប៉ុណ្ណោះ
*៤៖ ក្នុងស្មារតីប្រកាន់ភ្ជាប់នូវគោលការណ៍ដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី អាជ្ញាធរមូលដ្ឋានកម្ពុជា យើងមានការព្រួយបារម្ភនូវសកម្មភាពដែលឆ្គាំឆ្គងរបស់យុវជនទាំងនោះ ដោយហេតុថាកិច្ចការងារនេះ នៅតែដំណើរការអនុវត្តជាក់ស្តែងតែប៉ុណ្ណោះ ព្រោះសមត្ថកិច្ចរបស់ភាគីកម្ពុជា យើងបានជួបធ្វើការងារ ជាមួយសមត្ថកិច្ចរបស់ភាគីថៃរួចរាល់ហើយ
*៥៖ ទោះជាយ៉ាងណាអាជ្ញាធរមូលដ្ឋាន នៅតែមានការកោតសរសើរចំពោះសកម្មភាពស្នេហាជាតិ មាតុភូមិរបស់ប្រជាពលរដ្ឋកម្ពុជាយើង ប៉ុន្តែពុំត្រូវបញ្ចេញសកម្មភាព ក្នុងកាយវិការណាមួយដែលតាំងខ្លួនជា តួឯក ហើយអាចក្លាយជាកម្លាំងចលករក្នុងការបង្កើនកម្ដៅនៃជម្លោះព្រំដែននោះទេ
*៦៖ រដ្ឋបាលខេត្តពោធិ៍សាត់ ពិតជាមានការសោកស្តាយចំពោះសកម្មភាពរបស់ប្អូនៗយុវជន ដែលចង់ បង្ហាញពីទឹកចិត្ដស្នេហាជាតិហួសហេតុ និងខុសពេលវេលា៕