អ្នកស្រុកពារាំង ត្បាញកន្ទេលលើកស្ទួយជីវភាព និងចូលរួមអភិរក្សអត្តសញ្ញាណវប្បធម៌ខ្មែរ
13-02-2026 15:11
(ព្រៃវែង)៖ លោកស្រី ម៉េច រស់នៅភូមិខ្សុំជើង ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង បានឲ្យដឹងថា នៅតាមភូមិជាច្រើន ស្រ្តី និងមនុស្សចាស់តែងយកពេលទំនេរបន្ទាប់ពីការងារស្រែចម្ការ មកអង្គុយត្បាញកន្ទេលក្រោមផ្ទះ ឬមុខផ្ទះដើម្បីបានប្រាក់ចំណូលផ្គត់ផ្គង់ជីវភាពបន្ថែម។
ជាមួយគ្នានេះ ពួកគាត់ពេលខ្លះ នាំគ្នាមកត្បាញនៅក្នុងបរិវេណវត្ត ដើម្បីប្រគេនព្រះសង្ឃនៅវត្តខ្សុំជើង ប្រើប្រាស់ដើម្បីបានអានិសង្ឃទៅថ្ងៃខាងមុខ ដោយប្រើឧបករណ៍សាមញ្ញ និងជំនាញដៃផ្ទាល់។ កន្ទេលមួយអាចចំណាយពេលពីបីថ្ងៃទៅបួនថ្ងៃ ឬច្រើនជាងនេះ អាស្រ័យលើទំហំ និងលំនាំ។
លោកស្រី ម៉េច បានបន្តថា ការត្បាញកន្ទេលជួយឲ្យគ្រួសារមានប្រាក់ចំណូលបន្ថែម សម្រាប់ចំណាយប្រចាំថ្ងៃ និងការសិក្សាកូនៗ។ ការធ្វើមិនសូវលឿនទេ ប៉ុន្តែអាចលក់បានជាបន្តបន្ទាប់ ជួយសម្រាលជីវភាពបានច្រើន។
លោកស្រី ម៉េច បានឲ្យដឹងទៀតថា ជាទូទៅ កន្ទេលត្រូវបានផលិតពីស្មៅកក់ ឬផ្តៅ ដែលដុះច្រើនតាមវាលទំនាប និងតំបន់ជិតបឹងទន្លេ។ បន្ទាប់ពីប្រមូលផល ប្រជាពលរដ្ឋយកស្មៅទៅហាលថ្ងៃឲ្យស្ងួត ច្រាស់សម្អាត បំបែកជាសរសៃតូចៗ ហើយខ្លះយកទៅលាបពណ៌ ដើម្បីបង្កើតលំនាំស្រស់ស្អាត មុននឹងចាប់ផ្តើមត្បាញជាកន្ទេល។
លោកស្រី ម៉េច ក៏បានបន្ថែមទៀតថា ការត្បាញកន្ទេលមាន៣ដំណាក់កាល៖
*១៖ ការរៀបចំវត្ថុធាតុដើម កាប់ស្មៅកក់ ឬផ្តៅ ហាលថ្ងៃឲ្យស្ងួត,ច្រាស់ និងបំបែកជាសរសៃតូចៗខ្លះយកទៅលាបពណ៌ធម្មជាតិ ឬពណ៌ផ្សេងៗ។
*២៖ ការរៀបចំត្បាញ ដាក់សរសៃជួរទទឹង និងបណ្តោយប្រើដៃ ឬឧបករណ៍ឈើត្បាញបញ្ចូលគ្នាជាលំនាំ។
*៣៖ ការបង្កើតលំនាំផ្ទាល់ធម្មតា។ លំនាំឆើតឆាយ ឬពណ៌ចម្រុះ លំនាំផ្កា ឬរាងធរណីមាត្រ។ លំនាំទាំងនេះបង្ហាញពីភាពច្នៃប្រឌិត និងអត្តសញ្ញាណតំបន់នីមួយៗ។
ន្ទេលក៏មានអត្ថប្រយោជន៍ជាច្រើន ដូចជា ស្រាល ងាយដឹកជញ្ជូន ត្រជាក់ពេលសម្រាន្ត ផលិតពីវត្ថុធាតុធម្មជាតិ មិនប៉ះពាល់បរិស្ថាន និងអាចប្រើប្រាស់បានយូរ។ ហេតុនេះហើយ កន្ទេលនៅតែជារបស់ប្រើប្រាស់ពេញនិយម ទាំងក្នុងគេហដ្ឋាន និងក្នុងពិធីបុណ្យប្រពៃណីផ្សេងៗ។
បច្ចុប្បន្ននេះ សិប្បកម្មត្បាញកន្ទេលក៏ក្លាយជាផលិតផលទេសចរណ៍មួយផងដែរ ដោយមានភ្ញៀវជាតិ និងអន្តរជាតិចូលចិត្តទិញជាវត្ថុអនុស្សាវរីយ៍។ សហគមន៍ខ្លះបានបង្កើតជាក្រុមសិប្បកម្ម ឬសហគ្រាសតូចៗ ដើម្បីផលិតជាប្រព័ន្ធ និងពង្រីកទីផ្សារ បង្កើនប្រាក់ចំណូល និងបង្កើតការងារជូនប្រជាជនមូលដ្ឋាន។
ការត្បាញកន្ទេល ជាសិប្បកម្មប្រពៃណីខ្មែរដែលមានប្រវត្តិយូរអង្វែង តាំងពីបុរាណកាលមក ហើយនៅតែបន្តរក្សាទុក និងអនុវត្តយ៉ាងសកម្មនៅតាមសហគមន៍ជនបទជាច្រើន។ សិប្បកម្មមួយនេះ មិនត្រឹមតែជាគ្រឿងប្រើប្រាស់ប្រចាំថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមុខរបរបន្ថែមចំណូល និងជាបេតិកភណ្ឌវប្បធម៌ដ៏មានតម្លៃសម្រាប់ប្រជាពលរដ្ឋខ្មែរ។
ការអភិរក្ស និងលើកកម្ពស់សិប្បកម្មប្រពៃណី ដូចជាការត្បាញកន្ទេល គឺមានសារៈសំខាន់ក្នុងការថែរក្សាអត្តសញ្ញាណវប្បធម៌ជាតិ និងជំរុញសេដ្ឋកិច្ចសហគមន៍ឲ្យរីកចម្រើន។
ការត្បាញកន្ទេល មិនត្រឹមតែជាការងារដៃបុរាណប៉ុណ្ណោះទេ ប៉ុន្តែជាកេរ្តិ៍មរតកវប្បធម៌ ដែលបង្ហាញពីភាពឧស្សាហ៍ព្យាយាម ប្រាជ្ញា និងការច្នៃប្រឌិតរបស់ប្រជាជនខ្មែរ ដែលគួរតែបន្តអភិរក្ស និងបន្តបង្រៀនទៅកាន់អ្នកជំនាន់ក្រោយឲ្យបានយូរអង្វែង៕










